(ភ្នំពេញ)៖ ក្នុងឱកាសបើកជាផ្លូវការ នៃសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា ដំណើរការកាត់ទោសមេដឹកនាំខ្មែរក្រហម បានបង្ហាញថា របបប្រល័យពូជសាសន៍ ប៉ុល ពត គឺពិតជាមាន។

ពិធីបើកសម័យប្រជុំ ជាផ្លូវការនេះ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រួមជាមួយឥស្សរជនជាប្រធានស្ថាប័នសភាអន្តរជាតិមួយចំនួនទៀត។

ក្នុងសម័យប្រជុំ IPTP ក្រោមមូលបទ៖ ការស្វែងរកសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤, សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ការកាត់ទោសខ្មែរក្រហម មានន័យថា កម្ពុជា មានរបបប្រល័យពូជសាសន៍មែន ទើបមានការកាត់ទោសខ្មែរក្រហម»

សម្តេចតេជោ ហ៊ុន សែន ក៏ប្រាប់ទៅក្រុមប្រទេសមហាអំណាចថា គេមិនគួរលេងតាមរូបមន្ត «១-១ ស្មើសូន្យ» នោះទេ មានន័យថា ថ្កោលទោសទាំងអ្នកវាយប្រហាររបប ប៉ុល ពត ហើយថ្កោលទោសទាំងរបប ប៉ុល ពត នោះទេ។

បន្ថែមពីនោះទៀត សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បើទទួលស្គាល់កម្ពុជា មានរបបប្រល័យពូជសាសន៍ ហេតុអ្វីក៏កម្ពុជាវាយផ្តួលរំលំប្រល័យពូជសាសន៍មិនបាន។

សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តរំលឹកពីការឈឺចាប់ ចំពោះប្រទេសតាំងខ្លួន ជាជើងឯកប្រជាធិបតេយ្យថា លើលោកក្នុងការបង្កការឈឺចាប់លើកម្ពុជា ទោះបីមានរយៈយូរប៉ុណ្ណា ក៏មានអាចភ្លេចរឿងដ៏ឈឺចាប់នេះបានឡើយ ហើយត្រូវបន្តរំលឹកពួកគេ។

សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា ក្រោយពេលទ័ពវៀតណាម ដកចេញពីកម្ពុជា បានធ្វើឱ្យសម្តេចមានទម្ងន់ កាន់តែខ្លាំងលើកិច្ចចរចារកសន្តិភាពនៅកម្ពុជា។

សូមបញ្ជាក់ថា កម្ពុជាបានឆ្លងកាត់របបប្រល័យពូជសាសន៍ប៉ុលពត រយៈពេល៣ឆ្នាំ៨ខែ២០ថ្ងៃ បន្ទាប់ពីពួកខ្មែរក្រហមបានវាយផ្តួលរំលំរបបលន់នល់ នៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥។ របបដែលគេហៅថា វាលពិឃាតនេះ បានសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ប្រមាណជិត៣លាននាក់។

នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ពលរដ្ឋខ្មែរដែលនៅសេសសល់ ត្រូវបានរំដោះឱ្យរួចផុតពីការស្លាប់។ ក្រោយមកមេដឹកនាំកំពូលខ្មែរក្រហម ក៏ត្រូវបានយកមកកាត់ទោស ដោយសាលាក្តីខ្មែរក្រហម ដែលជាតុលាការកូនកាត់កម្ពុជា និងអង្គការសហប្រជាជាតិ៕