(ភ្នំពេញ)៖ លោក សេង ឡូត អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានថ្លែងថា មូលដ្ឋានគ្រឹះក្នុងការរៀបចំពូនជ្រំរដ្ឋបាលសាធារណៈទំនើប ត្រូវឈរលើមុំ៣ ដែលជាស្នូលនៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។
ការថ្លែងបែបនេះរបស់លោក ធ្វើឡើងក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ និងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលសន្និបាត២០២១ នៃទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
លោក សេង ឡូត បានឱ្យដឹងថា អគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឆ្លើយតបទៅនឹងគោលនយោបាយអាទិភាពទាំង ៣ចំណុចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លើកំណែទម្រង់មុខងារសាធារណៈរួមមាន៖ ការពង្រឹងសមត្ថភាពមន្រ្តី ការពង្រឹងសមត្ថភាពស្ថាប័ន និងការលើកកម្ពស់ប្រព័ន្ធលើកទឹកចិត្តដល់មន្រ្តី។
ដោយ លោកបានបន្តថា ក្នុងនោះក្រសួងបានកំណត់ និងបំពេញកិច្ចការចម្បងៗជាអាទិ៍៖
*ទី១៖ ការពង្រឹងសមត្ថភាពមន្រ្តី៖ ការរៀបចំផែនការជ្រើសរើសមន្ត្រី បណ្តុះស្មារតីមនសិកាវិជ្ជាជីវៈ ការបណ្តុះបណ្តាលបន្ត ការប្រើប្រាស់មន្ត្រីអោយស្របតាមឧបនិស្ស័យនិងជំនាញ និង លើកទឹកចិត្តមន្ត្រីឲ្រទៅសិក្សានៅក្រៅប្រទេសតាមរយៈអាហារូបករណ៍
*ទី២៖ ការពង្រឹងសមត្ថភាពស្ថាប័ន៖
- រៀបចំគោលនយោបាយ និងបទដ្ឋានគតិយុត្តិសមស្រប និងមានសង្គតភាព
- លើកកម្ពស់ប្រសិទ្ធភាពការងារ និងការគ្រប់គ្រងបុគ្គលិក តាមរយៈការវិភាគមុខងារ ការកែសម្រួលរចនាសម្ព៏ន្ធរបស់ក្រសួង
- ការធ្វើទំនើបកម្មស្ថាប័នឲ្យក្លាយជារដ្ឋបាលសាធារណៈទំនើប
*ទី៣៖ ការលើកកម្ពស់ប្រព័ន្ធលើកទឹកចិត្តដល់មន្រ្តី៖ ផ្តល់កិច្ចគាំពារសុខុមាលភាពមន្ត្រីរាជការដោយសហការណ៍ជាមួយបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) និងគោលនយោបាយលើកទឹកចិត្តមន្ត្រី ដូចជា សម្រាលកូន អាពាហ៍ពិពាហ៍ មរណភាព មន្ត្រីរាជការ និងមន្ត្រីចូលនិវត្តន៍នៅរដូវកាលបុណ្យទាន មន្ត្រីរាជការដែលមានជំងឺ មានជីវភាពខ្វះខាត និងជួបគ្រោះថ្នាក់ផ្សេងៗ ព្រមទាំងលើកកម្ពស់យេនឌ័រ៕