(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែង ថ្មីៗនេះថា បើនិយាយអំពីទង្វើរបស់ត្រកូលជនក្បត់ជាតិបីជំនាន់ត្រកូល"សម" សម រង្ស៊ី គឺជាកូនរបស់សម សារី និងគូកនរបស់ខ្លួន ដែលបានបញ្ចេញវោហាសាស្រ្ដយ៉ាងក្ដែងៗ ទាំងដែលត្រកូលខ្លួនក្បត់ជាតិ បែរជាចោទប្រកាន់មកលើត្រកូលមេដឹកនាំបិតាសន្តិភាពត្រកូល"ហ៊ុន" បុត្រាសម្ដេចតេជោ ហ៊ុន សែន គឺសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ថាបានប្រគល់ដែនទឹកសមុទ្រកោះ​គុតទៅ​ឲ្យត្រកូល"ថាក់ស៊ីន " គឺកូនស្រីរបស់លោក ថាក់ ស៊ីនស៊ីណាវ៉ាត្រា លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា- Paetongtarn Shinawatra នាយករដ្ឋមន្រ្ដីថៃ ដើម្បីគ្រប់គ្រង​ជា​កម្មសិទ្ធិ​ផ្ដាច់មុខ​ គឺជាថ្នូរ​នឹងការ​បង្ក្រាប​ ទៅលើត្រកូលជនក្បត់ជាតិបីជំនាន់ត្រកូល "សម" ជារឿងដ៏គួរឲ្យអស់សំណើច។

ដោយហេតុថា នរណាៗ ក៏គេដឹងដែរថា ទង្វើវោហាសាស្រ្ដរបស់ត្រកូលជនក្បត់បីជំនាន់ត្រកូល "សម" ស្ដីពីការអួតអាងវិលចូលមកស្រុកវិញ ពុំមែនទើបតែចាប់ផ្ដើមនៅក្នុងអាណត្ដិរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងរាជរដ្ឋាភិបាលថៃដឹកនាំដោយកូនស្រីលោក ថាក់ស៊ីន គឺលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ឆ្នាំ២០២៤ថ្មីៗនេះទេ។ បើពោលឲ្យចំ វោហាសាស្រ្ដរបស់ត្រកូលជនក្បត់ជាតិបីជំនាន់ត្រកូល "សម "ស្ដីពីការអួតអាងពីការវិលចូលមកស្រុកខ្មែរនេះ គឺបានអួតតាំងពីរាប់ឆ្នាំមកហើយ តាំងពីអតីតលោកនាយករដ្ឋមន្រ្ដីថៃ ប្រាយុទ្ធ ចាន់អ៊ូចា មកម៉្លេះ។

ជាក់ស្ដែងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ត្រកូលជនក្បត់ជាតិបីជំនាន់ត្រកូល"សម" សម រង្ស៊ី បានដាក់លិខិតមួយស្នើទៅលោក ប្រាយុទ្ធ ចាន់អូចា ដើម្បីចុះចតនៅទីក្រុងបាងកក រួចធ្វើដំណើរបន្តមកកាន់កម្ពុជាដើម្បីដឹកនាំធ្វើរដ្ឋប្រហារ ឬបដិវត្ដពណ៌ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩ ។ ឆ្លើយតបទៅនឹងទង្វើរបស់ត្រកូលជនក្បត់ជាតិបីជំនាន់នេះ នៅរសៀលថ្ងៃទី៦វិច្ឆិកា ឆ្នាំ២០១៩ លោក ប្រាយុទ្ធ បានធ្វើសន្និសីទសារព័ត៌មាន ដោយបានទាត់ចោលនិងព្រមានយ៉ាងម៉ឺងម៉ាត់ហើយច្បាស់ៗ ថា «យោងទៅតាមការប្តេជ្ញាចិត្តរបស់យើងក្នុងនាមជាសមាជិកអាស៊ាន យើងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសសមាជិកដទៃ និងមិនអនុញ្ញាតឲ្យអ្នកណាមួយប្រើប្រាស់ទឹកដីថៃដើម្បីប្រឆាំងរដ្ឋាភិបាលណាមួយនោះទេ» គឺមិនអនុញ្ញាតឲ្យ សម រង្ស៊ី ជាន់ទឹកដីថៃជាដាច់ខាត។ លោក ប្រយុទ្ធ ថែមទាំងបញ្ជាក់ទៀតថា លោក បានចេញបញ្ជាដ៏តឹងរឹងលើបញ្ហានេះ ដូច្នេះលោក សម រង្ស៊ី នឹងយល់ហើយមិនមកនោះទេ។

ដូច្នេះទង្វើរបស់ត្រកូលជនក្បត់ជាតិបីជំនាន់ត្រកូល "សម" ចោទប្រកាន់មកលើត្រកូលមេដឹកនាំបិតាសន្តិភាពត្រកូល "ហ៊ុន" ថាបានប្រគល់ដែនទឹកសមុទ្រកោះ​គុតទៅ​ឲ្យត្រកូល "ថាក់ស៊ីន" ជា​ថ្នូរ​នឹង​ការ​បង្ក្រាប​ទៅលើត្រកូលជនក្បត់ជាតិបីជំនាន់ គឺត្រកូល "សម" នេះឯងដែលមានចេតនា យកបញ្ហាព្រំដែនមកធ្វើជាលេសបំផុសបំផុលញុះញង់ក្នុងបំណងដើម្បីធ្វើរដ្ឋប្រហារ ឬបដិវត្ដពណ៌ មិនខុសអីពីករណីដែល លន់ នល់ ធ្វើរដ្ឋប្រហារនាឆ្នាំ១៩៧០ ដោយយកលេសចោទប្រកាន់មកលើសម្ដេចឪ ព្រះបរមរតនកោដ្ឋ យ៉ាងក្ដែងៗថា ព្រះអង្គជាជនពុករលួយ ផ្ដាច់ការ និងក្បត់ជាតិកាត់ទឹកដីឲ្យយួន ដើម្បីអំណាចផ្ទាល់ព្រះអង្គ ហើយធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តែម្តង៕