(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ៩រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ រដ្ឋសភាកម្ពុជា បើកជាផ្លូវការនៃសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP)។ សម័យប្រជុំ IPTP ធ្វើឡើងក្រោមមូលបទ៖ ការស្វែងរកសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

ពិធីបើកសម័យប្រជុំជាផ្លូវការនេះ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រួមជាមួយឥស្សរជនជាប្រធានស្ថាប័នសភាអន្តរជាតិមួយចំនួនទៀត។

ក្នុងពិធីបើកសម័យប្រជុំនេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹង​ថ្លែងបទបាឋកថាពិសេសស្តីពីដំណើរការកសាងសន្តិភាព តាមរយៈការអនុវត្តនយោ​បាយឈ្នះ-ឈ្នះ។

ខាងក្រោមជាខ្លឹមសារសំខាន់ៗនៃប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកជាផ្លូវការសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ (IPTP)៖

* សម្តេចតេជោ ហ៊ុន សែន បង្ហើបពីការនិយាយលេងរបស់សម្តេចជាមួយប្រតិភូ ICAPP ថា បើទោះបីស្លាប់ដល់ទីកន្លែងណាក៏ដោយ បើសិនជាអ្នកដឹកនាំជំនាន់ថ្មីបណ្តែតបណ្តោយឱ្យបាត់បង់សន្តិភាព សម្តេចនឹងមករករឿង ព្រោះការរកសុខសន្តិភាពលំបាកណាស់ តែការបំផ្លាញសន្តិភាពគឺងាយស្រួល។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា មុនពេលភៀសខ្លួនទៅវៀតណាម សម្តេចជាមេបញ្ជាការវរសេនាធំ មានកម្លាំង ២ពាន់នាក់។ សម្តេចមានជម្រើស៤ ទី១ គឺជម្រើសនាំកងកម្លាំងបះបោរ តែមិនមែនជាជម្រើសល្អទេ, ទី២ ដកខ្លួនចេញសិន ហើយទៅកាន់ប្រទេសវៀតណាម ដើម្បីធ្វើការតស៊ូ, ទី៣ គឺមិនធ្វើអ្វីទាំងអស់ទុកឱ្យ ប៉ុល ពត យកទៅសម្លាប់ និងទី៤ គឺការធ្វើអត្តឃាត។ តែទីបំផុត គឺជ្រើសយកជម្រើសទី២ គឺភៀសខ្លួនទៅវៀតណាម។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ប្រវត្តិសាស្ត្រតំបន់ឥណ្ឌូចិន គឺបារាំងដាក់អាណានិគម ហើយពេលអាមេរិក ឈ្លានពាន ក៏ឈ្លានពានប្រទេសទាំង៣។ ពេល នល់ នល់ ធ្វើរដ្ឋប្រហារ ក៏ហៅអាមេរិក និងវៀតណាម មកគាំទ្រ។ ដូច្នេះទោះបីមានសង្ឃឹមត្រឹម១ភាគរយ ក៏សម្តេចនឹងជ្រើសរើសការចាកចេញទៅវៀតណាមដែរ។

* សម្តេចតេជោ បញ្ជាក់ថា ពេលសម្តេចទៅវៀតណាម គឺទប់ស្កាត់បានភ្លាមការចាប់បញ្ជូនពលរដ្ឋខ្មែរត្រឡប់មកប៉ុលពតវិញ តែពេលសម្តេចចូលដល់ គឺបានទប់ស្កាត់ទង្វើនេះ។ សម្តេចតេជោ អរគុណបក្សកុម្មុយនិស្តវៀតណាម ដែលទទួលយកសំណើសម្តេច។

