(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានរៀបចំការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ និងសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ ឲ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល។ ដើម្បីជាសក្ខីភាពនៃការចាប់ផ្ដើម ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវិញ្ញាសារជានិមិត្តរូប។
បន្ទាប់ពីបញ្ចប់ការប្រឡងជ្រើសរើសសិស្ស មន្ដ្រីកសិកម្មឃុំ និងមន្ដ្រីអគ្គនាយកដ្ឋានរតនាគារជាតិ ដោយរលូន និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ក្រសួងមុខងារសារធារណៈ បានបន្តរៀបចំការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ចំនួន ៥០កន្លែង មានបេក្ខជនមានឈ្មោះ ប្រឡងចំនួន ២៧៧៥នាក់ និងសិស្សមន្ត្រីក្រមការចំនួន ១៨០កន្លែង មានបេក្ខជនមានឈ្មោះ ប្រឡងចំនួន ៨១៧៣នាក់។
សូមជម្រាបថា ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ ចាប់ផ្តើមនៅវេលាម៉ោង ៨:០០នាទីព្រឹក ដោយប្រឡងវិញ្ញាសាពហុចម្លើយភាសាអង់គ្លេស ឬភាសាបារាំង និងវិញ្ញាសាពហុចម្លើយចំណេះដឹង។
ដោយឡែក ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ ចែកចេញជាពីរវេនគឺ វេនទី១ ចាប់ផ្តើមនៅម៉ោង ១៤:០០នាទី ដល់ម៉ោង ១៥:៣០នាទី និងវេនទី២ ចាប់ផ្តើមនៅម៉ោង ១៦:៣០នាទី ដល់ម៉ោង ១៨:០០នាទី ដោយប្រឡងលើវិញ្ញាសាពហុចម្លើយចំណេះដឹងទូទៅ។
ក្នុងដំណើការប្រឡង និងដំណាក់កាលកំណែ ក្រោយការប្រឡងគឺមានការចូលរួមសង្កេតការណ៍ជាប្រចាំពី អង្គភាពប្រឆាំងអំពើពុករលួយចំនួន ២៤១រូប សហភាពសហព័ន្ធយុវជនកម្ពុជាចំនួន ២០នាក់ តំណាងសាកលវិទ្យាល័យចំនួន ១០ស្ថាប័ន តំណាងមហាជនចំនួន ១០នាក់ក្នុងមួយមណ្ឌល អ្នកសារព័ត៌មានចំនួន១០ស្ថាប័ន និងយន្តការផ្ទៃក្នុងរបស់គណៈកម្មការប្រឡង គឺអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ។
សូមបញ្ជាក់ថា ការប្រឡងប្រជែងជ្រើសរើសមន្រ្តីទាំងនេះ នឹងឈរលើគោលការណ៍ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព៕