(ភ្នំពេញ)៖ រសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យនាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ហ្សាង (Phan Van Giang) រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។
ក្នុងឱកាសនៃជំនួបនោះ លោករដ្ឋមន្ត្រីបានកោតសរសេីរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា និងជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍរីកចម្រើន ហើយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម-កម្ពុជានឹងកាន់តែរឹងមាំបន្ថែមទៀត។
លោករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អ ក្នុងការស្វែងរកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម និងបានធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសកំណើតវិញ។ លោករដ្ឋមន្ត្រីបានគោរពជម្រាបសម្ដេចបវរធិបតីអំពីលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងបានបង្ហាញនូវការប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិឱ្យកាន់តែរឹងមាំបន្ថែមទៀត។
ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងការពេញចិត្តចំពោះវឌ្ឍនភាព និងទំនាក់ទំនងដ៏ល្អប្រសើររវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ និងបានថ្លែងអំណរគុណចំពោះក្រសួងការពារប្រទេសវៀតណាមដែលបានផ្ដល់វគ្គបណ្ដុះបណ្ដាល និងហ្វឹកហ្វឺនដល់នាយទាហាន និងសិក្ខាកាមកម្ពុជានាពេលកន្លងមក និង ការសម្របសម្រួលដើម្បីធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពកម្ពុជាមកកាន់មាតុប្រទេសវិញ និងត្រូវបានបញ្ចុះនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X១៦។
សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់ពីការបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងការពារប្រទេសវៀតណាមក្នុងការស្វែងរកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមនៅកម្ពុជា ។
សម្តេចបវរធិបតីបានលើកទឹកចិត្តឱ្យក្រសួងការពារជាតិនៃប្រទសទាំងពីរ បន្តជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធថែមទៀត តាមរយៈការផ្ដួចផ្ដើមឱ្យមានសកម្មភាពថ្មីៗបន្ថែមទៀត៕