(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍ថា តាមរយៈការដកកងទ័ពទាំងស្រុងរបស់វៀតណាមចេញពីប្រទេសកម្ពុជា នាឆ្នាំ១៩៨៩ បានបើកផ្លូវដល់ដំណើរទៅមុខនៃការចរចា ដែលពេលនោះ ត្រូវជាប់គាំងលើបញ្ហាអនាគតរបស់ខ្មែរក្រហម និងវត្តមានកងទ័ពបរទេសចេញពីកម្ពុជា។

សម្ដេចតេជោ បានថ្លែងបែបនេះនៅក្នុងបាឋកថាពិសេស នាពិធីបើកជាផ្លូវការ នៃសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ក្រោមមូលបទ៖ ការស្វែងរកសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

ជាមួយគ្នានេះសម្ដេចតេជោ ប្រធានព្រឹទ្ធសភាកម្ពុជា បានគូសរំលេចបន្ថែមថា៖ «ចំណែកវៀតណាម ការដកកងទ័ពរបស់ពួកគេទាំងស្រុងនៅឆ្នាំ១៩៨៩ ក៏បានដោះស្រាយភាពជាប់គាំងលើការចរចាទាក់ទងនឹងអនាគតរបស់ខ្មែរក្រហម និងវត្តមានកងទ័ពបរទេសនៅកម្ពុជាផងដែរ។ ខ្ញុំសូមបញ្ជាក់លើចំណុចនេះបន្តិច ពេលដែលខ្ញុំមកកាន់តំណែងជានាយករដ្ឋមន្រ្តី ខ្ញុំនៅបន្តកាន់តំណែងជារដ្ឋមន្រ្តីការបរទេសផងដែរ ពេលនោះនៅចុងឆ្នាំ១៩៨៥ មានការប្រជុំរដ្ឋមន្រ្តីការបរទេសមួយ នៅឯទីក្រុងហាណូយ ដោយមានខ្ញុំជានាយករដ្ឋមន្រ្តីផង និងជារដ្ឋមន្រ្តីការបរទេសផង វៀតណាមតំណាដោយឯកឧត្តម ង្វៀន គឿតថាច់ ជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស ឡាវតំណាងដោយឯកឧត្តម ភួងស៊ី វិសិទ្ធ ជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស»

«ពេលនោះយើងមានការប្រកាសថា នឹងដកកងទ័ពវៀតណាមក្នុងរយៈពេល៥ ទៅ១០ឆ្នាំ អីចឹងបើសិនជាយើងអនុវត្តន៍ទៅតាមបែបនេះ កងទ័ពវៀតណាមនឹងដកនៅឆ្នាំ១៩៩០ ឬរហូតមកដល់៩៥ បើគិតពីការបរិច្ឆេត៥ ទៅ១០ឆ្នាំ។ ប៉ុន្តែយើងបានខិតខំដោយកម្ពុជាខ្លួនឯង ត្រូវធ្វើការខិតខំកសាងកម្លាំងឱ្យបានឆាប់ដើម្បីជំនួសតួរនាទីនៃកងទ័ពវៀតណាម។ នៅចុងបំផុតវៀតណាមបានដកកងទ័ពចេញនៅក្នុងខែកញ្ញា ឆ្នាំ១៩៧៩ ដែលបានផ្ដល់ឱកាសឱ្យកម្ពុជា ដោះស្រាយបានបញ្ហាអន្តរជាតិ»។

ជាមួយគ្នានេះសម្ដេតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា៖ «បញ្ហាកម្ពុជា មានទិដ្ឋភាព២ ទិដ្ឋភាពអន្តរជាតិ និងទិដ្ឋភាពផ្ទៃក្នុង ដូច្នេះពេលដែលកងទ័ពវៀតណាមដកចេញពីកម្ពុជា ទិដ្ឋភាពអន្តរជាតិ ត្រូវបានដោះស្រាយ បញ្ហាដែលនៅសេសសល់គឺអនាគតខ្មែរក្រហម និងការប្រើប្រាស់ទឹកដីនៃប្រទេសផ្សេង និងជំនួយយោធាពីប្រទេសផ្សេងមកកាន់កម្លាំងប្រឆាំងតែប៉ុណ្ណោះ។ វាជាផ្នែកមួយនៃការបង្កើនទម្ងន់ក្នុងការចរចា ព្រោះមុននេះគេបានអំពីបញ្ហាកងទ័ពវៀតណាម ប៉ុន្តែពេលដែលកងទ័ពវៀតណាមចាកចេញការចរចារបស់ខ្ញុំត្រូវបានធ្វើនៅក្នុងសន្ទុះដ៏ខ្លាំងនៅលើតុចរចា»

នៅក្នុងបាឋកថាពិសេស របស់សម្ដេចតេជោ ហ៊ុន សែន ក្រោមមូលបទ៖ ការស្វែងរកសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន បានបញ្ជាក់ថា មូលដ្ឋាននៃដំណើរការចរចា ដែលទទួលបានការគាំទ្រពីប្រទេសជាមិត្តក្នុងសហគមន៍អន្តរជាតិដែលសំខាន់ជាងនេះ គឺជាគំនិតផ្ដួចផ្ដើម និងកិច្ចខិតខំប្រឹងប្រែងរបស់ខ្មែរផ្ទាល់ ក្នុងការបង្កើតក្រុមប្រឹក្សាជាតិជាន់ខ្ពស់ SNC សម្រាប់ប្រទេសកម្ពុជា។ នេះគឺជាផ្នែមួយដ៏សំខាន់បំផុត នៃដំណើរការចរចាព ដែលបង្ហាញពីឆន្ទៈ និងភាពសកម្ម និងបុរេសកម្មរបស់កម្ពុជា ក្នុងការកសាង និងការធានាសន្តិភាពសម្រាប់ប្រទេសជាតិ ទោះបីស្ថិតនៅក្នុងកាលៈទេសៈ មានបញ្ហាប្រឈមប៉ុណ្ណាក៏ដោយ៕