(កំពត)៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍខេត្តកំពត បានដឹកនាំសមាជិកាពាក់ព័ន្ធក្រោមឱវាទ បន្តនាំយកអំណោយទៅចែកជូនចាស់ជរា សិស្សានុសិស្ស និងស្រ្តីក្រីក្រងាយរងគ្រោះចំនួន ៣៥៧នាក់ ដែលរស់នៅក្នុងភូមិតេជោពង្រក ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។
មានមតិសំណេះសំណាលនាឱកាសនោះ លោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន ក្នុងនាមសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍខេត្តកំពត បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ជូនចំពោះ លោកតា លោកយាយ អ៊ុំ ពូ មីង ទាំង ១៤៥គ្រួសារ និងលោកគ្រូ អ្នកគ្រូ កូនក្មួយសិស្សានុសិស្សនៃសាលាបឋមសិក្សាតេជោពង្រក ទាំង ២១២នាក់ នាពេលនេះ ដែលជានិច្ចជាកាល លោកអភិបាលខេត្ត តែងតែគិតគូរខ្ពស់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន។
ជាមួយគ្នានេះដែរ លោកស្រីប្រធានកិត្តិយសសមាគម ក៏បានបង្ហាញពីគម្រោងកសាងកន្លែងកម្សាន្តជាច្រើនទៀត របស់រដ្ឋបាលខេត្ត ក្រោមការដឹកនាំរបស់លោកអភិបាលខេត្ត ដើម្បីស្រូបទាញភ្ញៀវទេសចរ ឱ្យមកលេងកាន់តែច្រើន ហើយនៅតំបន់ទេសចរណ៍ទាំងអស់នោះ គឺបានផ្តល់ផលប្រយោជន៍ជាច្រើន ដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់មានឱកាសប្រកបរបររកប្រាក់ចំណូល សម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ។
លោកស្រីប្រធានកិត្តិយស បានបន្តបញ្ជាក់ថា នៅចុងឆ្នាំ២០២៤នេះ ខេត្តកំពត នឹងធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យសមុទ្រលើកទី១១ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៣-១៤-១៥ ខែធ្នូ ខាងមុខនេះ ហើយព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ និងជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងតំបន់ទេសចរណ៍របស់ខេត្តកំពតទៅកាន់ពិភពលោក ហើយក៏នឹងជួយស្រូបទាញភ្ញៀវទេសចរជាតិ អន្តរជាតិឱ្យមកលេងកម្សាន្តខេត្តកាន់តែច្រើន ដែលអាចធ្វើឱ្យជីវភាពបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត កាន់តែប្រសើរឡើង តាមរយៈវិស័យទេសចរណ៍។
អំណោយដែលបានប្រគល់ជូនប្រជាពលរដ្ឋចំនួន ១៤៥គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ១០គីឡូក្រាម, មី១ កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, ទឹកដោះគោឆៅ ១ឡូ និងថ្នាំពេទ្យសម្រាប់ព្យាបាលជំងឺផ្តាសសាយ ឈឺក្បាល ចុកពោះ រាគ ក្អក មួយមុខ ១បន្ទះ ថ្នាំវិតាមីន ៥បន្ទះ និងថ្នាំសម្រាប់ពិសារក្រោយពេលកោសខ្យល់រួចចំនួន១ដប និងថវិកាចំនួន ៥ម៉ឺនរៀល។ ចំណែកក្មួយៗសិស្សានុសិស្ស សរុបចំនួន ២១២នាក់ ក្នុងម្នាក់ៗទទួលបាន៖ សំលៀកបំពាក់សិស្សសាលា ១ឈុត កាតាបស្ពាយក្រោយ១ ព្រមទាំងមានសៀវភៅ ប៊ិច ខ្មៅដៃ និងច្រាសដុះធ្មេញ ម្នាក់១ដើមផងដែរ៕