(ភ្នំពេញ)៖ ក្រសួងបរិស្ថានធ្វើការបដិសេធ ចំពោះសារព័ត៌មានមួយចំនួន ដែលបានប្រើប្រាស់រូបភាពចាស់ៗ ដើម្បីផ្សព្វផ្សាយខុសពីការពិត និងបង្កឱ្យមានការភាន់ច្រឡំ លើករណីឥណទានកាបូននៃការអនុវត្តគម្រោងរេដបូក (REDD+) នៅកម្ពុជា។
ក្រសួងបរិស្ថាន សូមធ្វើការបដិសេធព័ត៌មានបំផ្លើស ខុសពីការពិតជាក់ស្តែង ទាំងនោះដោយមូលហេតុ៖
-ក្រសួងបរិស្ថាន បាននិងកំពុងអនុវត្តគម្រោងរេដបូក (REDD+) សម្រាប់ឥណទានកាបូនដោយមានយន្តការជាតិនិងអន្តរជាតិច្បាស់លាស់ក្នុងការវាយតម្លៃ និងការធ្វើសវនកម្ម ដើម្បីធានាបាននូវការការពារ និងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព លើតំបន់ការពារធម្មជាតិ ដែលសម្បូរដោយព្រៃឈើ សត្វព្រៃ និងជីវៈចម្រុះផ្សេងទៀត
-ក្រសួងបរិស្ថាន បានដាក់ចេញវិធានការម៉ឺងម៉ាត់បំផុត ព្រមទាំងប្រើប្រាស់បច្ចេកវិទ្យាជំនួយ ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ បិសេសក្នុងគម្រោងរេដបូក(REDD+) ដោយជំរុញការអនុវត្តច្បាប់១០០ភាគរយ ដោយបានប្រើប្រាស់បច្ចេកវិទ្យា និងបានសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស គណៈមេធាវី និងក្រសួងយុត្តិធម៌ ក្នុងការស៊ើបអង្កេត បង្រ្កាបបទល្មើសធនធានធម្មជាតិ
-យន្តការសវនកម្មឯករាជ្យអន្តរជាតិបានផ្ទៀងផ្ទាត់ធ្វើសវនកម្មឥណទានកាបូន នៃគម្រោងរេដបូក (REDD+) នៅកម្ពុជាឡើងវិញ ចាប់ពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីបានផ្អាកអស់រយៈពេលមួយឆ្នាំ ដើម្បីផ្ទៀងផ្ទាត់ឡើងវិញ។ ការអនុញ្ញាតឱ្យលក់ឥណទានកាបូនឡើងវិញនេះ គឺឆ្លុះបញ្ចាំងយន្តការរេដបូក (REDD+) នៅកម្ពុជា កំពុងដំណើរការល្អ បម្រើឱ្យផលប្រយោជន៍ដល់ការការពារ និងអភិរក្សធនធានធម្មជាតិ និងជីវភាពប្រជាសហគមន៍នៅតាមមូលដ្ឋានកាន់តែប្រសើរ។
សេចក្តីដូចបានជម្រាបជូនខាងលើ ក្រសួងបរិស្ថានសំណូមពរដល់បណ្តាសារព័ត៌មានទាំងអស់ ដែលបានចុះផ្សាយអំពីកម្មវិធីរេដបូក (REDD+) នៅកម្ពុជា សូមធ្វើការផ្សព្វផ្សាយការពិត និងគោរពវិជ្ជាជីវៈសារព័ត៌មាន ខណៈដែលកម្ពុជាគឺជាប្រទេសមួយ ក្នុងចំណោមប្រទេសកំពុងអនុវត្តកម្មវិធីរេដបូក (REDD+) បានល្អនៅក្នុងពិភពលោក៕