(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះបានថ្លែងថា សេដ្ឋកិច្ចកម្ពុជាមានកំណើនជាង ៧% ជារៀងរាល់ឆ្នាំ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយ មុនវិបត្តិនៃជំងឺឆ្លងកូវីដ-១៩ ហើយកម្ពុជាកំពុងស្ថិតនៅលើមាគ៌ាដ៏ច្បាស់លាស់ ក្នុងការចាកចេញពីស្ថានភាព នៃប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDC) នៅឆ្នាំ២០២៩។

ការថ្លែងរបស់សម្តេចធិបតីធ្វើឡើង ក្នុងឱកាសអញ្ជើញក្នុងពិធីបើកជាផ្លូវការនៃសម័យប្រជុំពេញអង្គ លើកទី១១ នៃសភាអន្តរជាតិ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សម្តេចធិបតីបានថ្លែងទៀតថា ផ្លែផ្កានៃការអភិវឌ្ឍរបស់កម្ពុជា ត្រូវបានចែករំលែកដល់តំបន់ជនបទដាច់ស្រយាលទូទាំងប្រទេសផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា សូចនាករសង្គមគន្លឹះមួយចំនួន គឺជាសក្ខីភាពជាក់ស្តែង ដែលបង្ហាញពីការអភិវឌ្ឍប្រកប ដោយបរិយាប័ន្នរបស់កម្ពុជា តួយ៉ាងរួមមាន៖ ការកើនឡើងនៃអាយុរំពឹងរស់របស់ពលរដ្ឋ, ពី៥៩ ឆ្នាំ ក្នុងឆ្នាំ ២០០០, រហូតដល់៧៦ឆ្នាំ ក្នុងឆ្នាំ ២០២១; ការថយចុះនៃអត្រាមរណភាពមាតាពី ៤៣៧នាក់ ក្នុងឆ្នាំ ២០០០, មកនៅត្រឹម ១៥៤នាក់ ក្នុងឆ្នាំ ២០២២, ក្នុងចំណោមទារក ១០ ម៉ឺន កំណើតរស់ និងអត្រាមរណភាពទារកដែលទើបនឹងកើតបានធ្លាក់ចុះពី ៣៧នាក់ ក្នុងឆ្នាំ២០០០, មកនៅត្រឹម៨នាក់ ក្នុងឆ្នាំ ២០២២, ក្នុងចំណោម ១ ០០០ កំណើតរស់។

សូមជម្រាបថា ផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជាបានកើនឡើងជាលំដាប់កើនដល់ ២៩.៦១ ពាន់លានដុល្លារក្នុងឆ្នាំ២០២២, រយៈពេល ២ទសវត្សរ៍ចុងក្រោយនេះ អត្រាភាពក្រីក្របានធ្លាក់ចុះជាលំដាប់ក្នុងអត្រាមធ្យមប្រចាំឆ្នាំ ១.៦ ភាគរយពី ៦០ភាគរយក្នុងឆ្នាំ ២០០០ មកត្រឹម ១៦ ភាគរយក្នុងឆ្នាំ ២០២២ ហើយសេដ្ឋកិច្ចកម្ពុជាបានកើនឡើងជាង ៧ភាគរយក្នុងមួយឆ្នាំ។ កំណើនដ៏ខ្ពស់នេះបានធ្វើឱ្យកម្ពុជា ចាកចេញពីឋានៈជាប្រទេសក្រីក្រ និងបានក្លាយជាប្រទេស មានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ ២០១៥, ការវិនិយោគផ្ទាល់ពីបរទេសបានកើនពី ១១០លានដុល្លារ នៅឆ្នាំ២០០០ រហូតដល់ ៤,៩ ពាន់លានដុល្លារនៅឆ្នាំ ២០២៣។

ជាមួយគ្នានេះទំហំពាណិជ្ជកម្មរបស់កម្ពុជាមានប្រមាណ ៤,៥ ពាន់លានដុល្លារនៅឆ្នាំ ២០០៤ ហើយបានកើនឡើងជាបន្តបន្ទាប់រហូតដល់ ៤៧,៨៨ ពាន់លានដុល្លារនៅឆ្នាំ ២០២៣ ក្នុងនោះការនាំចេញសរុបរបស់កម្ពុជាមានប្រមាណ ២៣,៤៧ ពាន់លានដុល្លារ។

កម្ពុជាបានកំណត់គោលដៅ សម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។

ក្នុងឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាយល់ជាក់ច្បាស់ពីតម្លៃនៃសន្តិភាព ដែលជាមូលដ្ឋានគ្រឹះដ៏មានសារៈសំខាន់ ក្នុងការធានាបាននូវការស្តារឡើងវិញ និងការអភិវឌ្ឍជាតិជាតិប្រកបដោយភាពធន់។ សន្តិភាពផ្តល់ឱ្យកម្ពុជា នូវឱកាសដើម្បីវិនិយោគលើប្រជាជន, ស្ថាប័ន និង អនាគតរបស់កម្ពុជា៕