* សម្តេចតេជោ ហ៊ុន សែន តាមរយៈសំណើនេះ គឺបានជួយអាយុជីវិតពលរដ្ឋខ្មែរជាច្រើនរូប។

* សម្តេចតេជោ ហ៊ុន សែន បានរម្លឹកបន្តថា ពេលស្នាក់នៅវៀតណាម សម្តេចបានដាក់សំណើចំនួន៥ រួមមាន ទី១ កុំឲ្យវៀតណាមចាប់បញ្ជូនជនជាតិខ្មែរត្រឡប់មកវិញ ហើយសុំឲ្យពួកគេក្លាយជាជនភៀសខ្លួន, ទី២ សុំឲ្យមានការជ្រកកោនខាងនយោបាយចំពោះកម្មាភិបាលយុទ្ធជនចំពោះជនភៀសខ្លួនទៅវៀតណាម, ទី៣ សុំឲ្យវៀតណាមជួយកសាងកម្លាំងប្រដាប់អាវុធសម្រាប់គម្រោងរំដោះប្រទេស, ទី៤ សុំជ្រើសរើសជនភៀសខ្លួនដែលរត់ទៅវៀតណាម ដើម្បីកសាងនូវកងកម្លាំងប្រដាប់អាវុធ និងទី៥ សុំឲ្យវៀតណាមបង្កលក្ខណៈដល់សម្តេចតេជោ បានទៅកាន់ទីកន្លែងជួបជុំជាមួយនឹងក្រុមដទៃទៀត ដែលមានការតស៊ូ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលស្នាក់នៅវៀតណាម ប៉ុលពត តែងវាយប្រហារវៀតណាម ហើយសម្តេចបានប្រាប់មេដឹកនាំវៀតណាម ពីចំណុចដែល ប៉ុល ពត ត្រូវវាយ ប៉ុន្តែវៀតណាមមិនជឿ។ បើវៀតណាមជឿ គឺកម្លាំងវៀតណាម មិនរងគ្រោះខ្លាំងនោះទេ។ ទីបំផុតវៀតណាម បានជឿលើអ្វីដែលសម្តេចបានលើកឡើង ក្រោយរងការវាយប្រហារពីប៉ុលពត។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកព្រះរាជបន្ទូលអតីតព្រះមហាក្សត្រខ្មែរ សម្តេច នរោត្តម សីហនុ ថា ព្រះអង្គបានជួយវៀតណាម រហូតដល់គេធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គពីអំណាច។

* សម្តេតេជោ ហ៊ុន សែន បន្តរំលឹកពីការឈឺចាប់ចំពោះប្រទេសតាំងខ្លួនជាជើងឯកប្រជាធិបតេយ្យថា លើលោកក្នុងការបង្កការឈឺចាប់លើកម្ពុជា ទោះបីមានរយៈយូរប៉ុណ្ណា ក៏មានអាចភ្លេចរឿងដ៏ឈឺចាប់នេះបានឡើយ ហើយត្រូវបន្តរំលឹកពួកគេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយពេលទ័ពវៀតណាម ដកចេញពីកម្ពុជា បានធ្វើឱ្យសម្តេចមានទម្ងន់កាន់តែខ្លាំងលើកិច្ចចរចារកសន្តិភាពនៅកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដំណើរការកាត់ទោសមេដឹកនាំខ្មែរក្រហម បានបង្ហាញថា របបប្រល័យពូជសាសន៍ ប៉ុល ពត គឺពិតជាមាន។

* សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅក្រុមប្រទេសមហាអំណាចថា គេមិនគួរលេងតាមរូបមន្ត «១-១ ស្មើសូន្យ» នោះទេ មានន័យថា ថ្កោលទោសទាំងអ្នកវាយប្រហាររបប ប៉ុល ពត ហើយថ្កោលទោសទាំងរបប ប៉ុល ពត នោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បើទទួលស្គាល់កម្ពុជាមានរបបប្រល័យពូជសាសន៍ ហេតុអ្វីក៏កម្ពុជាវាយផ្តួលរំលំប្រល័យពូជសាសន៍មិនបាន?

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បន្ទាប់ពីចាយប្រាក់ជាង ២ពាន់លានដុល្លារ អ៊ុនតាក់ដកខ្លួនចេញពីកម្ពុជា គឺទុកឱ្យកម្ពុជាជាប់ផុងក្នុងសង្គ្រាម។

* សម្តេចតេជោ ហ៊ុន សែន រំលឹកសម្តីជនជាតិជប៉ុនលោក កូណូ ដែលបានសរសេរក្នុងអារម្មណ៍កថានៃសៀវភៅរបស់ខ្លួនថា បរាជ័យដូចកូនកំព្រា ជោគជ័យមានឪពុកច្រើន។ បរាជ័យទុកឱ្យស្ងាត់ស្ងៀម ពេលជោគជ័យគេជួយមកទទួលស្គាល់ ទទួលគុណសម្បត្តិ។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេច បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?

* សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅប្រតិភូអន្តរជាតិថា សន្តិភាពដែលកម្ពុជាមានពេលនេះ ជាសន្តិភាពវែងជាងគេ គឺជិត២៧ឆ្នាំហើយ នៃប្រវត្តិសាស្ត្ររបស់កម្ពុជា យ៉ាងហោចណាស់ក្នុងរយៈពេល៥០០ឆ្នាំចុងក្រោយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សុខសន្តិភាព ពិតណាស់ជារឿងសំខាន់ណាស់ដែលត្រូវការពារ។ មុននិយាយអ្វីផ្សេង ត្រូវនិយាយពីសន្តិភាព។ សម្តេចតេជោបានថ្លែងថា កម្ពុជាឈឺចាប់គ្រប់គ្រាន់​ហើយ អត់ត្រូវការបង្កើតសង្គ្រាមទៀតទេ។ សម្តេចតេជោ បានថ្លែងសូមការ​យោគយល់ប្រិយមិត្តបរទេស ចំពោះការប្រើកណ្តាប់ដៃដែកកម្ចាត់បដិវត្តន៍ពណ៌ គឺដើម្បីធានាការពារនូវសុខសន្តិភាពប៉ុណ្ណោះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមរយៈសាលាក្តីខ្មែរក្រហម គេគ្រោងកោះហៅព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា រដ្ឋសភា ដើម្បីកាត់ទោស។ ដើម្បីប្រឆាំងនឹងវិធានការនេះ សម្តេចតេជោ បានប្រាប់ទៅអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិថា សម្តេចសុខចិត្តឱ្យសាលាក្តីនេះបរាជ័យ តែមិនឱ្យកម្ពុជាកើតសង្គ្រាមជាថ្មីនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចតែងប្រាប់ទៅសហការីសម្តេចថា មានតែពលរដ្ឋកម្ពុជាស្គាល់កម្ពុជាច្បាស់ គ្មាននរណាស្គាល់កម្ពុជា ច្បាប់ជាងពលរដ្ឋកម្ពុជានោះឡើយ។ ដូច្នេះត្រូវតែការពារឱ្យបានដាច់ខាតនូវផលប្រយោជន៍របស់កម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រតិភូចូលរួមក្នុងកិច្ចប្រជុំសភាអន្តរជាតិ រួមគ្នាបង្កើតការផ្សព្វផ្សាយឱ្យបានទូលំទូលាយ តាមរយៈការរៀបចំស្ថាប័ន​ផ្សព្វផ្សាយ​មួយ​ដែលមាននៅកម្ពុជាស្រាប់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចជាមនុស្សអភ័ព្វណាស់ ពេលដល់ក្រុងមូស្គូ ប្រទេសរុស្សុី គេចោទសម្តេចជាពួកសេរី។ ប៉ុន្តែនៅពេលសម្តេចអញ្ជើញដល់ប្រទេសបារាំង គេចោទសម្តេចថា ជាពួកកុម្មុយនិស្ត។ ចុងក្រោយសម្តេចបានលើកឡើងថា ទោះចោទថាជាអ្វី ក៏ចោទទៅ តែត្រូវដឹងថា សម្តេច គឺជាពលរដ្ឋកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងពេលមានសង្គ្រាម សម្តេចរបួស៥លើក ពិការភ្នែកម្ខាង ក្នុងសមរភូមិ១០៥ដង។

* សម្តេចតេជោ ហ៊ុន សែន បា​នថ្លែងថា ការធ្វើកំណែទម្រង់ទីផ្សារ និងសេដ្ឋកិច្ច មានកម្លាំងសង្កត់រហូតដល់ទៅ៣ ដែលប្រៀបដូចជាព្រួញ៣ដើមបាញ់លើសម្តេច។ កម្លាំងសង្កត់ទាំង៣នោះ រួមមាន៖ ១) ផ្ទៃក្នុងរបស់កម្ពុជា មិនទាន់យល់, ២) កងទ័ពវៀតណាម នៅកម្ពុជា ខណៈដែលវៀតណាម មិនទាន់ធ្វើកំណែទម្រង់, ៣) ពេលនោះមានតែសហភាព និងប្រទេសនៅមេគង្គ ជាអ្នកជួយកម្ពុជា បើសូវៀត យល់ថា សម្តេចចូលដល់សើរើនិយម សូវៀត ប្រាប់សម្តេច ហេង សំរិន និងសម្តេច ជា ស៊ីម គឺការធ្វើកំណែទម្រង់របស់សម្តេចត្រូវបរាជ័យ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកថា សម្តេចបានប្រឹងប្រែងក្នុងការដឹកនាំងើបឡើងវិញ ដោយប្រែក្លាយពីនាយករដ្ឋមន្ត្រីគេមិនចាប់ដៃ ទៅជានាយករដ្ឋមន្ត្រីគេស្វាគមន៍។ ក្នុងនោះតាមរយៈកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ មានប្រទេសជាសមាជិកអចិន្ត្រៃយ៍អង្គការសហប្រជាជាតិ រហូតដល់ទៅ៣ មានចិន អាមេរិក និងរុស្ស៊ី មកប្រជុំនៅកម្ពុជា។ នេះបង្ហាញថា កម្ពុជា ខិតខំងើបពីភាពឯកកោ ទៅជាប្រទេសមានដៃគូសហប្រតិបត្តិការស្មើមុខស្មើមាត់។

* បន្ទាប់ពីបញ្ចប់បាឋកថាពិសេស សម្តេចតេជោ ហ៊ុន សែន ទទួលបានពានរង្វាន់សន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី ពីសម័យប្រជុំពេញអង្គរបស់ IPTP លើកទី១១ នៅរាជធានីភ្នំពេញ៕