(សៀមរាប)៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា២០២៤ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានទទួលជួបពិភាក្សាការងារ ជាមួយលោកស្រី Patricia Danzi អគ្គនាយកទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) ដែលក្នុងជំនួបទ្វេភាគីនេះ មានការចូលរួមពីឯកអគ្គរដ្ឋទូតស្វីស ប្រចាំនៅប្រទេសថៃ កម្ពុជា និងឡាវ។

តាងនាមរាជរដ្ឋាភិបាលកម្ពុជា ទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងស្វីស រយៈពេលជាង ៦០ឆ្នាំ និងជាពិសេសបានថ្លែងអំណរគុណចំពោះការគាំទ្រ និងការរួមចំណែកដល់កិច្ចការអភិវឌ្ឍនៅប្រទេសកម្ពុជា ក៏ជាការគាំទ្រកិច្ចការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។ ទន្ទឹមនឹងនោះលោកបានចាត់ទុកការសម្រេចបាននៃវិស័យសកម្មភាពមីននៅកម្ពុជារយៈពេលជាង ៣០ឆ្នាំ គឹជាផ្នែកមួយនៃរួមចំណែករបស់រដ្ឋាភិបាល និងប្រជាជនស្វីស ផងដែរ។

ជាមួយគ្នានេះ តាងនាមកម្ពុជាជាប្រធានអនុសញ្ញាអូតាវ៉ា, លោកបណ្ឌិត លី ធុជ បានថ្លែងអំណរគុណចំពោះការគាំទ្រដល់ការអនុវត្តនៃអនុសញ្ញាអូតាវ៉ា ជាពិសេសការផ្តល់ភាពជាដៃគូ កិច្ចសហប្រតិបត្តិការ និងការគាំទ្រចំពោះគំនិតផ្តួចផ្តើមក្នុងការរួមចំណែកសម្រាប់វិស័យសកម្មភាពមីនសកល។

លោកស្រី Patricia Danzi បានកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់កម្ពុជាសម្រាប់ការរួមចំណែកវិស័យសកម្មភាពមីនសកល និងការអនុវត្តនៃអនុសញ្ញាអូតាវ៉ា។

លោកស្រី Patricia Danzi បានវាយតម្លៃខ្ពស់ចំពោះការរៀបចំព្រឹត្តិការណ៍ពិសេសមុនបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ គឺការដើរដង្ហែក្បួនសម្រាប់ពិភពលោកមួយដែលគ្មានមីន ដែលត្រូវបានចាត់ទុកជាសារមួយយ៉ាងសំខាន់ក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងសម្រាប់វិស័យសកម្មភាពមីនសកល។

លោកស្រី Patricia Danzi បានគូសបញ្ចាក់ថា ប្រទេសស្វីស នឹងបន្តភាពជាដៃគូជាមួយប្រទេសកម្ពុជា រហូតដល់កម្ពុជាអាចសម្រេចបាននូវគោលដៅគ្មានផលប៉ះពាល់ដោយសារមីន ហើយលោកស្រី Patricia Danzi បានទទួលស្គាល់ចំពោះការលំបាក និងភាពស្មុគស្មាញនៃស្ថានភាពចម្ការមីននៅកម្ពុជា ដែលតម្រូវឱ្យបន្តពន្យាពេលការបោសសម្អាតមីន៕