(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានផ្ញើសារលិខិតអបអរសាទរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា នាឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាល និងជាមហាកិត្តិយសដ៏ឧត្តុង្គឧត្តម បំផុតដែល សម្តេចធិបតី ត្រូវបានជ្រើសរើសជាជ័យលាភីពានរង្វាន់សតវត្សរ៍អាស៊ីរបស់អោយកាប់ (ICAPP Asian Century Award) នាឱកាសនៃមហាសន្និបាតនៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្ស នយោបាយអាស៊ី(ICAPP) លើកទី១២ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ។
នាឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលនេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ពានរង្វាន់នេះពិតជាទទួលស្គាល់តួនាទី និងការរួមចំណែកយ៉ាងសំខាន់បំផុតរបស់ សម្តេចធិបតី ដែលជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដ៏ឆ្នើមមួយ រូប ប្រកបដោយសក្តានុពល ទាំងចំណេះដឹងនិងសមត្ថភាព ស្វាហាប់រស់រវើក ទំនួលខុសត្រូវខ្ពស់ មាន ប្រជាប្រិយភាពខ្លាំងក្លា និងបានលះបង់យកអស់កម្លាំងកាយចិត្ត ដឹកនាំប្រទេសឱ្យកាន់តែមានវិបុលភាព និងការរីកចម្រើនលើគ្រប់វិស័យបន្តពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានធ្វើពលិកម្ម គ្រប់បែបយ៉ាងសូម្បីជីវិត សម្តេច ផ្ទាល់ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា»។
ម្តេចរដ្ឋសភាធិបតី បានបន្ដថា យើងខ្ញុំមានជំនឿជាក់យ៉ាងមុតមាំថា គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី នឹងបន្តបំពេញបេសកកម្មជាតិដ៏ថ្លៃថ្លា ប្រកបដោយឧត្តមគតិ និងការប្តេជ្ញាចិត្តដ៏មុះមុត តាមរយៈការជំរុញអនុវត្តឱ្យបានជោគជ័យនូវ «យុទ្ធសាស្ត្របញ្ចកោណ» ព្រមទាំងកម្មវិធីគោលនយោបាយអាទិភាព និងវិធានការគន្លឹះផ្សេងៗ ដើម្បីបន្តពុះពារបម្រើនិងការពារនូវឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាគ្រប់កាលៈទេសៈ ស្របតាមឆន្ទៈ និង បំណងប្រាថ្នារបស់ប្រជាជន ក៏ដូចជាលើកស្ទួយកិត្យានុភាពជាតិទាំងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។
ឆ្លៀតក្នុងឱកាសនេះដែរ ម្តេចរដ្ឋសភាធិបតី បានបន្ថែមថា យើងខ្ញុំទាំងអស់គ្នាសូមគោរពជូនពរ សម្តេចធិបតី មានសុខភាពល្អ បរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ ពលានុភាពមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ និងសូមទទួលបាននូវ ជោគជ័យថ្មីៗធំធេងថែមទៀតក្នុងការបន្តដឹកនាំមាតុភូមិកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព វិបុលភាព និងវឌ្ឍនភាព លើគ្រប់វិស័យជារៀងដរាប៕
ខាងក្រោមនេះ ជាសារលិខិតអបអរសាទររបស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