(ស្វាយរៀង)៖ លោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ថ្នាក់កណ្តាល តំណាងឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងប្រធានកិត្តិយសក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី និងលោកប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀង បន្ដចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ នៅឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ចំនួន៥,២៣៥នាក់ ក្នុងនោះស្ត្រី៣,៦១២នាក់ ដែលជាការគិតគូរ និងឧបត្ថម្ភគាំទ្រថ្នាំពេទ្យរបស់លោក ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមគ្រូពេទ្យស្ម័គ្រចិត្ត។
ពិធីនេះក៏មានការចូលរួមពីលោកស្រី វង់ មយូរា រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារចុះជួយឃុំបាសាក់ ស្រុកស្វាយជ្រំ, លោក ញ៉ែម សារី អភិបាលរងខេត្តស្វាយរៀង, លោកវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាលស្វាយរៀង និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី សាខាខេត្តស្វាយរៀង ព្រមទាំងលោកអភិបាលស្រុកស្វាយជ្រំ និងអាជ្ញាធរដែនដីជាច្រើននាក់ផងដែរ។
លោកវេជ្ជបណ្ឌិត គុជ ស៊ីថា បានឱ្យដឹងថា ថ្ងៃនេះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀងចំនួន ៣៥៤នាក់ ក្នុងនោះស្ត្រី១២០នាក់ បានសហការជាមួយអាជ្ញាធរដែនដី និងសហភាពសហព័ន្ធយុវជនកម្ពុជា សិស្សានុសិស្ស បានចុះអប់រំផ្សព្វផ្សាយ វគ្គសង្គ្រោះបឋម ព្រមទាំងពិនិត្យ សុខភាពនិងចែកថ្នាំពេទ្យជូនប្រជាពលរដ្ឋ ផ្តល់សេវាដោយឥតគិតថ្លៃ នៅវត្តបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងបានចំនួនសរុប៥,២៣៥នាក់ ស្រី៣,៦១២នាក់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយស ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោកហ៊ុន ម៉ានី។
លោកវេជ្ជបណ្ឌិតបានបន្តថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តហ៊ុន ម៉ានី បានពិនិត្យនិងព្យាបាលជំងឺរួមមាន៖ ជំងឺទូទៅ អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ក ជំងឺកម្រងនោម អេកូសាស្ត្រ ម៉ាស៊ីនផ្លុំរក មេរោគក្រពះតាមរយះខ្យល់ដង្ហើម វាស់ចង្វាក់បេះដូង មន្ទីរពិសោធន៍ (វិភាគឈាម) វះកាត់តូចនិងព្យាបាលរបួសជាដើម។
លោកវេជ្ជបណ្ឌិតគុជ សុីថាបានគូសបញ្ជាក់ថាក្នុងខេត្តស្វាយរៀង ក្រុមគ្រូពេទ្យស្ម័គ្រចិត្តហ៊ុន ម៉ានីបានពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋចំនួន ៦៩លើក សរុបមានប្រជាពលរដ្ឋចូលរួមចំនួន ៥៧៨,៤១២នាក់ដង។ ក្នុងនោះស្ត្រីមានចំនួន ៣០៣,៧៩៨នាក់ដង។
បន្ថែមលើសពីនេះ លោក លេង ផាលី បានឱ្យដឹងថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានបំពេញបេសកកម្មដ៏ថ្លៃថ្លាដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្កាកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បណ្តុះបណ្តាលវគ្គសង្គ្រោះបឋម យកសំណាករកវីរុសកូវីដ១៩ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុង២៥រាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានចំនួន២០៨៤លើក មានប្រជាពលរដ្ឋចូលរួមចំនួន ១៣.២៨០.៥៩១នាក់ (ដប់បីលាន ម្ភៃប្រាំបីម៉ឺន ប្រាំរយ កៅសិប មួយ នាក់)ក្នុងនោះស្ត្រីមានចំនួន ៦,៨០៧,១១១នាក់ គិតត្រឹមថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ ច្រើនជាង ៣ភាគ៤ នៃប្រជាជនសរុបទូទាំងប្រទេសដែលមានចំនួន ១៧,៣៣៦,៣០៧នាក់ ធៀបនឹងឆ្នាំ២០២៤ បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋក្នុងម្នាក់ ចំណាយអស់ ៥០ដុល្លារ សរុបត្រូវចំណាយទាំងអស់ប្រហែល ៦៦៤,០២៩,៥៥០ដុល្លារ។
លោកបានបញ្ជាក់ថា ការចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធដែលស្តែងចេញពី សេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយអនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងបង្កើនភាពសុខដុមរមនាក្នុងសហគមន៍ តាមរយៈការផ្ដល់សេវាសុខភាពសាធារណៈដោយឥតគិតថ្លៃ។
លោកប៉េង ពោធិ៍សា បានថ្លែងថា ក្នុងនាមរដ្ឋបាលខេត្ត សូមថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី ដែលបានចុះមកពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅស្រុកស្វាយជ្រំ ដោយឥតគិតថ្លៃនាពេលនេះ ដែលបានបញ្ជាក់ឱ្យឃើញថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី តែងតែចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស ដើម្បីលើកម្ពស់សុខមាលភាព ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ នៅតាមមូលដ្ឋាន ហើយបានរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ តាមរយៈការផ្ដល់សេវាសុខាភិបាលដោយឥតគិតថ្លៃនេះផងដែរ។
លោកបានបញ្ជាក់ថា ក្នុងអាណត្តិទី៧ ដែលដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញនៅគោលនយោបាយបញ្ចកោណដំណាក់កាលទី១ បានផ្តោតសំខាន់ទៅលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដូចជាកាត់បន្ថយការខ្វះខាតរបស់ប្រជាពលរដ្ឋ គិតគូរទាំងសុខភាព ការអប់រំ ផ្តល់ការងារធ្វើជូនពលរដ្ឋ និងគោលនយោបាយ ទឹក ភ្លើង ផ្លូវ មនុស្ស និងបច្ចេកវិទ្យា ឌីជីថលជាដើម ដែលទាំងអស់នេះជាការគិតគូរយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល៕