(សៀមរាប)៖ ជាមួយនឹងសម្លៀកបំពាក់បែបប្រពៃណីខ្មែរ ចេញចរទស្សនាញញឹមរួសរាយនៅរមណីយដ្ឋានអង្គរ ខេត្តសៀមរាប លោករដ្ឋមន្ត្រី ហួត ហាក់ និងឯកអគ្គរដ្ឋទូត វ៉ាង វិនពីន ប្រៀបដូចជាសហទូតសុឆន្ទៈប្រកបដោយភាតរភាពនិងមិត្តភាព ក្នុងការផ្សព្វផ្សាយពីគោលទេសចរណ៍សំខាន់ៗនៅកម្ពុជាទៅកាន់ប្រជាជនចិន មិត្តដែកថែប២ពាន់ឆ្នាំរបស់ប្រជាជនខ្មែរ។

ការដើរតួជាអ្នកផ្សព្វផ្សាយពីគោលទេសចរណ៍នេះ គឺស្ដែងឱ្យឃើញតាមរយៈវីដេអូខ្លីមួយរបស់ក្រសួងទេសចរណ៍ ដែលទើបចេញផ្សាយនាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។

ជាការពិតណាស់ អ្នកការទូតចចកចម្បាំងរបស់ចិន លោក វ៉ាង វិនពីន តាំងពីក្លាយជាឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាមក គេកត់សម្គាល់ឃើញថា លោកបានចូលរួមផ្សព្វផ្សាយយ៉ាងច្រើនពីគោលដៅទេសចរណ៍នៅកម្ពុជា តាមរយៈប្រយោគសារដ៏រស់រវើក វីដេអូផ្សព្វផ្សាយដ៏ទាក់ទាញ ក៏ដូចជាការចូលរួមក្នុងកម្មវិធី ព្រឹត្តិការណ៍ទេសចរណ៍និងវប្បធម៌នានាដែលតែងប្រារព្ធឡើងនៅកម្ពុជា។

ជាក់ស្ដែង នាពេលចុងក្រោយនេះ លោក វ៉ាង វិនពីន ក៏បានបង្ហាញវត្តមាននិងវោហារក្នុងវីដេអូប្រម៉ូតពីទេសចរណ៍កម្ពុជា ជាមួយលោករដ្ឋមន្ត្រី ហួត ហាក់ ដែលពិតជាធ្វើឱ្យប្រជាពលរដ្ឋ មហាជន ភ្ញៀវទេសចរមានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ប្រជាជនកម្ពុជាជាមិត្តនៅខាងត្បូងគឺមានតែក្ដីសង្ឃឹមថា តាមរយៈវីដេអូនេះ ប្រជាជនចិននឹងកាន់តែស្គាល់កម្ពុជា និងចាប់អារម្មណ៍មកទស្សនាកម្ពុជាកាន់តែច្រើន។ ម្យ៉ាងទៀត តាមរយៈកិត្តិនាមនិងសកម្មភាពរបស់អ្នកការទូតចចកចម្បាំងចិនរូបនេះ នឹងធ្វើឱ្យមជ្ឈដ្ឋានអន្តរជាតិនឹងកាន់តែស្គាល់កម្ពុជាមួយកម្រិតទៀត ដែលកំពុងត្រជាក់ត្រជុំសុខសាន្តក្រោមម្លប់សន្តិភាព ស្ថិរភាព សុវត្ថិភាព និងមានគោលដៅទេសចរណ៍ដ៏សម្បូរបែប៕

ដូច្នេះសូមទស្សនាវីដេអូដ៏គួរឱ្យចាប់អារម្មណ៍នេះដូចតទៅ៖