(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ក្នុងនាមជាគ្រូពេទ្យ ត្រូវតែជាធនធានមនុស្សល្អដែលមានទាំងសមត្ថភាពជំនាញនិងក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ ដើម្បីបម្រើសេវាសុខាភិបាលប្រកបដោយគុណភាព ស័ក្កសិទ្ធភាព និងប្រសិទ្ធភាពខ្ពស់ បើមិនដូច្នេះទេ គ្រូពេទ្យមិនខុសអីនឹងឱសថនោះទេ ដែលជាអាវុធមុខពីរ បើឱ្យទៅត្រូវនឹងជាសះស្បើយ បើខុសនឹងប្រតិកម្មប៉ះពាល់ដល់សុខភាពមនុស្ស ពេលខ្លះបណ្ដាលឱ្យស្លាប់បាន។ ដូច្នេះគ្រូពេទ្យត្រូវមានមុខតែមួយគត់សំរាប់កំចាត់រាល់ជំងឺទាំងឡាយ និងធ្វើអោយអ្នកជំងឺមានសុខភាពល្អប្រសើមកវិញ។

ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ដ្រាចារ្យ ឡឹម តារា ក្នុងឱកាសអញ្ជើញជាអធិបតីបើកសន្និសីទសល្យសាស្ដ្រកម្ពុជា ប្រចាំឆ្នាំលើកទី២៩ ក្រោមប្រធានបទ «នវានុវត្ដន៍បច្ចេកទេសវះកាត់ក្នុងយុគ្គសម័យថ្មី» នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

ទន្ទឹមនឹងនោះលោកសាស្ដ្រាចារ្យបានសំណូមពរ និងស្នើឱ្យបណ្ដាគ្រឹះស្ថានបណ្តុះបណ្តាលទាំងសាធារណ និងឯកជន គឺត្រូវត្រងត្រាប់ និងអនុវត្ដន៍ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា ដែលបានលើកឡើងថា «ការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យសុខាភិបាល ត្រូវតែមានគុណភាពច្បាស់លាស់ មិនត្រូវគិតតែពីបរិមាណនោះទេ»។ ក្នុងនាមក្រសួងសុខាភិបាល សូមគាំទ្រយ៉ាងខ្លាំក្លា រាល់ជំនួយក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សពីសំណាក់ភាគីមិត្តនានា ទាំងនៅក្នុងសាកលវិទ្យាល័យ និងការបណ្ដុះបណ្ដាលបន្ដពេលកំពុងធ្វើការងារ។

ក្នុងឱកាសសន្និសីទសល្យសាស្ដ្រកម្ពុជា ប្រចាំឆ្នាំលើកទី២៩នេះ លោកសាស្ដ្រាចារ្យក៏បានគូសផ្ដល់អនុសាសន៍គន្លឹះមួយចំនួន ដល់សមាជិកសមាជិកានៃអង្គសន្និសិទ្ធទាំងអស់ ដោយបានសង្ងន់ធ្ងន់ថា «ដើម្បីឆ្លើយតបនឹងប្រធានបទលើ ដែលសំដៅទៅនវានុវត្ដន៍លើវិស័យវះកាត់ គឺយើងត្រូវនវានុវត្ដន៍ទៅលើ ៣ចំណុចសំខាន់ៗរួមមាន ១) នវានុវត្ដន៍លើធនធានមនុស្ស ដោយគ្រូពេទ្យវះកាត់ទាំងអស់ត្រូវតែមានវិជ្ជាជីវៈ មានទាំងបច្ចេកទេសពូកែ មានទាំងសីលធម៌ និងក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យ ២) នវានុវត្ដន៍ទៅលើយន្ដការនៃការអនុវត្ដន៍ការងារឱ្យមានប្រសិទ្ធភាព ៣)នវានុវត្ដន៍ទៅលើបច្ចេកទេសថ្មីៗ និងសម្ភារៈឧបករណ៍ដែលទំនើប ដើម្បីរៀបចំដំណើរការឱ្យបានល្អ ឈានទៅរកនវានុវត្ដន៍បច្ចេកទេស ដែលមានស័ក្ដសិទ្ធភាព និងគុណភាពខ្ពស់»

ជាងនេះទៅទៀត លោកសាស្ដ្រាចារ្យ ឡឹម តារា បានជំរុញលើកទឹកចិត្ដដល់សមាគមដែលបម្រើសេវាក្នុងវិស័យវះកាត់ខាងលើនេះ ក៏ដូចជាបុគ្គលិកសុខាភិបាលដែលពាក់ព័ន្ធ ត្រូវធ្វើការងារក្នុងស្មារតីជាក្រុម ហើយត្រូវមានការដឹកនាំដ៏ឈ្លាសវៃរបស់មេក្រុម ដើម្បីឱ្យការងារមានប្រសិទ្ធភាព និងសុវត្ថិភាពជូនប្រជាជន។

សមាគមសល្យសាស្ដ្រកម្ពុជា ជាសមាគមដែលមានវ័យចំណាស់ជាងគេ បានបង្កើតឡើងឆ្នាំ១៩៩៥ មកទល់នឹងពេលនេះមានការរីកចម្រើនយ៉ាងខ្លាំង ដែលមានឯកទេស និងគ្រូពេទ្យជំនាញវះកាត់ជាច្រើន ប៉ុន្ដែក៏នៅតែមានចំណុចខ្វះខាត និងមិនទាន់គ្រប់គ្រាន់នៅឡើយ នៅតាមមន្ទីរពេទ្យខេត្ដ ដោយសារការពង្រាយធនធានមនុស្សមិនទាន់បាន ដែលទាមទារឱ្យថ្នាក់ដឹកនាំនៅមូលដ្ឋានពិនិត្យឡើងវិញ ដើម្បីទាក់ទាញធនធានមនុស្សទៅ ហើយត្រូវបណ្ដុះបណ្ដាលនៅនឹងកន្លែងថែមទៀត។
ទាក់នឹងនឹងការបណ្ដុះបណ្ដាលនេះដែរ លោកសាស្ដ្រាចារ្យបានថ្លែងអំណរគុណដល់ភាគីមិត្ដបារំាង ដែលបានជួយទាំងការបណ្ដុះបណ្តាលធនធានមនុស្សសុខាភិបាល និងការគាំទ្រសហការក្នុងការរៀបចំសន្និសីទវិទ្យាសាស្ត្រវេជ្ជសាស្ត្រនានាជារៀងរហូតមក និងនៅតែបន្តគាំទ្រវិស័យសុខាភិបាលកម្ពុជាបន្ថែមទៀត។

សូមជម្រាបថា នៅក្នុងសន្និសីទខាងលើនេះ ក៏មានការធ្វើបទបង្ហាញជាច្រើនស្តីអំពីការរិះរករោគវិនិច្ឆ័យ និងការព្យាបាលជំងឺដោយការវះកាត់តាមវិធីសាស្ត្រទំនើបៗ ដែលនឹងត្រូវលើកយកមកពិភាក្សាផ្លាស់ប្ដូរយោបល់ និងបទពិសោធន៍គ្នារវាងគ្រូពេទ្យជំនាញឯកទេសជាតិនិងអន្តរជាតិជាច្រើន
នរូបដែលអញ្ជើញមកពីប្រទេសបារាំង សហរដ្ឋអាមេរិក កូរ៉េ ថៃ ម៉ាឡេស៊ី និង ជប៉ុន៕