(ក្រុងប៉េកាំង)៖ នាល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ឡាវ វ៉ាន់ ប្រធានការិយាល័យគ្រឹះស្ថានសិក្សា នៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត បានដឹកនាំក្រុមការងារ រៀបចំពិធីសំណេះសំណាល និងអាហារសាមគ្គីជាមួយនិស្សិតកម្ពុជា ដែលកំពុងសិក្សា នៅក្រុងប៉េកាំង និងក្រុងធានជីន សាធារណរដ្ឋប្រជាមានិតចិន ប្រមាណ ២៧០នាក់ ពិធីនេះ ក៏មានការអញ្ជើញ ចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកស្រីបណ្ឌិត សឿង រដ្ឋចាវី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន ថ្នាក់ដឹកនាំមន្ត្រីស្ថានទូត តំណាងសាកលវិទ្យាល័យចិន ផងដែរ។
ថ្លែងក្នុងពិធីនេះ លោក ឡាវ វ៉ាន់ បានពាំនាំនូវការសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង ជាប្រធានសមាគម អ.ម.ត ដល់និស្សិត ដែលកំពុងសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន។
លោកបន្តថា កត្តាសុខសន្តិភាព របស់កម្ពុជា បានផ្តល់ឱកាសដល់និស្សិតខ្មែរសិក្សារៀនសូត្រពេញលេញ និងបន្តការសិក្សានៅក្រៅប្រទេស លោក គូសបញ្ជាក់ថា និស្សិតទាំងអស់ត្រូវដឹង គុណបំណាច់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាវីរៈជនដ៏ឆ្នើមរបស់កម្ពុជាក្នុងការនាំសន្តិភាព និងការអភិវឌ្ឍ ។ បន្ថែមពីនេះ លោក បានលើកឡើងថា ក្រោមការដឹកនាំបន្តវេនរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តថែរក្សាសន្តិភាព និងធ្វើឱ្យកម្ពុជាកាន់តែមានការអភិវឌ្ឍនបន្ថែមទៀត ដូចនេះកូនខ្មែរគ្រប់រូប ត្រូវសាមគ្គីភាពនិងរួបរួមគ្នា មានតែសាមគ្គីភាពទេទើបធ្វើឱ្យខ្មែរខ្លាំង ខ្មែរមានកេរ្ត៍ឈ្មោះនៅលើឆាកអន្តរជាតិ លើសពីនេះនិស្សិតទាំងអស់ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីមកបន្តចូលរួមចំណែក អភិវឌ្ឍប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ស្វាហាប់ និងប៉ិនប្រសព្វរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
លោកស្រីបណ្ឌិត សឿង រដ្ឋចាវី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានគាំទ្រចំពោះប្រសាសន៍ លោក ឡាវ វ៉ាន់ ដែលនិស្សិតខ្មែរ ត្រូវសាមគ្គីភាពគ្នា រួបរួមគ្នា និងត្រូវចេះសហការ ជួយគ្នាទៅវិញទៅមក ។ លោកស្រីបណ្ឌិត បន្តថា ការជួបជុំគ្នាថ្ងៃនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីបង្កើតទំនាក់ទំនង រវាងខ្មែរនិងនិស្សិតខ្មែរ ដែលមករៀននៅក្រៅប្រទេស ជាមួយគ្នានេះ លោកស្រីបណ្ឌិត ក៏បានផ្តាំផ្ញើដល់និស្សិតទាំងអស់ ត្រូវចូលរួមថែរក្សាចំណងមិត្តភាព ជាមួយបរទេសតាមរយៈពង្រឹងចាស់ ជាពិសេសប្រទេសចិន ដែលជាមិត្តដ៏ល្អ របស់ប្រទេសកម្ពុជា និងបានរួមចំណែកជាច្រើនក្នុងការជួយការ អភិវឌ្ឍប្រទេសកម្ពុជា ទន្ទឹមនេះក៍ត្រូវពង្រីកថ្មីបន្ថែមទៀត ជាមួយបណ្តា ប្រទេសជាមិត្តផ្សេងៗ។
ជាចុងក្រោយ លោកស្រីបណ្ឌិត បានផ្តាំផ្ញើ ដល់និស្សិតទាំងអស់ ត្រូវចូលរួមលើកកម្ពស់កិត្យានុភាព ប្រទេសជាតិ តាមរយៈធ្វើជានិស្សិតល្អ និងខិតខំប្រឹងប្រែងរៀនសូត្រ ឱ្យខ្លាំងពូកែ នៅក្នុងសាកលវិទ្យាល័យ៕