(សៀមរាប)៖ ក្រោយសម្រេចបានជោគជ័យគួរជាទីមោទនៈក្នុងការរៀបចំព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia កាលពីខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ ក្រសួងទេសចរណ៍ ក្រុមហ៊ុន ជីប ម៉ុង រួមជាមួយស្ថាប័ន អង្គភាព និងដៃគូពាក់ព័ន្ធ បានសហការគ្នារៀបចំកម្មវិធី Post Gumball 3000 រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៥ ខែវិច្ឆិកា នៅខេត្តសៀមរាប ដើម្បីអបអរសាទរចំពោះភាពជោគជ័យរបស់កម្ពុជា ពិសេសគឺដើម្បីទទួលវិញ្ញាបនបត្របញ្ជាក់ពីការបំបែកកំណត់ត្រាពិភពលោក «ការតាំងបង្ហាញរថយន្ត SUPER CARS / HYPER CARS ច្រើនជាងគេបំផុតលើពិភពលោក» ពីស្ថាប័ន Giunness World Records ផងដែរ។

គួររំឭកថា ដោយទទួលបានការអនុញ្ញាតពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងទេសចរណ៍បានសហការជាមួយក្រុមហ៊ុន ជីប ម៉ុង និងជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធរៀបចំព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ព្រឹត្តិការណ៍ខាងលើនេះ មានរថយន្តចូលរួមសរុប៣៤៩គ្រឿង ក្នុងនោះរថយន្តប្រតិភូ Gumball 3000 កម្ពុជា មានចំនួន២៤៦គ្រឿង អមដោយប្រតិភូ Gumball 3000 ប្រមាណ៥៦៣នាក់ (ប្រតិភូ Gumball 3000 កម្ពុជា ប្រមាណ៣៥០នាក់)។

អាចនិយាយបានថាជាមុខមាត់កម្ពុជាទាំងមូលដែលសម្រេចជោគជ័យក្នុងការព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia រយៈពេល៣ថ្ងៃនោះ និងទទួលបានការការកោតសរសើរមិនដាច់ពីមាត់ពីសំណាក់លោក Maximillion Cooper នាយកប្រតិបត្តិ និងស្ថាបនិក Gumball 3000 ក៏ដូចជាប្រតិភូ Gumball 3000 អន្តរជាតិដទៃទៀត ចំពោះការរៀបចំ ការសហការ ការទទួលបដិសណ្ឋារកិច្ច សុវត្ថិភាព ស្នាមញញឹមរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា ហើយអ្វីដែលសំខាន់បំផុតនោះ គឺប្រទេសកម្ពុជាពោរពេញដោយសុខសន្តិភាព និងកិច្ចសហប្រតិបត្តិការយ៉ាងល្អពិសេស។

ថ្លែងក្នុងឱកាសបើកកម្មវិធី Post Gumball 3000 នារាត្រីថ្ងៃទី២៣ ខែវិច្ឆិកា ដែលរៀបចំឡើងនៅសួនច្បារមុខព្រះរាជដំណាក់ក្រុងសៀមរាប លោកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកពហុពាណិជ្ជកម្មនៃក្រុមហ៊ុន ជីប ម៉ុង បានឱ្យដឹងថា ដើម្បីពាំនាំផ្សព្វផ្សាយបង្ហាញនូវភាពជោគជ័យរបស់កម្ពុជា និងការកោតសរសើរពីសំណាក់ប្រតិភូអន្តរជាតិ ជូនដល់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរអន្តរជាតិ កម្មវិធី Post Gumball 3000 ក៏ត្រូវបានរៀបចំឡើងនៅលើទឹកដីសៀមរាប-អង្គរ ដែលដាមជាប់ស្នាមកង់រថយន្តរបស់ប្រតិភូ Gumball 3000 ទាំងជាតិនិងអន្តរជាតិ កាលពីខែកញ្ញាកន្លងទៅ ហើយក៏ជាគោលដៅទេសចរណ៍ដ៏ចម្បងបំផុតមួយរបស់កម្ពុជា ដែលភ្ញៀវទេសចរទូទាំងពិភពលោកប្រាថ្នាចង់មកទស្សនា។

