(ភ្នំពេញ)៖ សហគ្រិនខ្មែរ (KE) ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ (SDC) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំកម្ពុជា (KOICA) បានសហការរៀបចំសន្និសីទប្រចាំឆ្នាំស្តីពី ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា២០២៤ (CAMESCO24) ក្រោមប្រធានបទ «ថាមពលនៃកិច្ចសហការដើម្បីផលវិជ្ជមាន» ពិសេសគឺមានការផ្តល់ជាគោលដៅយុទ្ធសាស្ត្រជូនដល់វិនិយោគិនក្នុងតំបន់ ដែលមានបំណងចង់វិនិយោគដើម្បីផ្ដល់ផលវិជ្ជមាននៅកម្ពុជា។
សន្និសីទប្រចាំឆ្នាំ CAMESCO24 នេះធ្វើឡើងនាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលពិព័រណ៍និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណ២០០នាក់ មកពីស្ថាប័នដៃគូពាក់ព័ន្ធជិត១០០ស្ថាប័ន។
កម្មវិធីសនិ្នសីទ CAMESCO24 មានគោលបំណងបន្តពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា តាមរយៈការរំលេចអំពីសកម្មភាពដែលបានបំពេញមួយឆ្នាំ រួមមាន៖ កម្មវិធីជួបជុំ១ថ្ងៃដើម្បីសហគ្រិន (Give a Day) កម្មវិធីកិច្ចប្រជុំបណ្តាញអ្នកកសាងប្រព័ន្ធអេកូឡូស៊ីសម្រាប់សហគ្រិនភាព (Ecosystem Builder Network) និងសកម្មភាពពង្រឹងប្រព័ន្ធអេកូឡូស៊ីមួយចំនួនថែមទៀត។ កិច្ចខិតខំប្រឹងប្រែងនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ក្នុងការជំរុញនវានុវត្តន៍ និងកិច្ចសហការនានានៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។ កម្មវិធីសន្និសីទប្រចាំឆ្នាំនេះដែរក៏នឹងជំរុញទៅលើការលើកកម្ពស់ការវិនិយោគផលវិជ្ជមាន (Impact Investment) និងការកៀរគរថវិកាបន្ថែមចូលទៅក្នុងប្រព័ន្ធអេកូឡូស៊ីដែលផ្តោតទៅលើសង្គម និងបរិស្ថាន។
គួរកត់សម្គាល់ថា ក្នុងឆ្នាំ២០២៤នេះ កម្មវិធីសន្និសីទ CAMESCO24 មានប្រធានបទចំនួន២៖
* ប្រធានបទទី១៖ ផ្តោតលើការពង្រឹងថាមពលដើម្បីកសាងសេដ្ឋកិច្ចដែលមានផលវិជ្ជមាន
* ប្រធានបទទី២៖ ផ្តោតទៅលើការពង្រឹងថាមពលដើម្បីជំរុញប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។
ជាលទ្ធផល កម្មវិធីនេះបានប្រកាសអំពីក្រុមប្រឹក្សាវិនិយោគដែលមានគោលដៅក្នុងការផ្តល់ជាគោលដៅយុទ្ធសាស្ត្រ និងយោបល់ជូនដល់វិនិយោគិនក្នុងតំបន់ ដែលមានបំណងចង់វិនិយោគដើម្បីផ្ដល់ផលវិជ្ជមាននៅប្រទេសកម្ពុជា៕