(ភ្នំពេញ)៖ នៅរសៀលថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូក្រុមប្រធាន​សភានៃប្រទេស​ជា​មិត្តដឹកនាំដោយលោក Dev Raj Ghimire ប្រធានរដ្ឋសភានេប៉ាល់ ចូលជួប

សម្តែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ។

ក្នុងជំនួបនេះ លោក Dev Raj Ghimire បានថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅ​ចំពោះ សម្តេចតេជោ និងកម្ពុជា ដែលបានទទួលរៀបចំកម្មវិធីប្រជុំពេញ​អង្គលើក​ទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាពនាពេលនេះ។ លោកបាន​គូសបញ្ជាក់ថា «សន្តិភាព» កាន់តែមានសារៈសំខាន់ជាទីបំផុតសម្រាប់ពិភពលោក​ក្នុងពេលបច្ចុប្បន្ននេះ។

លោក Dev Raj Ghimire ក៏បានសង្កត់ធ្ងន់លើស្ថានការណ៍សង្គ្រាម​ដែល​កំពុង​រីករាលដាលទូទាំងពិភពលោក ទាមទារឱ្យធ្វើការរួមគ្នា​ដើម្បី​សន្តិភាពពិភពលោក​យូរអង្វែង។ ប្រធានរដ្ឋសភានេប៉ាល់ ក៏បានសម្តែងការចងចាំមិន​អាច​បំភ្លេចបាននូវគំរូវីរភាព និងការលះបង់របស់សម្តេចតេជោ ក្នុងបុព្វហេតុកសាង ថែរក្សា និងធានាបាននូវសន្តិភាពជូនកម្ពុជាក្នុងរយៈពេលយូរអង្វែង និងជឿ​ជាក់​ថា តួនាទី និងសមិទ្ធផលដែលសម្តេចតេជោ សម្រេចបាន គឺជាឧទាហរណ៍ដែល​មិន​អាចកាត់ថ្លៃបាន សម្រាប់ពិភពលោក និងជាពិសេសប្រទេសតូចៗ។

ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណចំពោះពាក្យពេចន៍ដ៏មានតម្លៃ​របស់លោក Dev Raj Ghimire និងការលើកកម្ពស់តួនាទីរបស់កម្ពុជា​ក្នុងការ​ស្វែងរកសន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី។

សម្តេចតេជោ ក៏បានកោតសរសើរចំពោះប្រតិភូក្រុមប្រធានសភានៃប្រទេសជាមិត្ត ដែលបានធ្វើដំណើរដ៏វែងឆ្ងាយមកចូលរួមប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរ​ជាតិ​នៅកម្ពុជា ដែលជាការបង្ហាញឱ្យឃើញពីសំឡេងរួបរួមគ្នានៃបណ្តា​ប្រទេស​កំពុង​អភិវឌ្ឍផងដែរ។ សម្តេចតេជោ ក៏បានរំឭកផងដែរ អំពីអតីតកាល​ដែល​កម្ពុជា​ក៏ដូចជាប្រទេសនានានៅក្នុងតំបន់ ទទួលរងការដាក់អាណានិគម ប៉ុន្តែដោយ​ការ​តស៊ូ កម្ពុជា ទទួលបានឯករាជ្យ និងរក្សាបាននូវវប្បធម៌ដ៏ល្អផូរផង់ ក៏ដូចជាអក្សរ និងភាសាខ្មែរ។

មុននឹងបញ្ចប់កិច្ចពិភាក្សា លោក Dev Raj Ghimire បានសម្តែងសេចក្តី​សោម​ន​ស្សរីករាយ និងអរគុណសម្តេចតេជោ ដែលបានអនុញ្ញាតដល់ប្រតិភូក្រុម​ប្រធាន​សភា​នៃប្រទេសជាមិត្ត ចូលជួបសម្តែងការគួរសម និងបានអញ្ជើញសម្តេចតេជោ ទៅទស្សនកិច្ចនៅប្រទេសនេប៉ាល់ នាពេលវេលាសមស្របណាមួយ នៅពេលខាង​មុខ។

សម្តេចតេជោ ហ៊ុន សែន បានទទួលយកការអញ្ជើញរបស់លោក Dev Raj Ghimire និងជូនពរប្រតិភូក្រុមប្រធានសភានៃប្រទេសជាមិត្តទទួល​បានភាព​រីករាយក្នុងការស្នាក់នៅប្រទេសកម្ពុជា៕