(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងបង្ហើបថា ពេលស្នាក់នៅវៀតណាម ប៉ុលពត តែងវាយប្រហារវៀតណាម ហើយសម្តេចបានប្រាប់មេដឹកនាំវៀតណាម ពីចំណុចដែល ប៉ុល ពត ត្រូវវាយ ប៉ុន្តែវៀតណាមមិនជឿ ហើយបើវៀតណាមជឿ គឺកម្លាំងវៀតណាម មិនរងគ្រោះខ្លាំងនោះទេ។
សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហើបទៀតថា ពេលទៅដល់វៀតណាម សម្តេចបានដាក់សំណើ ៥ចំណុច ក្នុងនោះ ក៏មានចំណុច ដែលសម្តេចស្នើឲ្យវៀតណាមជួយក្នុងចលនាតស៊ូ ប៉ុន្តែវៀតណាមមិនទាន់ព្រមជួយសម្តេចនោះទេ ដោយសារវៀតណាមគោរពគោលការណ៍ឯករាជ្យ អធិបតេយ្យភាព និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា។ បើតាមប្រសាសន៍សម្តេចតេជោ ទីបំផុតវៀតណាម បានជឿលើអ្វីដែលសម្តេចបានលើកឡើង និងព្រមជួយសម្តេច ក្រោយរងការវាយប្រហារពី ប៉ុល ពត។
សម្តេចតេជោ ហ៊ុន សែន បានរម្លឹកបន្តថា ពេលស្នាក់នៅវៀតណាម សម្តេចបានដាក់សំណើចំនួន៥ រួមមាន ទី១ កុំឲ្យវៀតណាមចាប់បញ្ជូនជនជាតិខ្មែរត្រឡប់មកវិញ ហើយសុំឲ្យពួកគេក្លាយជាជនភៀសខ្លួន, ទី២ សុំឲ្យមានការជ្រកកោនខាងនយោបាយចំពោះកម្មាភិបាលយុទ្ធជន ចំពោះជនភៀសខ្លួនទៅវៀតណាម, ទី៣ សុំឲ្យវៀតណាមជួយកសាងកម្លាំងប្រដាប់អាវុធសម្រាប់គម្រោងរំដោះប្រទេស, ទី៤ សុំជ្រើសរើសជនភៀសខ្លួនដែលរត់ទៅវៀតណាម ដើម្បីកសាងនូវកងកម្លាំងប្រដាប់អាវុធ និងទី៥ សុំឲ្យវៀតណាមបង្កលក្ខណៈដល់សម្តេចតេជោ បានទៅកាន់ទីកន្លែងជួបជុំជាមួយនឹងក្រុមដទៃទៀត ដែលមានការតស៊ូ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ ក្នុងពិធីបើកជាផ្លូវការ នៃសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ក្រោមមូលបទ៖ ការស្វែងរកសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «នៅពេលនោះ វៀតណាមឈរលើការគោរពឯករាជ្យ អធិបតេយ្យភាព និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា។ ថ្នាក់ដឹកនាំវៀតណាម មិនបានទទួលនូវការអនុញ្ញាត សម្រាប់ខ្ញុំនោះទេ។ ប៉ុន្តែ ពួក ប៉ុល ពត បានវាយប្រហារទៅលើវៀតណាម សូម្បីតែខ្ញុំបានប្រាប់ទៅមេដឹកនាំវៀតណាម ថ្នាក់ដឹកនាំកងទ័ពវៀតណាមថា ប៉ុល ពត នឹងវាយនៅចំណុចនេះ ចំណុចនេះ ចំណុចនេះ ... វៀតណាមអត់បានជឿនោះទេ។ ដូច្នេះហើយ នៅពេលដែលពួកវៀតណាម ពួកខ្មែរក្រហមវាយទៅលើវៀតណាម វៀតណាមខូចខាតធ្ងន់ធ្ងរ ស្លាប់ប្រជាជន យ៉ាងច្រើន។ ក្រោយមក នាយសេនាធិការកងទ័ពវៀតណាម បាននិយាយជាមួយខ្ញុំ ថាបើវៀតណាមជឿទៅលើអស់លោក ប្រហែលជាប្រជាជនវៀតណាម មិនគ្រោះថ្នាក់ដល់ម្ល៉ឹងទេ»។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា «ខ្មែរក្រហមបានចាប់ផ្តើមវាយទៅលើវៀតណាម។ ពេលនោះវៀតណាមបានឃើញសភាពការណ៍អាសន្ន មិនមែនគ្រាន់តែទឹកដីវៀតណាម ប៉ុន្តែសម្រាប់ទឹកដីកម្ពុជា ដូច្នេះវៀតណាមបានជួយចំពោះខ្ញុំសម្រាប់ការជួយកសាងកម្លាំងប្រដាប់អាវុធ សម្រាប់សង្គ្រោះជាតិកម្ពុជា ដែលទំហំកងទ័ពកាលនោះ មានប្រមាណជាង ១ម៉ឺននាក់ ២៣វរសេនាតូច ជាមួយនឹងក្រុមប្រតិបត្តិការប្រដាប់អាវុធផ្ទៃក្នុងប្រទេស។ ពេលនោះ ខ្ញុំសូមបញ្ជាក់ថា នៅពេលខ្ញុំចាប់ផ្តើមចលនាតស៊ូ ខ្ញុំទើបមានអាយុ ២៥ឆ្នាំប៉ុណ្ណោះ ហើយជាមេដឹកនាំ ដែលធំជាងគេនៅក្នុងកាលៈទេសៈនោះ ប៉ុន្តែ ១ម៉ឺននាក់ មិនអាចយកឈ្នះកងទ័ពខ្មែរក្រហម ដែលមានចំនួន ១៨ម៉ឺននាក់បានទេ។ ដូច្នេះ ជម្រើសចុងក្រោយ វៀតណាមសុខចិត្តផ្តល់នូវជំនួយកងទ័ពសម្រាប់រំដោះកម្ពុជា»។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា ការរំដោះកម្ពុជា ចេញពីរបបខ្មែរក្រហម ត្រូវប្រើប្រាស់កម្លាំងពីរ គួបផ្សំគ្នា រួមមាន ទីមួយគឺកងទ័ពកម្ពុជា ទោះបីជាតិច និងទីពីរ គឺការជួយពីកងទ័ពស្ម័គ្រចិត្តវៀតណាម។ សម្តេចតេជោ បានអរគុណបក្សកុម្មុយនិស្តវៀតណាម ដែលទទួលយកសំណើសម្តេច។
សម្តេចតេជោ ហ៊ុន សែន ថែមទាំងបានរម្លឹកទៀតថា មុនពេលភៀសខ្លួនទៅវៀតណាម សម្តេចជាមេបញ្ជាការវរសេនាធំ មានកម្លាំង ២ពាន់នាក់។ សម្តេចមានជម្រើស៤ ទី១ គឺជម្រើសនាំកងកម្លាំងបះបោរ តែមិនមែនជាជម្រើសល្អទេ, ទី២ ដកខ្លួនចេញសិន ហើយទៅកាន់ប្រទេសវៀតណាម ដើម្បីធ្វើការតស៊ូ, ទី៣ គឺមិនធ្វើអ្វីទាំងអស់ទុកឱ្យ ប៉ុល ពត យកទៅសម្លាប់ និងទី៤ គឺការធ្វើអត្តឃាត ហើយទីបំផុត គឺជ្រើសយកជម្រើសទី២ គឺភៀសខ្លួនទៅវៀតណាម៕