(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមអន្តរសភា និងអង្គការអន្តរជាតិនៃកិច្ចប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១ (IPTP) ដឹកនាំដោយ ឯកឧត្តម Ahmed bin Mohamed Aljarwan ប្រធានក្រុមប្រឹក្សាសកលដើម្បីភាពអត់ឱន និងសន្តិភាព (GCTP) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។
លោកប្រធានក្រុមប្រឹក្សាសកលបានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំដ៏ល្អរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសម័យប្រជុំពេញអង្គ IPTP លើកទី១១ និងការធ្វើបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្ដៅចំពោះគណៈប្រតិភូ IPTP ទាំងអស់។ លោកប្រធានក្រុមប្រឹក្សាសកលក៏បានគូសបញ្ជាក់ថា សម័យប្រជុំ IPTP បានផ្ដល់ឱកាសឱ្យអ្នកចូលរួម បានស្វែងយល់ និងដកស្រង់ពិសោធន៍អំពីភាពជោគជ័យរបស់កម្ពុជាក្នុងដំណើរការនៃការស្វែងរកសុខសន្ដិភាព ដែលបានប្រែក្លាយកម្ពុជាពីប្រទេសធ្លាប់តែរងគ្រោះដោយសារសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ ទៅជាប្រទេសទទួលបានសុខសន្ដិភាពពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។
លោកប្រធានក្រុមប្រឹក្សាសកលក៏បានគូសរំលេចថា ខណៈដែលស្ថានភាពពិភពលោកស្ថិតនៅក្នុងភាពមិនច្បាស់លាស់ ការថែរក្សាបាននូវសុខសន្ដិភាព និងការធានានូវប្រក្រតីភាពនៃជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ គឺការចាំបាច់។ បន្ថែមលើនេះ លោកប្រធានក្រុមប្រឹក្សាសកលក៏បានកត់សម្គាល់ថា កម្ពុជា ជាប្រទេសដែលមានសុខសុវត្ថិភាព និងមានប្រជាជនប្រកបដោយភាពរួសរាយរាក់ទាក់បំផុត។
សម្ដេចបវរធិបតីបានថ្លែងអំណរគុណចំពោះគណៈប្រតិភូ ដែលបានចំណាយពេលដ៏មមាញឹកចូលរួមក្នុងសម័យប្រជុំពេញអង្គ IPTP និងបានគូសបញ្ជាក់ថា IPTP មិនត្រឹមតែជាវេទិកាសម្រាប់ចែករំលែក និងផ្លាស់ប្ដូរបទពិសោធន៍ រវាងបណ្ដាប្រទេសសមាជិកប៉ុណ្ណោះទេ ប៉ុន្តែ ជាវេទិកាមួយដ៏មានសារៈសំខាន់សម្រាប់ជួយដល់ការកសាងបណ្ដាញ និងការភ្ជាប់ទំនាក់ទំនង ដែលនឹងអាចគាំទ្រ និងជួយគ្នាទៅវិញទៅមក។ សម្ដេចបវរធិបតីក៏បានសង្កត់ធ្ងន់អំពីតម្លៃនៃសន្ដិភាព ដោយបានបញ្ជាក់ថា សន្ដិភាពជាមូលដ្ឋាននៃការអភិវឌ្ឍប្រទេសឱ្យរីកចម្រើន ហើយអវត្តមាននៃសន្ដិភាពនឹងបំផ្លាញប្រទេសមួយក្នុងរយៈពេលដ៏ខ្លី។ ក្នុងន័យនេះ ការថែរក្សាសុខសន្ដិភាព គឺជាកត្តាចាំបាច់ ហេីយសន្តិភាពនឹងជួយដល់ការធ្វេីសមាហរណកម្ម និងការតភ្ជាប់ពិភពលោក រួមទាំងការជំរុញឱ្យមានការតភ្ជាប់ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនផងដែរ៕