(អានហ៊ួយ)៖ នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ឡាវ វ៉ាន់ ប្រធានការិយាល័យគ្រឹះស្ថានសិក្សា នៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត និងក្រុមការងារ បានជួបពិភាក្សា ការងារ ជាមួយ លោក Yu Baotao លេខាធិការគណៈកម្មាធិការបក្ស នៃសាកលវិទ្យាល័យអានហ៊ួយ ដើម្បីបន្តពង្រឹងកិច្ច សហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលនិស្សិត អ.ម.ត នៅក្នុងសាកលវិទ្យាល័យ និងចូលរួមអបអរសាទរ ការបង្កើតវិទ្យាស្ថានចិនកម្ពុជា របស់សាកលវិទ្យាល័យ។

ក្នុងឱកាសនៃកិច្ចពិភាក្សា លោក បានពាំនាំនូវការសាកសួរសុខទុក្ខ និងនាំយកនូវលិខិតថ្លែងអំណរគុណ ដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានគណៈកម្មាធិការ អាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជាប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ជូនសាកលវិទ្យាល័យអានហ៊ួយ ដែលកន្លងមកតែងតែចូលរួមយ៉ាងសកម្ម ក្នុងការបណ្តុះបណ្តាល និងការមើលថែយ៉ាង យកចិត្តទុកដាក់ដល់និស្សិតកម្ពុជា។

ជាការឆ្លើយតប លោកលេខាធិការគណៈកម្មាធិការបក្ស នៃសាកលវិទ្យាល័យអានហ៊ួយ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារ របស់គណៈកម្មាធិការអាហារូបករណ៍ និងសមាគម អ.ម.ត ក្រោមការដឹកនាំរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

លោក បន្តទៀតថា និស្សិត អ.ម.ត ដែលមកសិក្សា នៅសាកលវិទ្យាល័យអានហ៊ួយ គឺជានិស្សិតសកម្ម ក្រៅពីខិតខំប្រឹងប្រែង យកចិត្តក្នុងការសិក្សា និស្សិតតែងតែចូលរួមសកម្មភាព នានាជាមួយសាកលវិទ្យាល័យដូចជា ពិធីបុណ្យវប្បធម៌អន្តរជាតិ ការប្រកួតកីឡា ការសម្តែងសិល្បៈ និងការចូលរួមសន្និសីទនានា។ នៅក្នុងឱកាស នៃការសម្ភោធវិទ្យាស្ថានកម្ពុជា ចិន របស់សាកលវិទ្យាល័យ លោក បានគូសបញ្ជាក់ថា សាកលវិទ្យាល័យ នឹងសហការគ្រប់ភាគី ដើម្បីបង្កើននិស្សិតកម្ពុជា មកបន្តការសិក្សានៅក្នុងសាកលវិទ្យាល័យកាន់តែច្រើន។

សូមគូសបញ្ជាក់ផងដែរ គិតត្រឹមឆ្នាំ២០២៤ នេះ និស្សិត អ.ម.ត កំពុងបន្តការសិក្សា នៅក្នុងសាកលវិទ្យាល័យអានហ៊ួយ ចំនួន ៥២នាក់៕