(ភ្នំពេញ)៖ គិតត្រឹមឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញបណ្ណកម្មសិទ្ធិដីបានចំនួន ៨,១១៧,៥៣៣បណ្ណជូនដល់ប្រជាពលរដ្ឋ ក្នុងនោះមានបានបញ្ចប់ការចេញបណ្ណជំហានទី១ ចំនួន៧លានក្បាលដី ស្មើនឹង ១០០% នៃផែនការ និងបាននិងកំពុងអនុវត្តការចេញបណ្ណជំហានទី២ បានចំនួន១,១១៧,៥៣៣បណ្ណ ស្មើនឹង២២,៣៥%។

ក្នុងរយៈពេល ១ឆ្នាំដើមអណត្តិទី៧នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹង យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងគោលនយោបាយអាទិភាពគន្លឹះទាំង៥ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី យ៉ាងខ្ជាប់ខ្ជួន និងយកចិត្តទុកដាក់បំផុត។

បើតាមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ក្រសួងសម្រេចបាននូវសមិទ្ធិផលសំខាន់ៗជាច្រើន ស្របតាមទស្សនវិស័យវែងឆ្ងាយ ជាក់ស្តែង និងប្រាកដនិយមរបស់រាជរដ្ឋាភិបាល។ លោក បានបន្តថា ការធានាបាននូវសន្តិសុខនយោបាយនិងសន្តិសុខសេដ្ឋកិច្ច បញ្ចប់ភាពចម្រូងចម្រាសក្នុងសង្គមទាំងមូលនាពេលបច្ចុប្បន្ន ជាកិច្ចការបន្ទាប់របស់ក្រសួង ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសចំណូលខ្ពស់ ហើយក៏ជាពេលវេលាដែលយើងត្រូវងាកមកផ្តោតលើការងារស្នូលរបស់ក្រសួង ដែលជាឬសរយាង គឺសមរភូមិទី៣ ទី៤ និងទី៥ និងការងារបន្តបន្ទាប់ក្នុងការបម្រើប្រជាជនកម្ពុជា។

ជាមួយគ្នានេះ លោក តឹករ៉េត សំរេច រដ្ឋលេខាធិការប្រចាំការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងពីសេចក្ដីព្រាងរបាយការណ៍សង្ខេប បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ ដោយក្នុងនោះ លោកបានថ្លែងថា ក្នុងការរួមចំណែកអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រគ្រប់ដំណាក់កាលរបស់រាជរដ្ឋាភិបាល ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមលើគ្រប់វិស័យ, ក្រសួងបានខិតខំបំពេញបេសកកម្មរបស់ខ្លួនយ៉ាងសកម្ម ដោយបានសម្រេចនូវសមិទ្ធផលសំខាន់ថ្មីៗ ជាច្រើនលើការរៀបចំគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត ការងាររដ្ឋបាលដីធ្លី ការងាររៀបចំដែនដីនិងនគរូបនីយកម្ម ការងារគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ការងារគ្រប់គ្រងនិងអភិវឌ្ឍវិស័យសំណង់ ការងារអភិវឌ្ឍលំនៅឋាន។ល។

បន្ថែមពីនេះ ក្រសួងក៏បានចូលរួមពង្រឹងភាពសុខដុមរមនាក្នុងសង្គម បង្កើតចលករនិងបរិយាកាសល្អសម្រាប់ធុរកិច្ចនិងការវិនិយោគ ជួយរដ្ឋបាលថ្នាក់ក្រោមជាតិក្នុង ការរៀបចំគោលនយោបាយសាធារណៈ និងផែនការសកម្មភាពរបស់ខ្លួនបានច្បាស់លាស់ ព្រមទាំងជំរុញបង្កើន ចំណូលរបស់រដ្ឋ ដែលជាគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងកាត់បន្ថយភាពក្រីក្រ។ ប្រជាពលរដ្ឋគ្រប់រូបមាន សិទ្ធិពេញលេញក្នុងការកាន់កាប់ដីធ្លី ការប្រើប្រាស់ដីធ្លីស្របទៅតាមសក្តានុពលដីប្រកបដោយប្រសិទ្ធភាពជា កត្តាគន្លឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង។

លោក បានបន្តថា ការងាររដ្ឋបាលដីធ្លីជាផ្នែកមួយដ៏សំខាន់ក្នុងការរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ ដើម្បីធានាប្រសិទ្ធភាពនៃរដ្ឋបាលដីធ្លី។ ក្រសួងមានវិធានការពង្រឹងសិទ្ធិលើដីធ្លី និងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ដែលគ្របដណ្តប់លើរាល់សកម្មភាពនៃការបង្កើត ការផ្ទេរ និងការកាន់កាប់ជាសិទ្ធិប្រត្យក្សផ្សេងទៀតដែលមានចែងក្នុងច្បាប់ទាំងឡាយរបស់កម្ពុជា ជាអាទិ៍ច្បាប់ភូមិបាល ក្រមរដ្ឋប្បវេណី ច្បាប់ពាក់ព័ន្ធនឹងសហកម្មសិទ្ធិ និងលិខិតបទដ្ឋាន គតិយុត្តទាក់ទងនឹងកម្មសិទ្ធិ។

រដ្ឋបាលសុរិយោដី បានខិតខំប្រឹងប្រែងចុះបញ្ជីនិងចេញបណ្ណកម្មសិទ្ធិ និងសិទ្ធិផ្សេងទៀត លើអចលនវត្ថុនិងធ្វើការផ្ទេរសិទ្ធិលើអចលនទ្រព្យទាំងនោះជាផ្លូវការ ទប់ស្កាត់ និងដោះស្រាយវិវាទដីធ្លីសំដៅបាន នូវទំនុកចិត្តនិងប្រសិទ្ធភាពនៃទីផ្សារដីធ្លី។

មន្ត្រីជាន់ខ្ពស់នៃក្រសួងរៀបចំដែនដីរូបនេះ បានបញ្ជាក់ថា «គិតត្រឹមឆ្នាំ២០២៤ ក្រសួងបានចេញបណ្ណកម្មសិទ្ធិដីបានចំនួន៨,១១៧,៥៣៣បណ្ណ ក្នុងនោះមាន (១)បានបញ្ចប់ការចេញបណ្ណជំហានទី១ ចំនួន៧លានក្បាលដី ស្មើនឹង១០០%នៃផែនការ និង(២)បាននិងកំពុងអនុវត្តការចេញបណ្ណជំហានទី២ បានចំនួន១,១១៧,៥៣៣បណ្ណ ស្មើនឹង២២,៣៥% នៃចំនួនក្បាលដីប៉ាន់ស្មាន ជំហានទី២ ប្រមាណ៥លានក្បាលដី ដោយឡែក ការចុះបញ្ជីដីគរុភណ្ឌវត្តបានចំនួន៣,៥៧៨បណ្ណ។

*ការងារចុះបញ្ជីបន្ត៖

-បានចុះបញ្ជីអំពីការផ្ទេរកម្មសិទ្ធិចំនួន ១០៨,០៨២ករណី
-បានចុះបញ្ជីសិទ្ធិប្រាតិភោគ (ដាក់បញ្ចាំ/ហ៊ីប៉ូតែក) ចំនួន ៥២,៧១៨ករណី
-បានចុះបញ្ជីសិទ្ធិជួលអចិន្ត្រៃយ៍ចំនួន៤៤បណ្ណ ស្មើនឹង ១,៥៥៦ហិកតា ១១៩អា
-បានចុះបញ្ជីបំបែកក្បាលដីបុរីចំនួន៤៤បុរី ស្មើនឹង ៧,១៤០បណ្ណ។

ក្រសួងបានបង្កើតក្រុមការងារប្រតិបត្តិការក្នុងរាជធានី ខេត្តគោលដៅចំនួន២៥ ដើម្បីសហការជាមួយ អាជ្ញាធរមានសមត្ថកិច្ច រកដំណោះស្រាយសម្អាតបញ្ជីករណីវិវាទដែលនៅសេសសល់ ដើម្បីបិទបញ្ចប់ ដើម្បីពង្រឹង សុវត្ថិភាពនៃការកាន់កាប់ដី បង្កើតភាពសុខដុមរមនាសង្គម បង្កភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចនៅតាមមូលដ្ឋាន និងឈានទៅបង្កើនល្បឿននៃការកាត់បន្ថយភាពក្រីក្រ។

 *ការដោះស្រាយវិវាទដីធ្លីក្នុងយន្តការគណៈកម្មការសុរិយោដី៖

-បានទទួលពាក្យបណ្តឹងចំនួន ២៣០ករណី (ទទួលពីគណៈកម្មការរដ្ឋបាលចំនួន ២១៨ករណី) បានដោះស្រាយបញ្ចប់នីតិវិធីចំនួន ៧០៤ករណី ក្នុងនោះ ដោះស្រាយបញ្ចប់ស្ថាពរចំនួន ២៩២ករណី មាន១,២៤២គ្រួសារ ទំហំ៥៣៦,៨៤ហិកតា ច្រានចោលពាក្យបណ្ដឹងបន្ទាប់ពីស៊ើបអង្កេតឃើញថា ខុសសមត្ថកិច្ចចំនួន ៣៥៨ករណី និងភាគីស្នើសុំដកពាក្យបណ្តឹងចំនួន ៥៤ករណី។

