(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់គ្រប់ប្រទេសចូលរួមបេសកកម្ម «ពិភពលោកមួយដែលគ្មានមីន» ដើម្បីកសាងពិភពលោកមួយដែលមានសុវត្ថិភាព និងសន្តិភាពជាងមុន។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជាអំពាវនាវឱ្យគ្រប់ប្រទេសទាំងអស់ចូលរួមជាមួយយើង ក្នុងបេសកកម្មនេះ ដើម្បីកសាងពិភពលោកមួយដែលមានសុវត្ថិភាព និងសន្តិភាពជាងមុន មិនមែនសម្រាប់តែបច្ចុប្បន្ននេះប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សជំនាន់ក្រោយៗទៀត»។
បើតាមប្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត យើងត្រូវបញ្ជាក់ឡើងវិញនូវការរួបរួមគ្នាក្រោម អនុសញ្ញាអូតាវ៉ា ដែលជាឯកសារដ៏សំខាន់រួម របស់មនុស្សជាតិ។
សូមជម្រាបថា អនុសញ្ញាអូតាវ៉ា គឺជាអនុសញ្ញាអង្គការសហប្រជាជាតិ (UN) ស្តីពីការហាមឃាត់ ការប្រើប្រាស់ ការដឹកជញ្ជូន ការស្តុកទុក និងការផ្ទេរ គ្រាប់មីនប្រឆាំងមនុស្សលោក។ អនុសញ្ញាអូតាវ៉ា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៩។ អនុសញ្ញាអូតាវ៉ា មានរដ្ឋភាគីចំនួន១៦៤ប្រទេស មានអង្គការសង្គមស៊ីវិលជាច្រើន ជាសមាជិក និងជាដៃគូ។ អនុសញ្ញាអូតាវ៉ាមានគោលដៅបញ្ចប់នូវទុក្ខសោកវេទនារបស់ប្រជាពលរដ្ឋពិភពលោក ដែលបង្កើតឡើងដោយសំណល់ជាតិផ្ទុះពីសង្គ្រាម។
អនុសញ្ញានេះ បានចូលរួមសង្គ្រោះជីវិតមនុស្សនៅលើពិភពលោកបានយ៉ាងច្រើនលាននាក់ ហើយបើគិតពីសំណល់ជាតិផ្ទុះសល់ពីសង្គ្រាមវិញ បន្ទាប់ពីអនុសញ្ញាអនុវត្ត២៥ឆ្នាំនេះ ចំនួនមីន និងគ្រាប់សំណល់មិនទាន់ផ្ទុះផ្សេងៗទៀត ជាង ៥០លានគ្រាប់ត្រូវបានរកឃើញ និងកម្ទេចចោល។ ដីដែលរងផលប៉ះពាល់ដោយសំណល់ជាតិផ្ទុះពីសង្គ្រាមរាប់ពាន់គីឡូម៉ែត្រក្រឡា ត្រូវបានបោសសំអាត និងផ្តល់ជូនប្រជាពលរដ្ឋប្រើប្រាស់។
កម្ពុជាបានក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ាក្នុងឆ្នាំ២០០០ ហើយបាននិងកំពុងបំពេញកាតព្វកិច្ចជារដ្ឋភាគីគំរូ និងឈានមុខគេក្នុងការលុបបំបាត់គ្រាប់មីនប្រឆាំងមនុស្ស ហើយត្រូវបានសហគមន៍អន្តរជាតិចាត់ទុកសមិទ្ធផលក្នុងការងារបោសសម្អាតមីនរបស់កម្ពុជា គឺជាសមិទ្ធផលមួយផ្នែកធំរបស់ពិភពលោក៕