(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានថ្លែងថាទៅកាន់ប្រតិភូអន្តរជាតិថា សន្តិភាពដែលកម្ពុជាមាននាពេលនេះ ជាសន្តិភាពវែងជាងគេ គឺជិត២៧ឆ្នាំហើយនៃប្រវត្តិសាស្ត្ររបស់កម្ពុជា យ៉ាងហោចណាស់ក្នុងរយៈពេល៥០០ឆ្នាំចុងក្រោយ។

ការថ្លែងបែបនេះរបស់សម្ដេចតេជោ បានធ្វើឡើងក្នុងពិធីបើកជាផ្លូវការ នៃសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ក្រោមមូលបទ៖ ការស្វែងរកសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

សម្ដេចតេជោ បានថ្លែងថា ជោគជ័យនៃនយោបាយឈ្នះ ឈ្នះ ផ្ដល់ឱ្យកម្ពុជានូវសន្តិភាពពេញលេញ រួមទាំងការឯកភាពជាលើកដំបូង នៅក្នុងប្រវត្តិ៥០០ឆ្នាំរបស់ខ្លួន... ហើយសម្ដេច បានកាត់កេរកាត់ខ្មាស់ដើម្បីនិយាយរឿងនេះ ប៉ុន្តែយើងមិនគួរលាក់លៀមនូវអតីតកាលដ៏ឈឺចាប់របស់យើងទេ។

ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ទៅប្រតិភូអន្តរជាតិយ៉ាងដូច្នេះថា៖ «កម្ពុជា នៃ៥០០ឆ្នាំរបស់ខ្លួន គិតត្រឹមសម័យព្រះបាទពញ៉ាយ៉ាត ចន្លោះឆ្នាំ១៤០០ជាង ដោយមិនគិតពីសម័យមុននេះនោះទេ ប៉ុន្តែសួរថាកម្ពុជាមានសន្តិភាពពីពេលណា? ដែនដីកម្ពុជាតែងតែមានតំបន់ត្រួតត្រាច្រើន មិនតិចជាង២ក្នុងពេលតែមួយ ប៉ុន្តែនយោបាយឈ្នះ ឈ្នះ គឺផ្ដល់ឱកាសដល់កម្ពុជាមានសន្តិភាពជាតិ ២៧ឆ្នាំហើយ ជាសន្តិភាពដែលមានរយៈពេលវែងជាងគេ នៅក្នុងប្រវត្តិ៥០០ឆ្នាំចុងក្រោយរបស់ខ្លួន»

បើតាម សម្ដេចតេជោ, នៅក្នុងសម័យសង្គមរាស្ត្រនិយម គិតចាប់ពីឆ្នាំ១៩៥៤ កម្ពុជាមានសន្តិភាពត្រឹមតែ១៦ឆ្នាំប៉ុណ្ណោះ ហើយក្នុង១៦ឆ្នាំនេះទៀតសោត គឺតែងមានការរំខានដោយកម្លាំងខ្មែរក្រហម ដោយកម្លាំងខ្មែរខៀវ និងកម្លាំងខ្មែរស និងការទម្លាក់គ្រាប់បែកដោយសហរដ្ឋអាមេរិក និងវៀតណាមខាងត្បូងនៅតាមព្រំដែន។ សម្ដេច បានបន្ថែមថា ប៉ុន្តែសម្រាប់យើងខ្ញុំ ជិត២៧ឆ្នាំនេះ គឺជាសន្តិភាពដែលគ្មានបែងចែក គ្មានកម្លាំងប្រដាប់អាវុធដែលនៅសេសសល់ទេ គឺមាន «ព្រះមហាក្សត្រតែមួយព្រះអង្គ មានរដ្ឋធម្មនុញ្ញតែមួយ រដ្ឋសភាតែមួយ រដ្ឋាភិបាលតែមួយ កម្លាំងប្រដាប់អាវុធតែមួយ» ដ្បិតយើងមានគណបក្សច្រើន ប៉ុន្តែគ្មានការផ្ទុះកម្លាំងប្រដាប់អាវុធទៀតនោះទេ។

ជាថ្មីម្ដងទៀត សម្ដេច បានសង្កត់ធ្ងន់ថា «សម្រាប់កម្ពុជា ជាការពិតណាស់សន្តិភាព ត្រូវតែបានការពារ ដោយមិនអាចលើកពីបញ្ហាផ្សេងមកនិយាយ មុននឹងសន្តិភាពនោះទេ ព្រោះបើគ្មានសន្តិភាព មិនអាចធ្វើអ្វីផ្សេងបាននោះទេ កម្ពុជាទទួលរងការឈឺចាប់លើសពីការគ្រប់គ្រាន់ទៅហើយ កម្ពុជាមិនត្រូវការនូវសង្គ្រាមណាមួយបង្កើតនៅកម្ពុជាទេ»