(កំពង់ស្ពឺ)៖ លោកបណ្ឌិត អ៊ុក កោសា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន អនុប្រធានថ្នាក់កណ្តាលចុះមូលដ្ឋាន ខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងារចុះជួយស្រុកសាមគ្គីមុនីជ័យ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញប្រកាសបញ្ចូលសមាជិកថ្មីចំនួន១៣២រូប និងសំណេះសំណាលជាមួយយុវជនគណបក្សប្រជាជនកម្ពុជា ឃុំព្រៃក្រសាំង។

លោកបណ្ឌិត អ៊ុក កោសា បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះបងប្អូនដែលជាសមាជិកគណបក្សប្រជាជនថ្មី បានសម្រេចចិត្តយ៉ាងត្រឹមត្រូវមកចូលរួម ក្នុងសកម្មភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមួយជួយស្រោចស្រង់ប្រទេសជាតិឱ្យមានការអភិវឌ្ឍ រីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។

លោកបណ្ឌិតបានបន្តថា នេះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ដោយការជឿទុកចិត្ត មានក្តីសង្ឃឹម និងផ្តល់ទំនុកចិត្តលើគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំជាងគេ និងកំពុងដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងមានតែគណបក្ស ប្រជាជនកម្ពុជាមួយប៉ុណ្ណោះ បានរំដោះប្រទេស និងប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ កសាងជាតិមាតុភូមិ បង្កើនការងារ និងប្រាក់ចំណូលយ៉ាងច្រើនជូនដល់បងប្អូនប្រជាពលរដ្ឋ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។

ក្នុងឱកាសនោះដែរ លោកប្រធានក៏បានជំរុញឱ្យសមាជិក សមាជិកាទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវស្មារតី ដើម្បីផលប្រយោជន៍គណបក្ស និងប្រជាជន ជាពិសេសបន្តជួយផ្សព្វផ្សាយអំពីសមិទ្ធផលនានារបស់គណបក្សប្រជាជនកម្ពុជា និងណែនាំឱ្យក្រុមគ្រួសារ សាច់ញាតិ មិត្តភក្តិទាំងអស់ បន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជារៀងរហូត ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍ៕