(ភ្នំពេញ)៖ សម្តេតេជោ ហ៊ុន សែន អតីនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានបន្តរម្លឹកពីការឈឺចាប់ចំពោះប្រទេសតាំងខ្លួនជាជើងឯកប្រជាធិបតេយ្យលើលោក ដែលបានបង្កការឈឺចាប់មកលើកម្ពុជា នៅពេលដែលរដ្ឋាភិបាលប្រឹងប្រែងរំដោះជាតិពីរបបខ្មែរក្រហមដែលបានកាប់សម្លាប់ប្រជាជនស្លូតត្រង់ តែត្រូវគេចោទប្រកាន់ថាជារដ្ឋាភិបាលខុសច្បាប់ ដោយមិនទទួលស្គាល់រដ្ឋាភិបាល ប៉ុន្តែ បែរជាទទួលស្គាល់អាសនៈរបស់ពួកខ្មែរក្រហមនៅអង្គការសហប្រជាជាតិទៅវិញ។
ការរម្លឹកបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញធ្វើបាកឋពិសេសរ អំពី «បទពិសោធដឹកនាំ និងចក្ខុវិស័យសន្តិភាព» និងថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកជាផ្លូវការសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP)
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ រដ្ឋាភិបាលកម្ពុជា ត្រូវរែកពន់ការកសាងប្រទេសជាតិឡើងវិញពីបាតដៃទទេ ដោយដៃម្ខាងត្រូវការពារការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម ការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ និងម្ខាងទៀត យើងត្រូវខិតខំរកស្បៀងអាហារ ផ្គត់ផ្គង់ដល់ប្រជាជនដែលកំពុងស្រែកឃ្លាន កសាងស្ថាប័នគ្រប់គ្រងជាតិ និងកសាងសេដ្ឋកិច្ចជាតិឡើងវិញជាមួយធនធានមនុស្សដែលត្រូវបានកាប់សម្លាប់ដល់ឫសគល់។
អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តថា មិនថាស្ថានភាពក្នុងស្រុកមានភាពលំបាកបំផុត សូម្បីតែស្ថានភាពអន្តរជាតិ ក៏មិនអំណោយផលដល់យើងដែរ ហើយយើងត្រូវរងការឡោមព័ទ្ធ និងទណ្ឌកម្មយ៉ាងអយុត្តិធម៌ ទាំងផ្នែកសេដ្ឋកិច្ច នយោបាយ និងការទូត សហគមន៍អន្តរជាតិ មិនទទួលស្គាល់រដ្ឋាភិបាលដែលបានរំដោះជាតិនោះទេ ហើយអាសនៈរបស់កម្ពុជា នៅអង្គការសហប្រជាជាតិ ត្រូវកាន់កាប់ដោយពួកខ្មែរក្រហម អស់យើងពេល១២ឆ្នាំ។
សម្តេចតេជោ ហ៊ុន សែន ក៏បានរម្លឹកឡើងវិញថា៖ «គ្រានោះនៅក្នុងឋានៈជារដ្ឋមន្ត្រីការបរទេសរបស់កម្ពុជា ដែលគ្រានោះសម្តេចទើបមានវ័យ២៧ឆ្នាំ ខ្ញុំទទួលរងការឈឺចាប់រហូត មកដល់សព្វថ្ងៃ មិនទាន់ចប់ទេ ហើយចំណុចនេះ ខ្ញុំគួរតែត្រូរំលេចថា គ្មានស្តង់ដារមួយទេ ដែលខ្ញុំនិយាយកាលពីប្រជុំ ICAPP កាលពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ពេលនោះកៅអីនៅអង្គការសហប្រជាជាតិ ត្រូវបានរបប លន់ នល់ គ្រប់គ្រង ដោយគេយហេតុផលថា លន់ នល់ គ្រប់គ្រងរដ្ឋធានី គេបកស្រាយតាមបែបនេះ […] ដល់ឆ្នាំ១៩៧៩ ដល់១៩៩១ យើងតស៊ូគ្នា ដើម្បីដណ្តើមយកកៅអីអង្គការសហប្រជាជាតិ បែរជាគេបកស្រាយថា រដ្ឋាភិបាលរបស់យើងខុសច្បាប់ កាលពីមុនគេថាអ្នកណាកាន់កាប់រដ្ឋធានី អ្នកណុងកាន់កាប់កៅអីនៅអង្គការសហប្រជាជាតិ តែដល់ក្រោយមកគេថាយើងជាអ្នកខុសច្បាប់ ក្នុងពេលដែលពួក លន់ នល់ ធ្វើរដ្ឋប្រហារខុសច្បាប់ គេថាជាអ្នកស្របច្បាប់នៅអង្គការសហប្រជាជាតិ...!»។
ត្រង់ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នេះគឺជាមេរៀន និងបទពិសោធន៍ ហើយត្រូវតែទាមទារនូវការបកស្រាយជាក់លាក់ ពីព្រោះការបកស្រាយទៅតាមអ្នកខ្លាំង បកស្រាយទៅតាមអ្នកដែលចង់បាន វាមិនមានសុច្ចរិតភាព នៃការបកស្រាយ ឬឥរិយាបថទទួលខុសត្រូវនៃប្រទេសមហាអំណាចនោះទេ។
«បើទោះបីរឿងរ៉ាវកន្លងផុតរយៈពេលយូរហើយក៏ដោយតែយើងមិនអាចបំភ្លេច យើងមិនអាចទាញយក ប្រែប្រួលអតីតកាលកើតទេ ក៏ប៉ុន្តែ អតីតកាលវាក៏ជាបទពិសោធន៍ សម្រាប់យើងនៅក្នុងអនាគតកាលនេះដែរ»។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។
បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានបន្តថា នៅដំណាក់កាលដែសលសម្តេចទទួលបានតំណែងជានាយករដ្ឋមន្ត្រីរបស់កម្ពុជា នៅឆ្នាំ១៩៨៥ ដែលឆ្នាំនោះសម្តេចទើបតែមានអាយុ៣២ឆ្នាំប៉ុណ្ណោះ ដែលជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុត នៅក្នុងពិភពលោកនាពេលនោះ។ ពេលទទួលបានតំណែងសម្តេចបានប្រកាសថានៅកម្ពុជា មិនត្រូវមានដំណោះស្រាយតាមយោធានោះឡើយ ចំពោះជម្លាះនៅកម្ពុជា គឺមានតែការចរចា និងដំណោះស្រាយនយោបាយខ្មែរ និងខ្មែរ ប៉ុណ្ណោះដែលអាចនាំមកនូវសន្តិភាពសម្រាប់កម្ពុជា៕