(កំពង់ចាម)៖ លោក ទុន ណេត ត្រូវបានប្រកាសតែងតាំងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ជំនួសលោក ប៊ិន ឡាដា ដែលត្រូវទទួលភារកិច្ចថ្មី។ ពិធីនេះធ្វើឡើងនាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់សៀម ក្រោមអធិបតីភាពលោក អ៊ុន ចាន់ដា ប្រធានគណៈកម្មការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម។
នាឱកាសនោះដែរ លោក អ៊ុន ចាន់ដា បានយកឱកាសនោះវាយតម្លៃខ្ពស់ចំពោះការខិតខំបំពេញការងាររបស់សមាជិក សមាជិកាគណបក្សនៅមូលដ្ឋានទាំងអស់ ដែលបានរួមចំណែកក្នុងការរក្សាបាននូវភាពរឹងមាំ និងភាពជោគជ័យក្នុងការងារគណបក្ស ក៏ដូចជាការងារបោះឆ្នោតឱ្យសម្រេចបានលទ្ធផលជោគជ័យជាបន្តបន្ទាប់ ដែលទាំងនោះ គឺផ្ដើមចេញពីការទទួលខុសត្រូវ និងស្មារតីសាមគ្គីភាព និងភាពស្មោះត្រង់ពីសំណាក់អស់លោក លោកស្រី ចំពោះគណបក្សប្រជាជនកម្ពុជា។
លោក អ៊ុន ចាន់ដា បានផ្តល់អនុសាសន៍៤ចំណុច ផ្តាំផ្ញើរប្រធានគណបក្សស្រុកកំពង់សៀម ដែលប្រកាសតែងតាំងថ្មី រួមមាន៖
*ទី១៖ ត្រូវថែរក្សាសុខសន្តិភាព និងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឱ្យបានល្អប្រសើរ
*ទី២៖ សូមពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានសកម្ម និងខិតខំដោះបញ្ហាជូនពលរដ្ឋដែលកើតឡើង
*ទី៣៖ ត្រូវបន្តការជំរុញការអភិវឌ្ឍក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីបង្កើនការរីកចម្រើនដល់ប្រជាពលរដ្ឋ
*ទី៤៖ ត្រូវរក្សានូវសាមគ្គីភាពឱ្យបានល្អ ទាំងក្នុងអង្គភាព និងក្រុមការងារចុះជួយស្រុកផងដែរ៕