(សៀមរាប)៖ ក្នុងឋានៈជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ដែលនឹងប្រព្រឹត្តិទៅនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី២៥-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្ពុជា បានរៀបចំឲ្យគណៈប្រតិភូមកពីបណ្តាប្រទេសនៃអនុសញ្ញាអូតាវ៉ា ធ្វើដំណើរទស្សនកិច្ចនៅ «សារមន្ទីរតេជោសន្ដិភាព» នារសៀលថ្ងៃទី២៤ ខែវិច្ចិកា ឆ្នាំ២០២៤នេះ។
ក្នុងឱកាសនោះ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា២០២៤ បានលើកឡើងថា ភាពជាដៃគូនេះដែលមានឫសគល់នៅក្នុងទំនាក់ទំនងមនុស្សធម៌-ការអភិវឌ្ឍ-សន្តិភាព បានអនុញ្ញាតឱ្យផ្លាស់ប្តូរពីការបោស សម្អាតមីន ក្នុងគ្រាអាសន្នទៅកាន់ការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់នៅក្នុងតំបន់ដែលរងផលប៉ះពាល់។ លោកបណ្ឌិត បន្តថា តួនាទីរបស់ JICA ក្នុងការកសាងសមត្ថភាព និងការចែករំលែកចំណេះដឹងជាអន្តរជាតិមិនត្រឹមតែបានពង្រឹង CMAC ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹងវិស័យសកម្មភាពមីនជាសកលផងដែរ។
លោកបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ JICA និងរដ្ឋាភិបាលជប៉ុន សម្រាប់ភាពជាដៃគូយូរអង្វែង និងការគាំទ្រដ៏មានតម្លៃ។ ក្នុងនោះដែរ ការរួមចំណែករបស់ JICA ដល់ប្រទេសកម្ពុជា មានរយៈពេលជាច្រើនទសវត្សរ៍មកហើយ គឺគ្រប់ជ្រុងនៃការអភិវឌ្ឍ ចាប់ពីកំណើនឧស្សាហកម្ម និងការពង្រឹងអភិបាលកិច្ច រហូតដល់ការអប់រំ និងការថែទាំសុខភាព។
លោក ANDO Naoki អនុប្រធានជាន់ខ្ពស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន បានលើកឡើងថា កម្ពុជាជាប្រទេសដំបូងគេដែល JICA ចាប់ផ្ដើមកិច្ចសហប្រតិបត្តិការក្នុងសកម្មភាពមីននៅទូទាំងពិភពលោក។ លោកបន្តថា នៅឆ្នាំ១៩៩៨ នៅពេលដែលយើងបានចាប់ផ្តើមកិច្ចសហប្រតិបត្តិការរបស់យើងជាមួយ CMACប្រទេសកម្ពុជានៅតែស្ថិតក្នុងដំណើរការកសាងឡើងវិញបន្ទាប់ពីមានជម្លោះ។
លោកបានបន្តថា នៅពេលនោះ CMAC កំពុងផ្លាស់ប្តូរពី "ការឆ្លើយតបបន្ទាន់" ទៅ "ប្រតិបត្តិការដែលបានគ្រោងទុក" ហើយ JICA បានបញ្ជូនអ្នកជំនាញក្នុងការគ្រប់គ្រងព័ត៌មាន និងភស្តុភារ, ការផ្តល់ឧបករណ៍ស្ទង់មតិ និងបោសសំអាត ដូចជាម៉ាស៊ីនកាត់ព្រៃ និងការកសាងសមត្ថភាពគ្រប់គ្រងរបស់ទីស្នាក់ការកណ្តាល និងអង្គភាពដោះមីន។ ចាប់តាំងពីពេលនោះមក អង្គការ JICA និងដៃគូអភិវឌ្ឍន៍ រួមទាំងក្រុមហ៊ុនឯកជនជប៉ុន បានសហការជាមួយស៊ីម៉ាក់។
លោកបន្ថែមថា សមិទ្ធផលដែលសម្រេចបានដោយអង្គភាពស៊ីម៉ាក់ គឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់ប្រជាជនកម្ពុជា ជាពិសេសអង្គភាពស៊ីម៉ាក់។ ការកសាងប្រទេសឡើងវិញ ដោយភាពជាម្ចាស់រឹងមាំនិងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងរដ្ឋាភិបាល និងប្រជាជន។ JICA បានមើលឃើញពីវឌ្ឍនភាពនេះ យើងជឿជាក់លើសារៈសំខាន់នៃ "សមត្ថភាពជាតិ" នៅក្នុងសកម្មភាពមីន។
