(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ៩រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ រដ្ឋសភាកម្ពុជា បើកជាផ្លូវការនៃសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP)។ សម័យប្រជុំ IPTP ធ្វើឡើងក្រោមមូលបទ៖ ការស្វែងរកសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

ពិធីបើកសម័យប្រជុំជាផ្លូវការនេះ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រួមជាមួយឥស្សរជនជាប្រធានស្ថាប័នសភាអន្តរជាតិមួយចំនួនទៀត។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបើកជាផ្លូវការនៃសម័យប្រជុំពេញអង្គ លើកទី១១ នៃសភាអន្តរជាតិ៖

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការជួបជុំគ្នានៃអង្គសភាអន្តរជាតិដ៏ឧត្តមនេះ ពិតជាបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរួមគ្នា របស់សមាជិកសភា, អ្នកនយោបាយ និង ភាគីពាក់ព័ន្ធទាំងអស់ពីគ្រប់បណ្តាប្រទេសស្នេហាសន្តិភាពទាំងឡាយ ក្នុងការកសាងពិភពលោកមួយប្រកបដោយសន្តិភាព, ភាពអត់ឱន, ភាពសុខដុមរមនា, និង វិបុលភាព ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងខណៈដែលពិភពលោកយើងកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន កើតចេញពីការគំរាមកំហែងសន្តិសុខប្រពៃណីនិងមិនប្រពៃណី ដែលបានបង្កជាការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព, ស្ថិរភាព និង ការអភិវឌ្ឍសកល, ការរៀបចំកិច្ចប្រជុំនេះគឺជាកាតព្វកិច្ចរបស់កម្ពុជា, ហើយការបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងចំពោះបុព្វហេតុ ដែលបានបញ្ជាក់ខាងដើម គឺជាកាតព្វកិច្ចរួមរបស់សមាជិកសភា ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ផងដែរ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងរំលឹកថា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានមានប្រសាសន៍ប្រកបដោយគតិបណ្ឌិតនាពេលកន្លងមកថា «សន្តិភាពគឺជាគ្រឹះនៃអ្វីៗគ្រប់បែបយ៉ាង ។ គ្មានសន្តិភាព គឺគ្មានការអភិវឌ្ឍ គ្មានការរីកចម្រើន និង គ្មានអនាគតទេ ។ គ្មានសន្តិភាព គឺគ្មានសិទ្ធិមនុស្ស និង គ្មានការអភិវឌ្ឍដូច្នេះទេ»។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បទពិសោធរបស់កម្ពុជាក្នុងប្រវត្តិនៃដំណើរឆ្ពោះទៅរកសន្តិភាពបានប្រែក្លាយប្រទេសនេះ ឱ្យមានការអភវិឌ្ឍតាមរបៀបដែលនឹកស្មានមិនដល់, អាស្រ័យដោយមាន «គោលនយោបាយឈ្នះ-ឈ្នះ» ប្រកបដោយទស្សនវិស័យវែងឆ្ងាយ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអនុវត្តគោលនយោបាយឈ្នះ-ឈ្នះ មិនត្រឹមតែបញ្ចប់នូវជម្លោះដែលបានអូសបន្លាយជាច្រើនទសវត្សនោះទេ ប៉ុន្តែគោលនយោបាយនេះបានផ្តល់នូវមូលដ្ឋានគ្រឹះ សម្រាប់ការផ្សះផ្សាជាតិ និង ស្ថិរភាពយូរអង្វែងរហូតមកទល់សព្វថ្ងៃ តាមរយៈការអនុវត្តប្រកបដោយភាពជាក់ស្តែងនិយម ដែលចាប់ផ្តើមពីការសន្ទនា, ការស្រុះស្រួលគ្នា និង ការលើកកម្ពស់បរិយាប័ន្ន ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សេដ្ឋកិច្ចយើងមានកំណើនជាង ៧% ជារៀងរាល់ឆ្នាំ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយមុនវិបត្តិនៃជំងឺឆ្លងកូវីដ-១៩។ ផ្លែផ្កានៃការអភិវឌ្ឍ ត្រូវបានចែករំលែកដល់តំបន់ជនបទដាច់ស្រយាលទូទាំងប្រទេសផងដែរ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅពេលដែលយើងនិយាយអំពីកំណើនសេដ្ឋកិច្ច យើងមិនត្រឹមតែសំដៅទៅលើតួលេខនៅក្នុងសៀវភៅប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ចង់សំដៅទៅលើតថភាពក្នុងពេលបច្ចុប្បន្ន ដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើង នៃកម្រិតជីវភាពរស់នៅរបស់ប្រជាជន និងសុខុមាលភាពសង្គមនៅទូទាំងប្រទេស ដូចអ្វីដែលភ្ញៀវកិត្តិយសទាំងអស់បានឃើញដោយផ្ទាល់ភ្នែក។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាកំពុងស្ថិតនៅលើមាគ៌ាដ៏ច្បាស់លាស់ក្នុងការចាកចេញពីស្ថានភាព នៃប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDC) នៅឆ្នាំ ២០២៩។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សូចនាករសង្គមគន្លឹះមួយចំនួនគឺជាសក្ខីភាពជាក់ស្តែង ដែលបង្ហាញពីការអភិវឌ្ឍប្រកប ដោយបរិយាប័ន្នរបស់កម្ពុជា តួយ៉ាងរួមមាន៖ ការកើនឡើងនៃអាយុរំពឹងរស់របស់ពលរដ្ឋ, ពី៥៩ ឆ្នាំ ក្នុងឆ្នាំ ២០០០, រហូតដល់៧៦ឆ្នាំ ក្នុងឆ្នាំ ២០២១; ការថយចុះនៃអត្រាមរណភាពមាតាពី ៤៣៧នាក់ ក្នុងឆ្នាំ ២០០០, មកនៅត្រឹម ១៥៤នាក់ ក្នុងឆ្នាំ ២០២២, ក្នុងចំណោមទារក ១០ ម៉ឺន កំណើតរស់ និង អត្រាមរណភាពទារកដែលទើបនឹងកើតបានធ្លាក់ចុះពី ៣៧នាក់ ក្នុងឆ្នាំ ២០០០, មកនៅត្រឹម៨នាក់ ក្នុងឆ្នាំ ២០២២, ក្នុងចំណោម ១ ០០០ កំណើតរស់ ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាគឺជាសក្ខីភាពជាក់ស្តែង បញ្ជាក់ពីឥទ្ធិពលនៃសន្តិភាពដែលនាំមកនូវការប្រែប្រួល ហើយយើងមានឆន្ទៈខ្ពស់នឹងបន្តចែករំលែកបទពិសោធពោរពេញដោយក្តីសង្ឃឹមនេះ ទៅដល់បណ្តាប្រទេសផ្សេងទៀតនៅជុំវិញពិភពលោក ក្នុងការស្វែងរកសន្តិភាព និង ការផ្សះផ្សា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាយល់ជាក់ច្បាស់ពីតម្លៃនៃសន្តិភាព ដែលជាមូលដ្ឋានគ្រឹះដ៏មានសារៈសំខាន់ក្នុងការធានាបាននូវការស្តារឡើងវិញ និង ការអភិវឌ្ឍជាតិជាតិប្រកបដោយភាពធន់ ។ សន្តិភាពផ្តល់ឱ្យយើងនូវឱកាសដើម្បីវិនិយោគលើប្រជាជន, ស្ថាប័ន និង អនាគតរបស់យើង ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅក្នុងអាណត្តិរបស់សម្តេច បានដាក់ចេញនូវក្របខ័ណ្ឌគ្រប់ជ្រុងជ្រោយដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព ដែលយើងហៅថា «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» ។ យុទ្ធសាស្ត្រនេះផ្តោតលើអាទិភាពគន្លឹះ ៥ រួមមាន៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និង បច្ចេកវិទ្យា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ធម្មនុញ្ញសន្តិភាពសកល ដែលយើងត្រៀមនឹងអនុម័តនៅក្នុងពិធីដ៏មានសារសំខាន់នេះ គឺជានិម្មាបនកម្មសន្តិភាពសកល សំដៅពង្រឹងសាមគ្គីភាពសកល និងភាពជាដៃគូដើម្បីសន្តិ-ភាព ការអត់ឱន ភាពសុខដុម សេចក្តីថ្លៃថ្នូរ និង វិបុលភាពសម្រាប់មនុស្សជាតិ ។ ធម្មនុញ្ញសន្តិភាពសកលនេះ គ្របដណ្តប់លើសសរស្តម្ភសំខាន់ចំនួន ៥ រួមមាន៖ ទី១. ការទប់ស្កាត់ជម្លោះ; ទី២. ដំណើរការកសាងសន្តិភាព និងយន្តការសម្របសម្រួល; ទី៣. យុត្តិធម៌អន្តរកាល; ទី៤. វិធានការស្តារឡើងវិញក្រោយជម្លោះ និង ការឆ្លើយតបចំពោះគ្រោះមហន្តរាយ និង វិធានការមនុស្សធម៌; និង ទី៥. សន្តិសុខស្បៀង និង ការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងគូសរំលេចបន្ថែមពីសមទ្ធិផលដ៏វិសេសវិសាលមួយទៀត ដែលកម្ពុជាសម្រេចបានក្នុងការផ្សារភ្ជាប់ទៅនឹងសន្តិភាព, យុត្តិធម៌ និង ការអត់ឱន។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការផ្តល់យុត្តិធម៌ក្នុងពេលមានសន្តិភាពមានសារៈសំខាន់ដូចគ្នា ទៅនឹងការផ្តល់យុត្តិធម៌ក្នុងអំឡុងពេលក្រោយជម្លោះ។ ជាក់ស្តែង, អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC) ឬ សាលាក្តីខ្មែរក្រហម បានបញ្ចប់ដោយជោគជ័យនូវដំណើរការកាត់ក្តី ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះដែលបានបាត់បង់ជីវិត និងដល់អ្នកនៅរស់រានមានជីវិត។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការស្វែងរកសន្តិភាព ត្រូវតែមានភាពបុរេសកម្ម ហើយយើងត្រូវពួតដៃប្រឹងប្រែងរួមគ្នា។ ជាមួយគ្នានេះ, យើងក៏ត្រូវការនូវការចូលរួមកាន់តែខ្លាំងឡើងៗពីសំណាក់រដ្ឋាភិបាលទាំងអស់ ព្រមទាំងតួអង្គពាក់ព័ន្ធផ្សេងទៀតដូចជា វិស័យឯកជន, មូលនិធិឯកជន, ស្ថាប័នស្រាវជា្រវ និង អង្គការសង្គមស៊ីវិលនានា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរួមចំណែករបស់តួអង្គពាក់ព័ន្ធទាំងឡាយ ពិតជាមានសារៈសំខាន់ក្នុងការលើកកម្ពស់ការទូតបង្ការជម្លោះ, វិធានការកសាងការជឿជាក់ និងទំនុកចិត្ត ព្រមទាំងសុចរិតភាពនៃប្រព័ន្ធផ្សព្វផ្សាយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងត្រូវធ្វើការរួមគ្នាដោះស្រាយការគំរាមកំហែងសន្តិសុខមិនប្រពៃណី រួមមាន បញ្ហាអសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និង គ្រោះមហន្តរាយដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងបញ្ហាផ្សេងៗទៀតផងដែរ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចសង្ឃឹមយ៉ាងមុតមាំថា របៀបវារៈនៃធម្មនុញ្ញសន្តិភាពសកល នឹងមានវឌ្ឍនភាពទៅមុខដោយល្អប្រសើរ ដើម្បីជាកាតាលីករដ៏ពិសិដ្ឋ ក្នុងការជំរុញភាពស៊ីសង្វាក់គ្នារវាងរដ្ឋាភិបាល សភា និងអង្គការសង្គមស៊ីវិល សំដៅសម្រេចបាននូវចក្ខុវិស័យសន្តិភាព សម្រាប់មនុស្សជាតិ ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត សូមយកឱកាសនេះអំពាវនាវដល់ប្រជាជាតិ និង ស្ថាប័នទាំងអស់ ចូលរួមជំរុញការប្តេជ្ញាចិត្តរួមគ្នា ដើម្បីធ្វើឱ្យពិភពលោករបស់យើងមានសុវត្ថិភាព និង មានវិបុលភាពភាព សម្រាប់មនុស្សជំនាន់ក្រោយៗទៀត៕