លោកឧកញ៉ា លាង ពៅ (ភីធើរ) ក៏បានរំឭកពីភាពជោគជ័យនៃគោលបំណងចម្បងៗចំនួន៤ នៃការរៀបចំព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia កាលពីខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ ហើយក៏ជាឧត្តមប្រយោជន៍គួរជាទីមោទនៈសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល ក្នុងនោះរួមមាន៖

* គោលបំណងធំទី១ ជាយុទ្ធនាការលើកស្ទួយវិស័យទេសចរណ៍៖
ព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia ត្រូវបានចាត់ទុកថានឹងចូលរួមលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ដោយសារប្រតិភូដែលចូលរួមក្នុងព្រឹត្តិការណ៍នេះសុទ្ធតែអភិជន អ្នកជំនួញល្បីៗ តារាភាពយន្តហូលីវូដ តារារ៉េប យូធ្យូបើរ តារាចម្រៀង តន្ត្រីករ មកពីចក្រភពអង់គ្លេស សហរដ្ឋអាមេរិក អូស្ត្រាលី បណ្ដាប្រទេសនៅអឺរ៉ុប បណ្ដាប្រទេសនៅអាស៉ី សរុបទៅគឺមានជាង៤០សញ្ជាតិ ដែលមានកិត្តិយសកេរ្តិ៍ឈ្មោះល្បីរន្ទឺ មានប្រជាប្រិយភាពនិងឥទ្ធិពលក្នុងបណ្ដាញសង្គម ដែលពួកគាត់នឹងធ្វើដំណើរជាមួយនឹងរថយន្តទំនើបៗប្រណីតៗ បូករួមជាមួយរថយន្តរបស់មហាជនក្នុងប្រទេសកម្ពុជា ពោលគឺមានរថយន្តចូលរួមសរុប៣៤៩គ្រឿង ក្នុងនោះរថយន្តប្រតិភូ Gumball 3000 កម្ពុជា មានចំនួន២៤៦គ្រឿង អមដោយប្រតិភូ Gumball 3000 ប្រមាណ៥៦៣នាក់ (ប្រតិភូ Gumball 3000 កម្ពុជា ប្រមាណ៣៥០នាក់)។ ប្រតិភូអន្តរជាតិដែលចូលរួមក្នុងព្រឹត្តិការណ៍ Gumball 3000 នេះ គឺសុទ្ធតែមានបណ្ដាញទំនាក់ទំនងសង្គម មានអ្នកគាំទ្ររាប់លាននាក់ ហើយនៅពេលចូលរួមក្នុងព្រឹត្តិការណ៍ Gumball 3000 ម្ដងៗ គឺមានអ្នកតាមដានទស្សនាមិនតិចជាង១០ពាន់លានដង (+10 billions views) នោះឡើយ ពិសេសនៅលើ Facebook​, TikTok, YouTube, Instagram, X, និងតាមរយៈបណ្ដាញសង្គមផ្សេងៗទៀត។ ពិសេសលើសពីនេះ នៅពេលបញ្ចប់ព្រឹត្តិការណ៍ Gumball 3000 នឹងផលិតចេញជាវីដេអូឯកសារមួយ ដើម្បីចាក់ផ្សាយនៅលើ Netflix ខណៈ Netflix នេះ គឺមាន Subscriber ដល់ទៅជាង១០០ប្រទេសជុំវិញពិភពលោក។

