(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូប្រធានសភានៃបណ្តាប្រទេសជាមិត្ត ដឹកនាំដោយលោក Dev Rej Ghimire ប្រធានរដ្ឋសភានេប៉ាល់ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។
ជំនួបនេះធ្វើឡើងក្នុងឱកាសដែលគណៈប្រតិភូប្រធានសភានៃបណ្តាប្រទេសជាមិត្ត អញ្ជើញមកចូលរួមកិច្ចប្រជុំសភាអន្តរជាតិលើកទី១១ ដែលរៀបចំនៅកម្ពុជា។
នៅក្នុងជំនួបនេះប្រធានគណៈប្រតិភូបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំដ៏ល្អរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១ (IPTP 11) និងអរគុណចំពោះការស្វាគមន៍ និងការធ្វើបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្ដៅដល់គណៈប្រតិភូ IPTP ទាំងអស់។
លោកប្រធានគណៈប្រតិភូក៏បានកត់សម្គាល់ថា កម្ពុជា ជាប្រទេសដែលធ្លាប់រងគ្រោះដោយសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ និងបានឆ្លងកាត់របបប្រល័យពូជសាសន៍ដ៏ខ្មៅងងឹត ប៉ុន្តែតាមរយៈការទទួលបានសុខសន្ដិភាពពេញលេញ កម្ពុជាបានកសាងប្រទេសឱ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។
លោកប្រធានគណៈប្រតិភូ ក៏បានគូសបញ្ជាក់ជូនសម្ដេចបវរធិបតីថា ដំណើរឈានទៅរកការរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ និងដំណើរការនៃការស្វែងរកសុខសន្ដិភាពរបស់កម្ពុជា គឺជាគំរូ និងបទពិសោធន៍ដ៏ជោគជ័យមួយដែលគួរតែត្រូវបានផ្សព្វផ្សាយ និងចែករំលែកទៅកាន់បណ្ដាប្រទេសលើពិភពលោក។
ជាការឆ្លើយតប សម្ដេចបវរធិបតី បានថ្លែងអំណរគុណចំពោះលោកប្រធានគណៈប្រតិភូ និងគណៈប្រតិភូ IPTP ទាំងអស់ដែលបានចូលរួមក្នុងសម័យប្រជុំពេញអង្គ IPTP លើកទី១១ ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្ដេចបវរធិបតីក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏មានសារៈសំខាន់របស់ IPTP ដែលជាវេទិកាមួយដ៏ល្អសម្រាប់ជួយកសាងបណ្ដាញរវាងប្រទេសក្នុងតំបន់ និងសកលលោក ក៏ដូចជាការពង្រឹងទំនាក់ទំនងរវាងសភានិងសភា រដ្ឋាភិបាលនិងរដ្ឋាភិបាល ព្រមទាំងរវាងគណបក្ស និងគណបក្ស សំដៅរួបរួមគ្នា និងជួយគ្នាទៅវិញទៅមក ក្នុងពេលចាំបាច់។
សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីដំណើរការនៃការស្វែងរកសុខសន្ដិភាព និងការបង្រួបបង្រួមជាតិនៅកម្ពុជា ដោយសម្ដេចបវរធិបតីបានសង្កត់ធ្ងន់ថា នៅពេលអវត្តមាននូវសន្ដិភាព នោះប្រទេសជាតិនឹងត្រូវបានបំផ្លិចបំផ្លាញ តែនៅពេលដែលប្រទេសជាតិទទួលបានសុខសន្ដិភាពពេញលេញ នោះប្រទេសនឹងមានការរីកចម្រេីន និងការអភិវឌ្ឍលើគ្រប់វិស័យ៕