គិតពីចាប់ផ្តើមអនុវត្តឆ្នាំ២០០៣ ដល់ឆ្នាំ២០២៤ គណៈកម្មការសុរិយោដីក្រុង ស្រុក ខណ្ឌ បានទទួល ពាក្យបណ្តឹងចំនួន ៩,៨១១ករណី ដោះស្រាយបញ្ចប់នីតិវិធីចំនួន៩,៥៦៦ករណី ក្នុងនោះបញ្ចប់ជាស្ថាពរចំនួន ៤,៩០៩ករណី ច្រានចោលពាក្យបណ្ដឹងបន្ទាប់ពីស៊ើបអង្កេតឃើញថាខុសសមត្ថកិច្ចចំនួន ៣,៥៦២ករណី, ភាគីស្នើសុំដកពាក្យបណ្តឹងចំនួន ១,០៩៥ករណី និងកំពុងដោះស្រាយចំនួន ២៤៥ករណី។

លទ្ធផលក្រុមដោះស្រាយវិវាទដីធ្លីចល័ត ក្រុង ស្រុក ខណ្ឌ អនុវត្តបានចំនួន ៤,៨២៧ករណី (ក្នុងនោះបញ្ចប់ជាស្ថាពរចំនួន ២,៤២៥ករណី ច្រានចោល ពាក្យបណ្ដឹងបន្ទាប់ពីស៊ើបអង្កេតចំនួន១ ៤១៧ករណី, ភាគីស្នើសុំដកពាក្យបណ្តឹងចំនួន ៥៩៣ករណី និងបញ្ជូនទៅគណៈកម្មការសុរិយោដីថ្នាក់ខេត្តចំនួន ៣៩២ករណី)។

ចាប់ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០២៤ គណៈកម្មការសុរិយោដីបានបញ្ចប់វិវាទពាក់ព័ន្ធនឹង ២៥,៣៩៩គ្រួសារ ស្មើនឹងផ្ទៃដីទំហំ ៧,២០៦,២០ហិកតា។

*ការដោះស្រាយវិវាទដីធ្លីដោយក្រុមការងារក្រសួង៖

-បានទទួលពាក្យបណ្តឹងចំនួន ៦៩៦ករណី
-បានដោះស្រាយបញ្ចប់ចំនួន ១,៣១០ករណី។

គិតពីចាប់ផ្តើមអនុវត្តខែមេសា ឆ្នាំ២០១៦ ដល់ឆ្នាំ២០២៤ ក្រសួងបានទទួលករណីវិវាទចំនួន ៤,១៣៧ករណី ដោះស្រាយបញ្ចប់សរុបចំនួន ៣,៣៧២ករណី និងកំពុងដោះស្រាយចំនួន ៧៦៥ករណី។

*លទ្ធផលការដោះស្រាយរបស់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី
-បានទទួលពាក្យបណ្តឹងចំនួន ១ករណី
-បានដោះស្រាយបញ្ចប់ចំនួន ១០៧ករណី។

គិតពីចាប់ផ្តើមអនុវត្តដល់ឆ្នាំ២០២៤ ទទួលពាក្យបណ្តឹងចំនួន ២,០១២ករណី ដោះស្រាយសរុបបានចំនួន ១,៩៨១ករណី និងកំពុងដោះស្រាយចំនួន ៣១ករណី។

ក្នុងឆ្នាំ២០២៤នេះ យន្តការដោះស្រាយវិវាទដីធ្លីទាំង៣ បានទទួលពាក្យបណ្តឹងសរុប ៩២៧ករណី និងដោះស្រាយបញ្ចប់នីតិវិធីចំនួន២,១២១ករណី។ គិតពីចាប់ផ្តើមអនុវត្តដល់ឆ្នាំ២០២៤ ទទួលពាក្យបណ្តឹងសរុបចំនួន ១៥,៩៦០ករណី ដោះស្រាយបញ្ចប់នីតិវិធីចំនួន១៤,៩១៩ករណី និងកំពុងដោះស្រាយចំនួន១,០៤១ករណី។

សូមជម្រាបថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ចាប់ពីថ្ងៃទី២៥ និងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលសន្និបាត២០២១ នៃទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