(កំពង់ចាម)៖ លោក ប៊ិន ឡាដា អតីតប្រធានគណៈកម្មការគណបក្សប្រជាជនស្រុកកំពង់សៀម ត្រូវបានប្រកាសផ្ទេរភារកិច្ច និងតែងតាំងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកស្រីសន្ធរ ជំនួសលោក ស៊ីម គង់ ផ្លាស់ទៅទទួលភារកិច្ចថ្មី។ ពិធីនេះធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកស្រីសន្ធរ ក្រោមអធិបតីភាពលោក អ៊ុន ចាន់ដា ប្រធានគណៈកម្មការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម។

ក្នុងឱកាសនោះលោក អ៊ុន ចាន់ដា បានផ្តល់អនុសាសន៍ផ្តាំផ្ញើប្រធានគណបក្សស្រុកស្រីសន្ធរ ទើបចូលកាន់តំណែងថ្មីឱ្យអនុវត្តគោលការណ៍ ៤ចំណុចដូចខាងក្រោមនេះ៖

*ទី១៖ ត្រូវថែរក្សាសុខសន្តិភាព និងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឱ្យបានល្អប្រសើរ

*ទី២៖ សូមពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានសកម្ម និងខិតខំដោះបញ្ហាជូនប្រជពលរដ្ឋដែលកើតឡើង

*ទី៣៖ ត្រូវបន្តការជំរុញការអភិវឌ្ឍក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីបង្កើនការរីកចម្រើនដល់ប្រជាពលរដ្ឋ

*ទី៤៖ ត្រូវរក្សានូវសាមគ្គីភាព ឱ្យបានល្អ ទាំងក្នុងអង្គភាព និងក្រុមការងារចុះជួយស្រុកផងដែរ៕

ក្រៅពីនោះ លោក អ៊ុន ចាន់ដា ក៏បានយកឱកាសនោះវាយតម្លៃខ្ពស់ចំពោះការខិតខំបំពេញការងាររបស់ លោក លោកស្រី ជាសមាជិក សមាជិកា គណបក្សនៅមូលដ្ឋានទាំងអស់ ដែលបានរួមចំណែកក្នុងការរក្សាបាននូវភាពរឹងមាំ និងភាពជោគជ័យក្នុងការងារគណបក្ស ក៏ដូចជាការងារបោះឆ្នោតឱ្យសម្រេចបានលទ្ធផលជោគជ័យជាបន្តបន្ទាប់ ដែលទាំងនោះ គឺផ្ដើមចេញពីការទទួលខុសត្រូវ និងស្មារតីសាមគ្គីភាព និងភាពស្មោះត្រង់ពីសំណាក់អស់លោក លោកស្រី ចំពោះគណបក្សប្រជាជនកម្ពុជា៕