* គោលបំណងធំទី២ ជាយុទ្ធការសប្បុរសធម៌៖
តាមរយៈព្រឹត្តិការណ៍ Gumball 3000 នេះ ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល និងក្រុមហ៊ុន ជីប ម៉ុង គ្រុប បានសហការរៃអង្គាសថវិកាពីមហាជនដែលចូលរួមជាមួយព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia ដើម្បីប្រមូលថវិកទាំងនោះបរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។ ការបញ្ជាក់ច្បាស់ៗពីលោកឧកញ៉ា លាង ពៅ (ភីធើរ) Gumball 3000 Rally in Cambodia បានរៃអង្គាសថវិកានិងបានប្រគល់ជូនមន្ទីរពេទ្យកុមារអង្គររហូតដល់៤៥ម៉ឺនដុល្លារ ពោលគឺលើសការសន្យានៅមុនព្រឹត្តិការណ៍ ដែលកាលណោះមានការសន្យាថានឹងប្រមូលថវិកាសប្បុរសធម៌ ប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរឱ្យបានយ៉ាងតិច២០ម៉ឺនដុល្លារ។

* គោលបំណងធំទី៣ ជាជំនួបធុរកិច្ចរវាងពាណិជ្ជករជាតិនិងអន្តរជាតិ៖
ព្រឹត្តិការណ៍ Gumball 3000 ក៏ជាឱកាសជំរុញការវិនិយោគ ពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ចកិច្ចផងដែរ ដោយសារគណៈប្រតិភូដែលចូលរួមក្នុងព្រឹត្តិការណ៍ Gumball 3000 នេះ គឺមានប្រហែលជាង៤០ភាគរយសុទ្ធតែជាពាណិជ្ជករធំៗ និងជាសេដ្ឋីប្រាក់លានដុល្លារ ដែលនឹងជួបពិភាក្សាផ្នែកធុរកិច្ចជាមួយពាណិជ្ជករក្នុងស្រុក ដើម្បីទាក់ទាញការវិនិយោគមកកាន់កម្ពុជានាពេលខាងមុខ។ ការបញ្ជាក់របស់លោកឧកញ៉ា លាង ពៅ (ភីធើរ) តាមរយៈការធ្វើដំណើររបស់លោកនិងក្រុមការងារក្នុងព្រឹត្តិការណ៍ Gumball 3000 តាំងពីប្រទេសកម្ពុជាទៅដល់ប្រទេសសិង្ហបុរីនោះ គឺបានជួបពិភាក្សាជាមួយប្រតិភូ Gumball 3000 អន្តរជាតិមួយចំនួនដែលសុទ្ធតែជាសេដ្ឋីវាល់លាន ដើម្បីលើកឡើងពីឱកាសវិនិយោគ សក្ដានុពលទាក់ទាញ និងការសហការក្នុងភាពដៃគូពាណិជ្ជកម្មនិងវិនិយោគនៅកម្ពុជា ក្នុងនោះមានព្រះអង្គម្ចាស់នៅឌូបៃនឹងដឹកនាំប្រតិភូ YPO (Young Presidents' Organization) មកកាន់កម្ពុជា ដើម្បីជួបពិភាក្សាលើវិស័យពាណិជ្ជកម្មនិងធុរកិច្ចជាមួយដៃគូឯកជនរបស់កម្ពុជា ពោលយ៉ាងត្រឹមខែមករា ឬខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ។

