(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិច្ចប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព(IPTP 11) នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារក្នុងពេលអាហារពេលព្រឹក ជាមិត្តភាពក្រៅផ្លូវការ ជាមួយ ឯកឧត្តម ខាំបៃ ដំាឡាត់ (Khambay Damlath) អនុប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាឡាវ ចូលរួមកិច្ចប្រជុំពេញអង្គលើកទី១១ (IPTP-11) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅសណ្ឋាគារសុខាភ្នំពេញ។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា វត្តមានរបស់ ឯកឧត្ដម ខាំបៃ ដំាឡាត់ ក៏ដូចជាវត្តមានរបស់លោកជំទាវ ផានី យ៉ាថរទូ (Pany Yathotou) អនុប្រធានាធិបតីឡាវ ក្នុងមហាសន្និបាត ICAPP លើកទី ១២ ដែលទើបបញ្ចប់កាលពីពេលថ្មីៗនេះ បានបង្ហាញឱ្យឃើញនូវស្មារតីមិត្តភាព សាមគ្គីភាព និងការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាតំបន់ និងអន្ដរជាតិ ដែលបានលើកមុខមាត់ និងកិត្យានុភាពរបស់កម្ពុជាក្នុងឆាកអន្ដរជាតិ៕