(សៀមរាប)៖ ក្រោយសម្រេចបានជោគជ័យក្នុងការរៀបចំព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia កាលពីខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ លោក គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ដែលជាសកម្មក្នុងការដឹកនាំការរៀបចំព្រឹត្តិការណ៍នេះ បានលើកទឹកចិត្តបន្ថែមដល់ប្រជាជនឱ្យបន្តនិងបង្កើនការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ដើម្បីរួមចំណែកទាក់ទាញ់ភ្ញៀវទេសចរបរទេសឱ្យមកទស្សនាឱ្យកាន់តែច្រើនឡើងៗ ដែលជាឱកាសទាក់ទាញព្រឹត្តិការណ៍អន្តរជាតិក្រោយៗទៀតឱ្យមករៀបចំនៅប្រទេសកម្ពុជា។
ការថ្លែងបែបនេះរបស់មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ ដែលជាថ្នាក់ដឹកនាំចម្បងក្នុងការដឹកនាំព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia និងព្រឹត្តិការដទៃទៀតនោះ ធ្វើឡើងក្នុងរាត្រីថ្ងៃទី២នៃកម្មវិធី Post Gumball 3000 (២៣-២៥ វិច្ឆិកា) ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលរៀបចំឡើងនៅសួនច្បារមុខព្រះរាជដំណាក់ក្រុងសៀមរាប។
នាឱកាសនោះ លោករដ្ឋលេខាធិការ គុជ បញ្ញាសា បានឱ្យដឹងថា ប្រទេសកម្ពុជាពិតជាមានសំណាងណាស់ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏ខិតខំប្រឹងប្រែងដឹកនាំអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបន្តមត៌កពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងប្រធានព្រឹទ្ធសភា ក្នុងការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ មានសន្តិសុខ សុវត្ថិភាពពេញផ្ទៃប្រទេសជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកពីបរទេស។
ថ្នាក់ដឹកនាំដែលតែងមានវត្តមានក្នុងព្រឹត្តិការណ៍ទេសចរណ៍រូបនេះបន្តថា ក្រៅពីទេសចរណ៍វប្បធម៌បេតិកភណ្ឌ ទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍ ដែលយើងមានស្រាប់ ក៏មានការបង្កើតផលិតផលទេសចរណ៍ថ្មីៗ និងព្រឹត្តិការណ៍ដែលផ្សារភ្ជាប់ជាមួយទេសចរណ៍ជាច្រើនទៀត ដូចជា ការបើកបរយានយន្ត ការប្រណាំងយានយន្ត ការប្រគំតន្ត្រីទេសចរណ៍ ការរត់ប្រណាំងម៉ារ៉ាតុងនិងពាក់កណ្ដាលម៉ារ៉ាតុង ការសម្ដែងនូវទស្សនីយភាពសិល្បៈនិងវប្បធម៌ជាច្រើនសម្បូរបែប។
លោករដ្ឋលេខាធិការបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋចូលរួមជាអ្នកផ្សព្វផ្សាយពីគោលដៅទេសចរណ៍ឱ្យបានគ្រប់គ្នា តាមរយៈការប្រើប្រាស់ទូរដៃទំនើបថតរូបស្អាតបង្ហោះបង្ហាញទៅកាន់មិត្តភក្តិក្នុងបណ្ដាញសង្គមនានាឱ្យបានឃើញ រួមចំណែកទាក់ទាញភ្ញៀវទេសចរបរទេសផ្សេងទៀតឱ្យចាប់អារម្មណ៍ និងមកទស្សនាស្រុកទេសយើង។
លោកបន្តទៀតថា ជោគជ័យគួរជាទីមោទនៈនៃការរៀបចំព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia កាលពីខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅនោះ ក៏មិនអាចកាត់ផ្ដាច់បានឡើយពីការខិតខំប្រឹងប្រែងសហការគ្នា សាមគ្គីភាពពីសំណាក់ក្រុមហ៊ុន ជីប ម៉ុង គ្រុប ពិសេសគឺលោកឧកញ៉ា លាង ពៅ (ភីធើរ) និងសហការីគ្រប់ផ្នែក ដែលជាដៃគូសហការដ៏ចម្បងបំផុតជាមួយរាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ រួមទាំងក្រសួង ស្ថាប័ន អង្គភាព ក្រុមហ៊ុនឯកជន ក្រុមការងារពាក់ព័ន្ធ ក៏ដូចជាប្រជាពលរដ្ឋទូទាំង ក្នុងស្មារតីជាតិ «ខ្មែរតែមួយ» ដើម្បីកិត្តិនាមប្រជាជាតិកម្ពុជាទាំងមូល ពិសេសស្មារតីចូលរួមនេះគឺស្ដែងឱ្យឃើញតាមរយៈការចូលរួមរបស់ក្រុម Gumball 3000 កម្ពុជា សហការជាមួយប្រតិភូ Gumball 3000 អន្តរជាតិ ក្នុងការបំបែកឯតទគ្គកម្ម «ការតាំងបង្ហាញរថយន្ត SUPER CARS / HYPER CARS ច្រើនជាងគេបំផុតលើពិភពលោក» ប្រកបដោយភាពជោគជ័យ ដែលជាកិត្តិយសដ៏ពិសេសថ្មីមួយទៀតសម្រាប់ប្រទេសកម្ពុជា។
