(សៀមរាប)៖ ថ្លែងចេញពីទឹកដី នៃខេត្ដសៀមរាប នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា ធ្លាប់ជាទឹកដីនៃសន្ដិភាព បានធ្លាក់ចូលក្នុងជម្លោះភូមិសាស្ត្រនយោបាយ នៃសង្រ្គាមត្រជាក់ កាលពី៥៤ឆ្នាំមុន។
ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ដែលមានការអញ្ជើញចូលរួម ដោយគណៈប្រតិភូសរុបប្រមាណ៧០០នាក់មកពីប្រទេស និងអង្គការដៃគូពាក់ព័ន្ធអនុសញ្ញាអូតាវ៉ាជាង១៥០ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ធ្លាប់ជាទឹកដីនៃសន្ដិភាព កម្ពុជាបានធ្លាក់ចូលក្នុងជម្លោះភូមិសាស្ត្រនយោបាយ នៃសង្រ្គាមត្រជាក់ កាលពី៥៤ឆ្នាំមុន»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា ទឹកដីដែលពោរពេញដោយសម្បត្តិបេតិកភណ្ឌដ៏អស្ចារ្យ ដូចជាប្រាសាទអង្គរវត្ត បានឆ្លងកាត់នូវសោកនាដកម្ម ដ៏គួរឱ្យសោកសង្រេងបំផុត រួមមាន៖ ការទម្លាក់គ្រាប់បែក យ៉ាងធ្ងន់ធ្ងរជាច្រើនលើកច្រើនសារ អំពើប្រល័យពូជសាសន៍ និងសង្គ្រាមស៊ីវិលរាប់ទសវត្សរ៍។
បន្ថែមពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ប្រជាជនកម្ពុជារាប់លាននាក់បានបាត់បង់ជីវិត ហើយផ្ទៃដីរាប់ពាន់គីឡូម៉ែត្រក្រឡារបស់កម្ពុជា ត្រូវបានកប់រាយប៉ាយដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះផ្សេងទៀតនៃសង្គ្រាម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អាថ៌កំបាំងដ៏ខ្មៅងងឹតអំពីគ្រាប់មីន គឺថា ទោះបីជាសន្តិភាពពេញលេញត្រូវបានសម្រេចនៅឆ្នាំ១៩៩៨ក៏ដោយ ក៏ស្រមោលនៃគ្រាប់មីននៅតែបន្តកើតមាន និងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតមនុស្ស និងដល់ដំណើរការស្តារឡើងវិញក្រោយសង្គ្រាម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ប្រជាជនកម្ពុជាមិនអាចរស់នៅ និងបន្តជីវភាពដូចប្រក្រតីបាននោះទេ ដោយសារទឹកដីរបស់យើង នៅតែរងការបំផ្លិចបំផ្លាញដោយគ្រាប់មីន ហើយការកសាងប្រទេសរបស់យើងឡើងវិញក៏ត្រូវប្រឈមផងដែរ។
ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រាកដណាស់ ទាំងអ្នកវិនិយោគ និងអ្នកទេសចរ នឹងមិនមកប្រទេសដែលមានសញ្ញាក្រហម «ប្រយ័ត្នគ្រាប់មីន» នោះទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផលប៉ះពាល់ពីសង្រ្គាមលើសតិអារម្មណ៍ និងស្មារតីមានភាពធ្ងន់ធ្ងរដូចគ្នា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ការរស់នៅជាមួយគ្រាប់មីន បានធ្វើឱ្យប្រជាជនកម្ពុជាជាច្រើន មានភាពលំបាកក្នុងការទទួលយកការពិតនៃសន្តិភាព និងនឹកស្រមៃដល់អនាគតដ៏ភ្លឺស្វាង។ ស្លាកស្នាមដែលគ្រាប់មីនបានបន្សល់ទុក ទាំងផ្លូវកាយ និងផ្លូវចិត្ត គឺជាការរំលឹកប្រចាំថ្ងៃអំពីភាពរន្ធត់ កាលពីអតីតកាល។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងផងដែរថា វឌ្ឍនាភាពដ៏ថ្លៃថ្លារបស់កម្ពុជា ក្នុងសកម្មភាពដោះមីននឹងមិនអាចសម្រេចបានទេ ប្រសិនបើគ្មានការជួយគាំទ្រពីសហគមន៍អន្តរជាតិ៕