(ភ្នំពេញ)៖ លោក គិត ច័ន្ទគ្រឹស្នា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបរិវត្តឌីជីថល បានថ្លែងថា ការកសាងកម្មវិធីឌីជីថលបម្រើឱ្យសេវាសាធារណៈ គឺដើម្បីផ្ដល់សេវាលឿនរហ័ស មានតម្លាភាព និងប្រសិទ្ធភាពជូនប្រជាពលរដ្ឋ និងស្របទៅនឹងមុមទី៥ នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧។

ការថ្លែងបែបនេះរបស់លោក គិត ច័ន្ទគ្រឹស្នា បានធ្វើឡើងក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ និងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលសន្និបាត២០២១ នៃទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ប្រធានក្រុមការងារបរិវត្តិឌីជីថល បានឱ្យដឹងថា តាមរយៈក្រុមការងារបរិវត្តកម្មឌីជីថល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងការធ្វើឌីជីថលភាវូបនីយកម្មកិច្ចការសាធារណៈរបស់រដ្ឋ ដើម្បីពង្រឹងប្រសិទ្ធភាពការងារនិងការផ្តល់សេវាសាធារណៈ ក៏ដូចជាធ្វើការឆ្លើយតបនឹងការងារអាទិភាពក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ រួមទាំងការឆ្ពោះទៅសម្រេចបាននូវគោលនយោបាយគន្លឹះរបស់ក្រសួង ក្នុងការចុះបញ្ជីដីបង្ហើយ, សេវាគាប់ចិត្ត និងបរិយាកាសគ្មានវិវាទ។

លោកបានបន្តថា «ក្នុងនោះក្រុមការងារបរិវត្តកម្មឌីជីថល បានរៀបចំកសាងនិងធ្វើទំនើបកម្មមូលដ្ឋានគ្រឹះឌីជីថល ដោយរៀបចំនូវមជ្ឈមណ្ឌលទិន្នន័យរួម ការប្រមូលផ្ដុំ និងសមាហរណកម្មទិន្នន័យ រួមទាំងការតភ្ជាប់ជាមួយថ្នាលរដ្ឋាភិបាលឌីជីថល ដើម្បីកសាងកម្មវិធីឌីជីថលបម្រើឱ្យសេវាសាធារណៈ ក្នុងគោលដៅជំរុញប្រសិទ្ធភាពនៃការផ្ដល់សេវាលឿនរហ័ស តម្លាភាព ប្រសិទ្ធភាព សុវត្ថិភាព ងាយស្រួល និងជឿទុកចិត្ត»។

បើតាម លោក គិត ច័ន្ទគ្រឹស្នា, បច្ចុប្បន្ន ក្រសួងបានដាក់ឱ្យប្រើប្រាស់នូវសេវាសាធារណៈអនឡាញសំខាន់ៗចំនួន៣ ដូចជា៖ (១)សេវាពិនិត្យព័ត៌មានសុរិយោដី តាមរយៈ QR Code និងលេខកូដក្បាលដី, (២) សេវាសំណង់ និង(៣)សេវាដែលបានប្រតិភូកម្មឱ្យមន្ទីររៀបចំដែន នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី-ខេត្ត ចំនួន៤មុខងារនៃសេវា ដូចជា សេវាលក់ផ្ដាច់ អំណោយផ្ដាច់ ហ៊ីប៉ូតែក និងបញ្ចាំ។

ជាមួយគ្នានេះ ក្រុមការងារបរិវត្តកម្មឌីជីថល ក៏បាននិងកំពុងរៀបចំនូវថ្នាល និងកម្មវិធីឌីជីថល ជាច្រើនរួមមាន៖ កម្មវិធីទូរសព្ទដៃ MLMUPC App ប្រព័ន្ធចុះបញ្ជីដីធ្លីថ្មី បណ្ណាល័យច្បាប់ឌីជីថល ប្រព័ន្ធចរន្តការរដ្ឋបាលផ្ទៃក្នុង ថ្នាលមជ្ឈមណ្ឌលប្រជាជន ប្រព័ន្ធគ្រប់គ្រងវិវាទដីធ្លី និងសំណង់ ប្រព័ន្ធរាយការណ៍វឌ្ឍនភាពការចុះបញ្ជីដីធ្លី ប្រព័ន្ធអន្តរកម្មផ្លាស់ប្ដូរទិន្នន័យ ប្រព័ន្ធរដ្ឋបាលដីធ្លី និងប្រព័ន្ធរាយការណ៍សំណង់មិនរៀបរយជាដើម៕