លោកស្រី Eri Arfiya អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន បានលើកឡើងថា ប្រទេសជប៉ុនបាននិងកំពុងធ្វើការលើដំណើរការសកម្មភាពមីនមនុស្សធម៌ជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងភាគីពាក់ព័ន្ធតាមរយៈវិធីសាស្រ្ត និងបច្ចេកវិទ្យា "ជប៉ុនទាំងអស់"។ លោកស្រីបន្តថា នេះពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេកវិទ្យាពីក្រុមហ៊ុនជប៉ុន ដូចជា៖ ប្រភេទម៉ាស៊ីនារាវមីន ALIS និង គ្រឿងចក្រវាយកម្ទេចមីនប្រភេទ Nikken, Komatsu និងIOSជាដើម ដែលទាក់ទងនឹងការបោសសម្អាតមីន។ ហើយពួកគេទាំងអស់ត្រូវបានបង្ហាញ និងបានចូលរួមក្នុងព្រឹត្តិការណ៍ថ្ងៃនេះ។
ព្រឹត្តិការណ៍នេះក៏នឹងបង្ហាញអំពីសកម្មភាពរបស់អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) ដែលបានចូលរួមចំណែកក្នុងសកម្មភាពមីនមនុស្សធម៌នៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ តាមរយៈព្រឹត្តិការណ៍អមរួមគ្នារវាងជប៉ុន និងអង្គភាពស៊ីនាឱកាសនេះ យើងអាចណែនាំអ្នកអំពីតួនាទីដែលជប៉ុនបានអនុវត្ត រួមជាមួយនឹងកម្ពុជា ក្នុងវិស័យសកម្មភាពមីនមនុស្សធម៌។ ព្រឹត្តិការណ៍នាពេលនេះ អាចរួមចំណែកដល់ការពិភាក្សាក្នុងន័យស្ថាបនានៅក្នុងសន្និសីលើកទី៥ ការត្រួតពិនិត្យឡើងវិញនៃអនុសញ្ញាអូតាវ៉ា។
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានថ្លែងអំណរគុណចំពោះលោកស្រី Eri Arfiya អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន និងលោក Ando អនុប្រធានជាន់ខ្ពស់នៃ JICA សម្រាប់ការគាំទ្រដែលមានវត្តមាននៅថ្ងៃនេះ។ លោកបន្តថា កិច្ចសហការរបស់ប្រទេសជប៉ុនជាមួយកម្ពុជាមិនត្រឹមតែមានសារៈសំខាន់ក្នុងការជំរុញសកម្មភាពមីនប៉ុណ្ណោះទេ ថែមទាំងក្នុងការជំរុញការអប់រំ និងការតស៊ូមតិដើម្បីសន្តិភាព តាមរយៈគំនិតផ្តួចផ្តើមដូចជាសារមន្ទីរនេះ។
ជាមួយនេះដែរ លោកក៏បានថ្លែងអំណរគុណចំពោះសហគមន៍អន្តរជាតិ និងរដ្ឋមន្ត្រីគណៈប្រតិភូដ៏មានកិត្តិយស ឯកអគ្គរដ្ឋទូត និងតំណាងនៅទីនេះសម្រាប់ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ពួកគេចំពោះអនុសញ្ញាអូតាវ៉ា។ ព្រឹត្តិការណ៍នេះ សហការរៀបចំដោយ CMAC និងរដ្ឋាភិបាលជប៉ុន អនុញ្ញាតឱ្យយើងបង្ហាញពីប្រវត្តិសោកនាដកម្មនៃសង្គ្រាម និងជម្លោះរបស់ប្រទេសកម្ពុជាដែលបានធ្វើឱ្យមានការស្លាប់ ការឈឺចាប់ និងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ប្រជាជន និងសង្គមកម្ពុជា។ យើងក៏នឹងបង្ហាញអ្នកពីដំណើរការកសាងសន្តិភាព និងការកសាងប្រទេសឡើងវិញ ក៏ដូចជាទិដ្ឋភាពផ្សេងទៀតទាក់ទងនឹងសកម្មភាពមីន។ ព្រឹត្តិការណ៍ពិសេសថ្ងៃនេះ នឹងពង្រឹងចំណងមិត្តភាពរវាងប្រជាជាតិឱ្យកាន់តែរឹងមាំថែមទៀត និងជំរុញទឹកចិត្តទាំងអស់គ្នាឱ្យឆ្ពោះទៅមុខដោយកម្លាំងជាថ្មីឆ្ពោះទៅកាន់ពិភពលោកដែលគ្មានមីន៕