* គោលបំណងទី៤ គឺការបង្កើតកំណត់ត្រាពិភពលោកហ្គីណេស
ក្រសួងទេសចរណ៍ ក្រុមហ៊ុន ជីប ម៉ុង គ្រុប ក៏ដូចជាដៃគូសហការនានាបានពិគ្រោះយោបល់គ្នាថា នឹងខិតខំកៀរគរមហាជនដែលមានរថយន្ត Luxury car, Sport car ពិសេសរថយន្ត Super car, Hyper car ជាដើមនោះ ចូលថតជាមួយគ្នានៅមុខប្រាសាទអង្គរវត្ត ដើម្បីបំបែកកំណត់ត្រាពិភពលោកហ្គីណេស «ការតាំងបង្ហាញរថយន្ត SUPER CARS / HYPER CARS ច្រើនជាងគេបំផុតលើពិភពលោក» ដែលជ្រើសរើសទីតាំងនៅមុខប្រាសាទអង្គរវត្ត»។ យុទ្ធនាការនេះជាការខិតខំសហការ សាមគ្គីរបស់ប្រតិភូ Gumball 3000 ទាំងអស់ក្នុងការចូលរួមសម្រេចបាននូវការបំបែកកំណត់ត្រាដ៏មានកិត្តិយសនេះ។ ជាក់ស្ដែង នារាត្រីថ្ងៃទី២៣ ខែវិច្ឆិកានេះដែរ ស្ថាប័នពិភពលោក Giunness World Records ក៏បាននាំយកវិញ្ញាបនបត្របញ្ជាក់ពីការបំបែកឯតទគ្គកម្ម «ការតាំងបង្ហាញរថយន្ត SUPER CARS / HYPER CARS ច្រើនជាងគេបំផុតលើពិភពលោក» ជូនតំណាងកម្ពុជា ក្រោមអធិបតីភាពលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

ប្រយោគសារដ៏ពិសេសមួយដែលលោកឧកញ៉ាតែងបន្លឺឡើង «Gumball ដើម្បីទេសចរណ៍»។ បើតាមលោកឧកញ៉ា លាង ពៅ (ភីធើរ) ក្នុងការរៀបចំព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia រយៈពេល៣ថ្ងៃកាលពីខែកញ្ញាកន្លងទៅនោះ ក្រុមហ៊ុន ជីប ម៉ុង គ្រុប ចំណាយថវិកាប្រមាណ៤០ម៉ឺនដុល្លារ។

ជាមួយគ្នានោះដែរ លោករដ្ឋមន្ត្រី ហួត ហាក់ បានចាត់ទុកព្រឹត្តិការណ៍លំដាប់ថ្នាក់អន្តរជាតិនេះ ជាការចូលរួមផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា ព្រមទាំងបង្ហាញឱ្យពិភពលោកស្គាល់ច្បាស់ពីកម្ពុជាថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាជាប្រទេសមួយដែលមានសុខសន្តិភាពពេញលេញ មានស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ដែលបង្កបរិយាកាសអនុគ្រោះ ផ្តល់ភាពងាយស្រួលភាពកក់ក្តៅ និងស្នាមញញឹមជូនទេសចរគ្រប់រូប។

លោករដ្ឋមន្ត្រីបានបន្តថា ព្រឹត្តិការណ៍ជាលក្ខណៈអន្តរជាតិនេះ ជាសក្ខីកម្មបញ្ជាក់និងបង្ហាញឱ្យពិភពលោកបានឃើញនិងស្គាល់ថាកម្ពុជាជា «ប្រទេសតូច តែមានបេះដូងធំ» ដោយមានសមត្ថភាពរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យទាំងនេះ និងព្រឹត្តិការណ៍ធំៗផ្សេងទៀតជាលក្ខណៈអន្តរជាតិ។

សូមជម្រាបថា ក្រៅពីពិធីប្រគល់ទទួលវិញ្ញាបនបត្រពីការបំបែកឯតទគ្គកម្ម «ការតាំងបង្ហាញរថយន្ត SUPER CARS / HYPER CARS ច្រើនជាងគេបំផុតលើពិភពលោក» ក៏មានកម្មវិធីប្រគំតន្ត្រីមហាជនចំនួន២យប់ ដែលឃើញថាមានប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលរួមទស្សនាកម្សាន្តយ៉ាងច្រើនកុះករ។ ក្រៅពីនេះ ប្រតិភូ Gumball កម្ពុជា ក៏បានបើករថយន្តចូលទស្សនាប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ ទស្សនានៅ Pub Street ទស្សនកិច្ចនៅមន្ទីរពេទ្យកុមារអង្គរ ដែលជាសកម្មភាពផ្សព្វផ្សាយបន្ថែមពីគោលដៅទេសចរណ៍នៅទឹកដីសៀមរាប-អង្គរដ៏បវរនៃយើង៕