លោករដ្ឋលេខាធិការ គុជ បញ្ញាសា បានលើកឡើងបន្តថា ការបំបែកឯតទគ្គកម្មជាបន្តបន្ទាប់នេះ គឺចូលរួមលើកស្ទួយមុខមាត់ប្រទេសកម្ពុជាកាន់តែលេចធ្លោ រីឯការចូលរួមរបស់ភ្ញៀវទេសចរអន្តរជាតិក្នុងព្រឹត្តិការណ៍នីមួយៗនេះ នឹងបង្កើនកិត្យានុភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិផងដែរ។
ជាការអំពាវនាវលើកទឹកចិត្តរបស់លោករដ្ឋលេខាធិការក្រសួងទេសចរណ៍ សូមប្រជាពលរដ្ឋបន្តចូលរួមផ្សព្វផ្សាយគោលដៅទេសចរណ៍របស់ប្រទេសកម្ពុជាយើងបន្ថែមទៀត ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ទាក់ទាញការជ្រើសរើសកម្ពុជាសម្រាប់ការប្រារព្ធព្រឹត្តិការណ៍អន្តរជាតិនានាបន្ថែមទៀត សមដូចពាក្យស្លោករបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត មួយឃ្លាថា «ទាំងអស់គ្នាដើម្បីទេសចរណ៍ ទេសចរណ៍ដើម្បីទាំងអស់គ្នា»។ វិស័យទេសចរណ៍ជាមាសបៃតង ជាវិស័យនាំចេញនៅនឹងកន្លែង ដូច្នេះប្រសិនបើទេសចរអន្តរជាតិមកច្រើន ប្រជាពលរដ្ឋកម្ពុជានឹងទទួលបានផលប្រយោជន៍និងប្រាក់ចំណូលកាន់តែច្រើនដែរ ដូច្នេះសូមចូលរួមគាំទ្រវិស័យទេសចរណ៍ទាំងអស់គ្នា ចូលរួមសម្អាតបរិស្ថាន បង្កើនសោភ័ណភាព ទុកដាក់សំរាមឱ្យត្រឹមត្រូវ បន្តរក្សាភាពស្អាតនិងបៃតង ដើម្បីបង្កើនការស្រូបទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើនឡើងៗ។
ជាមួយនឹងអារម្មណ៍សប្បាយរីករាយ លោកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកពហុពាណិជ្ជកម្មនៃក្រុមហ៊ុន ជីប ម៉ុង គ្រុប ក៏បានរំឭកនូវការខិតខំប្រឹងប្រែងសហការគ្នា សាមគ្គីគ្នារបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលជាដៃគូសហការដ៏ចម្បងបំផុតជាមួយរាជរដ្ឋាភិបាល (មានក្រសួងទេសចរណ៍ជាតំណាង) រួមទាំងក្រសួង ស្ថាប័ន អង្គភាព ក្រុមការងារពាក់ព័ន្ធដទៃទៀត រហូតធ្វើឱ្យសម្រេចជោគជ័យក្នុងការរៀបចំព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia រយៈពេល៣ថ្ងៃ កាលពីខែកញ្ញាកន្លងទៅ ពោលលោកឧកញ៉ាពិតជាមានការថ្លែងអំណរគុណយ៉ាងក្រៃលែង។
លោកឧកញ៉ា លាង ពៅ (ភីធើរ) បានបញ្ជាក់ថា ជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia លើកដំបូងនេះ គឺជាជោគជ័យរបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល ហើយក៏ជាបទពិសោធន៍ក៏សំខាន់ក្នុងការឈានទៅទទួលរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗបែបនេះ នាពេលក្រោយៗទៀតដែរ។
គួរបញ្ជាក់ដែរថា បន្ទាប់ពីការថ្លែងរបស់ថ្នាក់ដឹកនាំទាំងពីរហើយនោះ លោករដ្ឋលេខាធិការ គុជ បញ្ញាសា និងលោកឧកញ៉ា លាង ពៅ (ភីធើរ) បានអញ្ជើញទទួលលិខិតថ្លែងអំណរគុណពីមន្ទីរពេទ្យកុមារអង្គរចំពោះការនាំថវិកាសប្បុរសធម៌៤៥ម៉ឺនដុល្លារជួយដល់មន្ទីរពេទ្យនេះ។ ថ្នាក់ដឹកនាំទាំងពីររូបក៏បានអញ្ជើញប្រគល់បណ្ណសរសើរដល់ដៃគូសហការ ក៏ដូចក្រុមការងារដែលចូលរួមរៀបចំ និងគាំទ្រដល់ព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia កាលពីខែកញ្ញាកន្លងទៅផងដែរ។
សូមជម្រាបថា ព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia កាលពីខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ បាននាំឧត្តមប្រយោជន៍គួរជាទីមោទនៈសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល យ៉ាងហោច៤ចំណុចធំៗ ក្នុងនោះរួមមាន៖ ១-លើកស្ទួយ ផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជាទៅកាន់មជ្ឈដ្ឋានអន្តរជាតិ និងទីផ្សារទេសចរអន្តរជាតិ ២-ចូលរួមការងារសប្បុរសធម៌តាមរយៈការនាំយកថវិកា៤៥ម៉ឺនដុល្លារដែលបានពីការរៃអង្គាសក្នុងព្រឹត្តិការ ប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ ដើម្បីបុព្វហេតុសង្គ្រោះជីវិតកុមារនៅកម្ពុជា ៣-បង្កើតឱ្យមានជំនួបធុរកិច្ចរវាងពាណិជ្ជករជាតិនិងអន្តរជាតិ និង៤-បំបែកកំណត់ត្រាពិភពលោកហ្គីណេស «ការតាំងបង្ហាញរថយន្ត SUPER CARS / HYPER CARS ច្រើនជាងគេបំផុតលើពិភពលោក»៕