(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានទទួលពានរង្វាន់លំដាប់អន្តរជាតិថ្មីមួយទៀត នោះគឺ «ពានរង្វាន់សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី»។
ពានរង្វាន់នេះ ត្រូវបានប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន ពិធីបើកជាផ្លូវការ នៃសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ក្រោមមូលបទ៖ ការស្វែងរកសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
ពិធីប្រគល់ពានរង្វាន់នេះត្រូវបានរៀបចំដោយរដ្ឋសភាកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ និងជាប្រធាន IPTP ២០២៣-២០២៥ និងមានការចូលរួមពីគណៈប្រតិភូសភាជាន់ខ្ពស់ ក្នុងរួមមានប្រធានសភា អនុប្រធានសភា អតីតប្រមុខរដ្ឋ និងរដ្ឋាភិបាល ឥស្សរជនជាតិ និងបរទេស ព្រមទាំងអ្នកតំណាងជាន់ខ្ពស់មកពីសាសនា បណ្ឌិតសភា នយោបាយ ក៏ដូចជាស្ថាប័នមិននយោបាយមកពីជាង ៦០ប្រទេស ដើម្បីធ្វើជាសាក្សី និងអបអរសាទរពេលវេលាដ៏មោទនភាពនេះនៃការគោរពដល់ការដឹកនាំ ប្រកបដោយសន្តិភាពដ៏វិសេសវិសាល។
បន្ទាប់ពីដំណើរការកសាងសន្តិភាពជាច្រើនឆ្នាំ ក្រោមការដឹកនាំ និងត្រួសត្រាយដោយសម្តេចតេជោ និងសម្តេចនរោត្តម សីហនុ ដែលបានចាប់ផ្តើមតាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៨០មក ប្រទេសកម្ពុជា ក្នុងពេលបច្ចុប្បន្ន ទទួលបានសន្តិភាពពេញលេញ និងអត្ថប្រយោជន៍ពីសន្តិភាព ចាប់តាំងពីមានសន្តិភាព និងការបង្រួបបង្រួមជាតិពេញលេញ ដែលសម្រេចបាននៅខែធ្នូ ឆ្នាំ១៩៩៨។ ឆ្នាំនេះគឺជាខួបលើកទី៣១ នៃព្រះរាជាណាចក្រកម្ពុជាទី២ បន្ទាប់ពីការបោះឆ្នោតសកលលើកទី១ ដែលបានធ្វើឡើងនៅក្នុងឆ្នាំ១៩៩៣ ហើយឆ្នាំនេះដែរក៏ជាខួបលើកទី៣១ នៃការអនុម័ត និងប្រកាសដាក់ឱ្យប្រើរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ផងដែរ ជាមួយការចាត់ទុកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ ប្រការនេះបាននាំទៅរកការចាប់កំណើតឡើងវិញនៃព្រះពុទ្ធសាសនានៅក្នុងព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីត្រូវបានលុបបំបាត់ចោលជាច្រើនឆ្នាំ ដោយរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ចាប់តាំងពីរស់ឡើងវិញ ព្រះពុទ្ធសាសនានៅកម្ពុជា និងលទ្ធិប្រជាធិបតេយ្យបែបព្រះពុទ្ធសាសនាដែលមិនអាចកាត់ថ្លៃបាន បានដើរតួនាទីមិនអាចខ្វះបានក្នុងការពង្រឹង សន្តិភាព ពហុភាគីនិយម និងគុណតម្លៃនៃព្រះពុទ្ធសាសនាសម្រាប់ប្រជាជាតិ។ ព្រឹត្តិការណៗសំខាន់ៗទាំងនេះបានស្ដារឡើងវិញនូវសិទ្ធិ និងសេរីភាពជាមូលដ្ឋាន របបរាជានិយម និងប្រជាធិបតេយ្យសេរី ក្នុងចំណោមប្រទេសដទៃទៀត ដែលបង្កើតទំព័រថ្មីនៃជីវិតសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលនាំមកនូវការរីកចម្រើន ការអភិវឌ្ឍន៍ និងវិបុលភាព រហូតមកដល់សព្វថ្ងៃនេះ។
