(ព្រះសីហនុ)៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ជាមួយក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃថ្នាក់សាខា បានរៀបចំទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ៖ «សិទ្ធិជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍» ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលមង្គលសេដ្ឋាច័ន្ទ ខេត្តព្រះសីហនុ។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា។

ថ្លែងក្នុងពិធីលោកស្រី ម៉ាក សំណាង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានលើកឡើងពីសកម្មភាពមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ជាមួយនឹងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅថ្នាក់សាខាខេត្ត ដែលបានខិតខំយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្ត្រជាតិ ដើម្បីបំផុសស្មារតីបងប្អូនជនរួមជាតិគ្រប់មជ្ឈដ្ឋាន ជាពិសេសក្មួយៗជាយុវជន ដែលជាអ្នកប្រឈមខ្ពស់ ឱ្យចូលរួមក្នុងចរន្តជាតិតែមួយដើម្បីឈានឆ្ពោះទៅរកការបញ្ចប់អេដស៍ តាមរយៈការអប់រំផ្សព្វផ្សាយជាប្រចាំក្នុងពេលចុះសួរសុខទុក្ខផ្ទាល់ ពេលចែកអំណោយ ពេលវគ្គបណ្តុះបណ្តាលនានា និងមិត្តអប់រំមិត្តនៅតាមសាលារៀន និងសហគមន៍ជាដេីម។

ក្នុងឱកាសនោះដែរ លោកស្រី ម៉ែន នារីសោភ័គ បានកោតសរសើចំពោះសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដែលបានរៀបចំប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នេះឡើងដើម្បីទាញការយកចិត្តទុកដាក់របស់បងប្អូនរួមជាតិ ជាពិសេសយុវជន និងសហគមន៍ងាយរងគ្រោះឱ្យបន្តការប្រុងប្រយ័ត្នក្នុងការបង្ការទប់ស្កាត់ការចម្លងមេរោគអេដស៍ និងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រទេស និងកសាងសង្គមជាតិមួយ ដែលពុំមានការគំរាមកំហែងពីមេរោគអេដស៍/ជំងឺអេដស៍។

ទន្ទឹមនឹងនេះលោកស្រីបានគូសបញ្ជាក់ពីគំរូវីរភាពរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានក្តីអាណិត-ស្រឡាញ់ បង្ហាញពីការមិនរេីសអេីងចំពោះអ្នកផ្ទុកមេរោគអេដស៍ លេីកកម្ពស់សិទ្ធិស្មេីមុខស្មេីមាត់ក្នុងសង្គមជាតិ និងការទប់ស្កាត់ការឆ្លងរាលដាលមេរោគអេដស៍ពីម្តាយទៅកូនជាដេីម។

ឆ្លៀតក្នុងឱកាសនោះដែរ លោកស្រីក៏បានអានជូននូវសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤ ដែលផ្តាំផ្ញេី និងអំពាវនាវជូនបងប្អូនជនរួមជាតិ ចូលរួមបញ្ចប់ជំងឺអេដស៍នៅកម្ពុជា និងបន្តភាពជាដៃគូជាមួយកាកបាទក្រហមកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលសម្រេចឱ្យបានគោលដៅបញ្ចប់ជំងឺអេដស៍នាឆ្នាំ២០២៥។

ក្នុងពិធីនោះ ក៏មានការចែកអំណោយមនុស្សធម៌ជូនដល់អ្នកផ្ទុកមេរោគអេដស៍ចំនួន ៥០នាក់ ដែលបានចូលរួមក្នុងកម្មវិធីនេះផងដែរ៕