(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា កិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការស្វែងរកសន្តិភាព ត្រូវតែមានភាពបុរេសកម្ម ហើយយើងត្រូវពួតដៃប្រឹងប្រែងរួមគ្នា។ ជាមួយគ្នានេះ, យើងក៏ត្រូវការនូវការចូលរួមកាន់តែខ្លាំងឡើងៗ ពីសំណាក់រដ្ឋាភិបាលទាំងអស់ ព្រមទាំងតួអង្គពាក់ព័ន្ធផ្សេងទៀតដូចជា វិស័យឯកជន, មូលនិធិឯកជន, ស្ថាប័នស្រាវជា្រវ និង អង្គការសង្គមស៊ីវិលនានា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសរដ្ឋសភាកម្ពុជា បើកជាផ្លូវការនៃសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ក្រោមមូលបទ៖ ការស្វែងរកសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «កិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការស្វែងរកសន្តិភាព ត្រូវតែមានភាពបុរេសកម្ម ហើយយើងត្រូវពួតដៃប្រឹងប្រែងរួមគ្នា។ ជាមួយគ្នានេះ, យើងក៏ត្រូវការនូវការចូលរួមកាន់តែខ្លាំងឡើងៗពីសំណាក់រដ្ឋាភិបាលទាំងអស់ ព្រមទាំងតួអង្គពាក់ព័ន្ធផ្សេងទៀតដូចជា វិស័យឯកជន, មូលនិធិឯកជន, ស្ថាប័នស្រាវជា្រវ និង អង្គការសង្គមស៊ីវិលនានា»

បើតាមប្រសាសន៍សម្តេចមហាបវរធិបតី កម្ពុជាគឺជាសក្ខីភាពជាក់ស្តែង បញ្ជាក់ពីឥទ្ធិពលនៃសន្តិភាពដែលនាំមកនូវការប្រែប្រួល ហើយយើងមានឆន្ទៈខ្ពស់នឹងបន្តចែករំលែកបទពិសោធពោរពេញដោយក្តីសង្ឃឹមនេះ ទៅដល់បណ្តាប្រទេសផ្សេងទៀតនៅជុំវិញពិភពលោក ក្នុងការស្វែងរកសន្តិភាព និង ការផ្សះផ្សា។

សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ក៏បានយកឱកាសនេះអំពាវនាវដល់ប្រជាជាតិ និង ស្ថាប័នទាំងអស់ ចូលរួមជំរុញការប្តេជ្ញាចិត្តរួមគ្នា ដើម្បីធ្វើឱ្យពិភពលោករបស់យើងមានសុវត្ថិភាព និង មានវិបុលភាពភាព សម្រាប់មនុស្សជំនាន់ក្រោយៗទៀត៕