ក្រុមប្រឹក្សាភិបាលនៃគណៈកម្មាធិការរង្វាន់ តំណាងឱ្យសភាចំនួន ១០៥ ជាសមាជិក IPTP/GCTP មកពីអាស៊ី អាហ្វ្រិក អឺរ៉ុប អាមេរិកឡាទីន និងមជ្ឈិមបូព៌ា បានសង្កេតឃើញជាមួយការកោតសរសើរយ៉ាងខ្លាំងនូវគុណសម្បត្តិនៃភាពជាអ្នកដឹកនាំកំពូល គ្មានភាពអាត្មានិយម ភាពជាអ្នកបម្រើរាស្ត្រ និងមនុស្សធម៌របស់សម្ដេចតេជោ ហ៊ុន សែន។ ក្រុមប្រឹក្សាភិបាលនៃគណៈកម្មាធិការរង្វាន់បានឃើញថាការគ្រប់គ្រងរដ្ឋក្នុងអំឡុងពេលកាន់តំណែងជាច្រើន អាណត្តិរបស់សម្តេច និងភាពជាអ្នកដឹកនាំសភា និងនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន មានភាពភ្លឺស្វាង ពីព្រោះសម្តេចបានដាក់ប្រជាពលរដ្ឋជាបេះដូងនៃការកសាងសន្តិភាព និងការកសាងប្រទេសជាតិ ដោយផ្តោតទៅលើសុខដុមរមនាក្នុងសង្គម និងសាសនា និងរួមបញ្ចូល សមធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាព និងការរួមរស់ដោយសន្តិភាព និងការអត់ឱន។ ក្រុមប្រឹក្សាភិបាលនៃគណៈកម្មាធិការរង្វាន់ មានសោមន្សរីករាយចំពោះគុណតម្លៃដ៏ឧត្តុង្គឧត្តម ទាំងនេះដែលសម្តេចតេជោ ហ៊ុន សែន បានលះបង់ដើម្បីកសាងប្រទេសជាតិឡើងវិញ រួមទាំងការអភិវឌ្ឍជនបទ ការអភិវឌ្ឍធនធានមនុស្ស ច្បាប់ និងការធ្វើកំណែទម្រង់ស្ថាប័ន និងអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព ក្នុងការកសាងប្រទេសឡើងវិញក្រោយជម្លោះ។
លើសពីនេះទៅទៀត លទ្ធផលទាំងនេះត្រូវបានសម្រេចឡើងដោយយុទ្ធសាស្ត្រឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានឱ្យមានការចុះសម្រុងគ្នាពេញលេញ នៃស្ថាប័នរាជានិយម រដ្ឋាភិបាល និងប្រជាជន។ ក្រុមប្រឹក្សាភិបាលនៃគណៈកម្មាធិការរង្វាន់ សូមផ្តល់ជាឯកច្ឆ័ន្ទ នូវការទទួលស្គាល់ដ៏ពិសេសលើភាពធំធេងរបស់គាត់ក្នុងការរួមចំណែកដល់សន្តិភាព ស្ថិរភាព និងសន្តិសុខរបស់ប្រជាជនកម្ពុជា រួមទាំង ការលះបង់របស់គាត់ដើម្បីការរួមរស់ដោយសន្តិភាព សុខដុមរមនាក្នុងសង្គម និងតម្លៃមនុស្សធម៌នៅក្នុងតំបន់ទន្លេមេគង្គតំបន់ និងពង្រីកដល់តំបន់អាស៊ីប៉ាហ្វីក។
ក្រុមប្រឹក្សាភិបាលនៃគណៈកម្មាធិការរង្វាន់ បានអបអរសមិទ្ធផលទាំងនេះ និងទទួលស្គាល់ការដឹកនាំដ៏ឆ្នើមរបស់សម្ដេចតេជោ ហ៊ុន សែន។ ទាំងនេះជាសមិទ្ធផលដែលសម្រេចបានតាមរយៈការលះបង់ពេញមួយជីវិតរបស់គាត់ ដើម្បីសន្តិភាព ការបង្រួបបង្រួមជាតិ ស្ថិរភាព វឌ្ឍនភាពសង្គម និងការអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជា ជាពិសេសការរំដោះប្រជាជន ប្រទេសជាតិ និងការទំនើបកម្មរបស់ប្រទេសជាតិ។ មេរៀនដ៏មានតម្លៃមិនអាចកាត់ថ្លៃបានទាំងនេះ បានបង្ហាញឱ្យឃើញថាសម្តេចតេជោ ហ៊ុន សែន បានដឹកនាំកម្ពុជា ពោរពេញដោយសមត្ថភាព ឱ្យក្លាយជាជ្ឈមណ្ឌលសន្តិភាពនៃទន្លេមេគង្គ និងតំបន់អាស៊ីប៉ាស៊ីហ្វិក តាមរយៈភាពជាមេដឹកនាំ ប្រាកដនិយមរបស់គាត់ និងអនុវត្តជាក់ស្ដែងប្រកបដោយសុភវិនិច្ឆយ ដែលបានសាបព្រោះនូវស្មារតី តម្លៃនៃមនុស្សជាតិ និងប្រជាធិបតេយ្យបែបពុទ្ធសាសនា ដោយការសន្ដោស មេត្តា និងគោរព ក្រោមទម្រង់ក្នុង ការកសាងសន្តិភាព និងផ្សះផ្សារជាតិ៕