(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានផ្ញើសារលិខិតអបអរសាទរជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា នាឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាល និងជាមហាកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុតដែល សម្តេចតេជោ ត្រូវបានជ្រើសរើសជាជ័យលាភីពានរង្វាន់សតវត្សរ៍អាស៊ីរបស់អោយកាប់ (ICAPP Asian Century Award) នាឱកាសនៃមហាសន្និបាតនៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្ស នយោបាយអាស៊ី (ICAPP) លើកទី១២ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
តាមរយៈសារលិខិតរបស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ពានរង្វាន់នេះពិតជាទទួលស្គាល់តួនាទី និងការរួមចំណែកយ៉ាងសំខាន់បំផុតរបស់ សម្តេចតេជោ ក្នុងនាមជាស្ថាបត្យករ ជាប្រតិបត្តិករ និងជាអ្នកការពារសន្តិភាព មិនត្រឹមតែសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងសម្រាប់មនុស្សជាតិជារួមផងដែរ។ តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោ កម្ពុជា ទទួលបានសុខសន្តិភាព ស្ថិរភាព ឯកភាពជាតិ និងវិបុលភាពពេញលេញដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។ ជាងនេះទៅទៀត សម្តេចតេជោ មានបុរេសកម្មភាពយ៉ាងខ្លាំង ដោយបានរួមចំណែកយ៉ាងសំខាន់ក្នុង ការចូលរួមស្វែងរកសន្តិភាពអន្តរជាតិ តាមរយៈការធ្វើឱ្យស៊ីជម្រៅនូវសមាហរណកម្ម និងការតភ្ជាប់ក្នុងតំបន់ ការកសាងសហគមន៍អាស៊ី ការពង្រឹងតួនាទីស្នូលរបស់អាស៊ី ដោយបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅ គ្រប់ទិសទីនៃពិភពលោកក្រោមក្របខណ្ឌអង្គការសហប្រជាជាតិ»។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបន្ដថា បទពិសោធនៃការកសាង និងសន្តិភាពដែលកំពុងរស់រាននៅកម្ពុជាមានតម្លៃមិនអាចកាត់ថ្លៃបាន មិនត្រឹមតែសម្រាប់កម្ពុជាប៉ុណ្ណោះទេ តែសម្រាប់ពិភពលោកទាំងមូល ហើយត្រូវបានសហគមន៍អន្តរជាតិ ជាពិសេសអង្គការអោយកាប់ (ICAPP) ផ្តល់តំលៃយ៉ាងធំធេង និងទទួលស្គាល់ថាជាគំរូសន្តិភាពរបស់ ពិភពលោក សម្រាប់យកមកសិក្សាស្វែងយល់ និងដកបទពិសោធ។
បន្ថែមពីនេះ សម្តេច ក៏បានបន្ដទៀតថា ពានរង្វាន់មួយនេះ ក៏បានទទួលស្គាល់ផងដែរនូវការលះបង់ និងការខិតខំប្រឹងប្រែងឥតឈប់ឈរ និងដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួនរបស់ ប្រជាជនកម្ពុជាក្នុងកសាង ពូនជ្រំ និងថែរក្សាសន្តិភាព។
ឆ្លៀតក្នុងឱកាសនេះដែរ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក៏សូមគោរពជូនពរ សម្តេចតេជោ មានសុខភាពល្អ បរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ ពលានុភាពមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ និងសូមទទួលបាននូវ ជោគជ័យថ្មីៗធំធេងថែមទៀតក្នុងការបន្តដឹកនាំមាតុភូមិកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព វិបុលភាព និងវឌ្ឍនភាពលើគ្រប់វិស័យជារៀងដរាប៕
ខាងក្រោមនេះ ជាសារលិខិតអបអរសាទររបស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