(កំពត)៖ លោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំសមាជិកាក្រោមក្រវាទពាក់ព័ន្ធ នាំយកអំណោយ និងគ្រឿងបរិក្ខារ ទៅចែកជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិតេជោពង្រក ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ចំនួន ១៤៥គ្រួសារ និងសិស្សានុសិស្សសាលាបឋមសិក្សាតេជោពង្រក ចំនួន២១២នាក់។

នាឱកាសនោះ លោកស្រីប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត បានសំដែងក្តីរំភើបរីករាយ និងបានពាំនាំការផ្ដាំផ្ញើរសួរសុខទុក្ខពីសំណាក់ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ជូនចំពោះ បងប្អូនប្រជាពលរដ្ឋ និងកូនក្មួយសិស្សានុសិស្ស ដែលបានចូលរួមក្នុងពិធីចែកកញ្ចប់ «ចាស់អ្នកថ្មីខ្ញុំ» ពីសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពតនាពេលនេះ។

លោកស្រីប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពតបានបញ្ជាក់ថា ក្រោមការដឹកនាំ ដ៏ប៉ិនប្រសប់របស់លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា លោកជំទាវតែងតែបានផ្តល់នូវអនុសាសន៍ដឹកនាំល្អៗ សំរាប់ដំណើរការយុទ្ធនាការ «ចាស់អ្នកថ្មីខ្ញុំ» ដើម្បីចែកជូនសំលៀកបំពាក់ និងសម្ភារដែលសាខាខេត្តកំពត ទទួលបានពីប្រអប់សប្បុរសធម៌ «ចាស់អ្នកថ្មីខ្ញុំ» ជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ដែលមានតម្រូវការចាំបាច់ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។

ទន្ទឹមនេះ លោកស្រីប្រធានក្រុមប្រឹក្សាសមាគម បានបញ្ជាក់ថា គោលបំណងរបស់យុទ្ធនាការ «ចាស់អ្នកថ្មីខ្ញុំ» គឺមានគោលបំណងចំនួន៤ រួមមាន៖

*១- គឺដើម្បីជួយដល់សង្គម ដោយធ្វើការបរិច្ចាគសម្ភារ ដែលប្រើប្រាស់រួច តែនៅមានគុណភាពល្អ បន្តទៅដល់អ្នកខ្សត់ខ្សោយ ដែលមានតម្រូវការ។

*២- គឺដើម្បីបំផុសការរួបរួមសាមគ្គីគ្នា របស់ប្រជាពលរដ្ឋខ្មែរ ដើម្បីខ្មែរ ខ្មែរជួយខ្មែរ ខ្មែរ ស្រលាញ់ខ្មែរ ក្នុងការជួយដល់អ្នកដែលខ្វះខាត ដើម្បីសង្គមជាតិយើងកាន់តែមានភាពប្រសើរ។

*៣- ដើម្បីជួយដល់បរិស្ថាន ដោយកាត់បន្ថយការបោះចោលសំរាមនៅទីលានចាក់សំរាម ខណៈដែលសម្ភារទាំងនោះ នៅមានគុណភាពល្អអាចប្រើប្រាស់បន្តបាន និងអាចជួយដល់បរិស្ថាន នៅតាមគេហដ្ឋាន របស់សប្បុរជនដែលបានចូលរួម។

*៤- គឺជួយដល់សេដ្ឋកិច្ចជាតិក្នុងការកែច្នៃកាកសំណល់ និងការពង្រីកទីលានចាក់សំរាម ជួយដល់អ្នកដែលខ្វះខាត ដោយពុំចាំបាច់ចំណាយថវិកាទិញសម្ភារថ្មី។

សូមរំលឹកថា ចាប់តាំងពីថ្ងៃទី១២ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពតទទួលបានសំលៀកបំពាក់ និងសម្ភារៈប្រើប្រាស់ចំនួន១០បាវ និងបានធ្វើការចែកជូនលើកទី១ ដល់ឪពុក ម្ដាយកូនភ្លោះ៣ ដែលជួបប្រទះការខ្វះខាតជាចាំបាច់ ត្រូវការជំនួយបន្ទាន់ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ ដោយទទួលបានសំលៀកបំពាក់ ២កាបូបយួរដៃ និងថវិកាមួយចំនួនទៀត ដើម្បីជួយសម្រាលជីវភាព។

ហើយថ្ងៃនេះដែរ គឺជាយុទ្ធនាការ «ចាស់អ្នកថ្មីខ្ញុំ» សាខាសមាគមកាយឬទ្ធិនារីកម្ពុជាសាខាខេត្តកំពត បានធ្វើការចែកជូនសម្ភារដែលទទួលបានទាំងអស់ ជូនដល់ចាស់ជរា ស្ត្រីក្រីក្រងាយរងគ្រោះ និងសិស្សានុសិស្ស នៅក្នុងភូមិតេជោពង្រក ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ដែលមានតម្រូវការចាំបាច់ក្នុងការប្រើប្រាស់ ស្របទៅតាមគោលបំណងនិងការរំពឹងទុករបស់យុទ្ធនាការ «ចាស់អ្នកថ្មីខ្ញុំ» របស់សមាគមកាយឫទ្ធិនារីកម្ពុជា៕