(សៀមរាប)៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា២០២៤ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានរៀបចំព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលសៀមរាប-អង្គរ គឺ «ដើរដង្ហែក្បួនដើម្បីពិភពលោកមួយដែលគ្មានមីន»។
ពិធីនេះមានការចូលរួមពីសំណាក់លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប ព្រមទាំងមានការចូលរួមពីគណៈប្រតិភូជារដ្ឋភាគី១៦៤ប្រទេស រដ្ឋមិនមែនភាគី ស្ថាប័នអន្តរជាតិជុំវិញពិភពលោក ក្រសួង/ស្ថាប័នកម្ពុជា តំណាងស្ថានទូតប្រចាំកម្ពុជា ដៃគូអភិវឌ្ឍន៍ រដ្ឋបាលខេត្តសៀមរាប កងកម្លាំងប្រដាប់អាវុធ ប្រតិបត្តិករសកម្មភាពមីន មន្រ្តីរាជការ វិស័យឯកជន សិល្បករ ប្រជាពលរដ្ឋ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងភាគីពាក់ព័ន្ធក្នុងខេត្តជាច្រើនចូលរួមផងដែរ។
ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងថា ការជួបជុំគ្នានេះ មិនមែនត្រឹមតែដើម្បីដង្ហែក្បួនប៉ុណ្ណោះទេ ប៉ុន្តែនេះជាការប្តេជ្ញាចិត្តរួមគ្នារបស់ពិភពលោក ដែលចង់បានសន្តិភាពយូរអង្វែង។ ទេសរដ្ឋមន្ត្រីបានបន្តថា «រាល់ជំហានដែលយើងបានបានឈានរួមគ្នា គឺជាការឈានឆ្ពោះទៅរកសុខសុវត្ថិភាព សន្តិភាព និងអនាគតមួយដែលមនុស្សលែងមានក្តីបារម្ភ ថាដីដែលខ្លួនដើរជាន់ នឹងមិនមានបង្កប់គ្រាប់មីនឡើយ»។
ទេសរដ្ឋមន្ត្រី បានបន្តថា វត្តមានរបស់លោក លោកស្រី និងក្មួយៗសិស្សានុសិស្សលោកគ្រូអ្នកគ្រូ និងមិត្តរបស់ដែលមកពីគ្រប់ទិសទីក្នុងពិភពលោក គឺមិនមែនត្រឹមតែជាការចូលរួមក្នុងការដង្ហែរក្បួននោះទេ តែវាជាបេះដូងនៃសកម្មភាពរួមមួយរបស់យើងទាំងអស់គ្នា។ យើងកំពុងដើរឆ្ពោះទៅរកអនាគតមួយដែលកូនៗរបស់យើងអាចរត់លេងដោយសេរី និងកសិករអាចធ្វើស្រែចម្ការដោយមិនមានការភ័យខ្លាច ជាពិសេសសហគមន៍របស់យើងនឹងរីកលូតលាស់ប្រកបដោយសុវត្ថិភាព។
ទេសរដ្ឋមន្ត្រី លី ធុជ បានបន្ថែមថា ខេត្តសៀមរាប ជាខេត្តដែលបានបញ្ចប់សង្គ្រាមសស៊ីវិលចុងក្រោយគេបង្អស់នៅក្នុងក្របខណ្ឌប្រទេសកម្ពុជា។ បន្ទាប់ពីកម្ពុជាទទួលបានសន្តិភាពពេញក្រោមនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងបន្តមកដល់នីតិកាលទី៧ ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រី។ កម្ពុជាបានរីកចម្រើនគ្រប់វិស័យ ជាពិសេសខេត្តដែលជាកូនពៅនៃការបញ្ចប់សង្គ្រាមនេះ ក៏មានលទ្ធភាពពេញក្នុងការរៀបចំព្រឹត្តការណ៍ធំៗប្រកបដោយសុខសុវត្ថិភាពជាក់ស្តែងដូចជាការទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាបអង្គរ ស្តីពីពិភពលោកមួយគ្មានមីន នៃអនុសញ្ញាអូតាវ៉ានេះជាដើម។
លោក សំកុល សុចិត្រា បានលើកឡើងថា ថ្ងៃនេះខេត្តសៀមរាប ជាបេះដូងនៃបេសកកម្មសាកលមួយ គឺការឆ្ពោះទៅរកពិភពលោកមួយដែលគ្មានមីន។ លោកបន្តថា ការដើរដង្ហែក្បួនថ្ងៃនេះ ដោយចេញដំណើរពីប្រាសាទអង្គរវត្ត ឆ្ពោះទៅកាន់លានជល់ដំរី មិនមែនជាការដើរធម្មតានោះទេ តែជានិមិត្តរូបដ៏សំខាន់ នៃការប្តេជ្ញាចិត្តរួមគ្នារបស់យើង ឆ្ពោះទៅការសម្រេចបានអនាគតមួយ ដែលគ្មានការគំរាមកំហែងដោយសារគ្រាប់មីន។
លោកបានបន្តថា គ្រាប់មីនបានឆក់យកជីវិតមនុស្សជាច្រើន គំរាមកំហែងដល់សហគមន៍ និងបានបំផ្លាញអនាគតមនុស្សជាច្រើន ក៏ប៉ុន្តែថ្ងៃនេះយើងនឹងដើរទៅមុខរួមគ្នា ជាមួយជនរងគ្រោះដោយសារមីន សហគមន៍ ស្ថាប័នសាសនា និងអង្គការនានា ដើម្បីជាសក្ខីភាពបង្ហាញថា នៅពេលដែលយើងរួមគ្នា យើងនឹងអាចឆ្ពោះទៅសម្រេចបាន អនាគតមួយដែលមានសុវត្ថិភាព និងសុខសន្តិភាព។
លោកបានបញ្ជាក់ថា ការដើរដង្ហែក្បួនេះ គឺជាការចាប់ផ្តើមនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីភពលោកមួយដែលគ្មានមីន ដែលបានបង្ហាញពីតួនាទីដ៏សំខាន់របស់កម្ពុជា នៅក្នុងចលនាសាកល ក្នុងការលុបបំបាត់គ្រាប់មីន។ ការយកខេត្តសៀមរាប ក៏ដូចជាប្រទេសកម្ពុជាទាំងមូល ជាទីតាំងនៃកិច្ចប្រជុំដ៏ពិសេសនេះ បានឆ្លុះបញ្ចាំពីការប្តេជ្ញាក្នុងតំបន់ទាំងមូល នៅក្នុងបុព្វហេតុដ៏សំខាន់នេះ និងរំលឹកដល់បុគ្គលជាច្រើន ដែលបានខិតខំប្រឹងប្រែងដោយមិនគិតពីការនឿយហត់ ដើម្បីប្រែក្លាយក្តីស្រមៃរបស់យើង ឱ្យក្លាយទៅជាការពិត គឺពិភពលោកមួយដែលមិនមានការរងគ្រោះថ្នាក់ និងទុក្ខវេទនាដោយសារគ្រាប់មីន៕