(កំពង់ឆ្នាំង)៖ កងទ័ពកម្ពុជា-ឡាវ-វៀតណាម បានបិទបញ្ចប់ដោយជោគជ័យនូវការធ្វើលំហាត់សមយុទ្ធរួមគ្នាស្ដីពីការសង្គ្រោះគ្រោះមហន្ដរាយ បន្ទាប់ពីបានធ្វើឡើងអស់រយៈពេល១០ថ្ងៃ ពោលចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ស្ថិតក្នុងភូមិសាស្ដ្រខេត្តកំពង់ឆ្នាំង។

ពិធីបិទលំហាត់សមយុទ្ធរួមគ្នានេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ ចាន់សាម៉ន ចាន់ញ៉ាឡាត ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ និងនាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ ហ្សាង រដ្ឋមន្ដ្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

លំហាត់ហ្វឹកហ្វឺនរួមគ្នារវាងកងទ័ពបីប្រទេសកម្ពុជា ឡាវ វៀតណាម បានរៀបចំឡើង ក្រោមប្រធានបទ «ប្រតិបត្តិការជួយសង្គ្រោះគ្រោះមហន្តរាយ បាក់រលំអគារ» ដែលបានរៀបចំជា២ខ្លឹមសារហ្វឹកហាត់ ប្រតិបត្តិការសង្គ្រោះគ្រោះបាក់រលំអគារ និងប្រតិបត្តិការសង្គ្រោះសុខាភិបាល ក្នុងនោះមាន៖ ផ្នែកមន្ទីរពេទ្យកម្រិត១ និងផ្នែកមន្ទីរពេទ្យកម្រិត២។

ពេលវេលាហ្វឹកហាត់រួមចំនួន១០ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ ទីកន្លែងរៀបចំលំហាត់ ស្ថិតនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង។ កម្លាំងចូលរួមលំហាត់សរុបចំនួន៦៩៨នាក់ ក្នុងនោះភាគីកម្ពុជា ចំនួន៥៦៣នាក់ ភាគីឡាវចំនួន៦៤នាក់ និងភាគីវៀតណាមចំនួន៧១នាក់។

ភាគីកម្ពុជាប្រើប្រាស់គ្រឿងបំពាក់ និងបរិក្ខារបាក់រលំអាគារ ចំនួន២៧មុខ ឧទ្ធម្ភាគចក្រMI-17 ចំនួន១គ្រឿង, រថយន្តសង្គ្រោះបន្ទាន់ចំនួន៧គ្រឿង, តង់សុខាភិបាល ចំនួន១២តង់, សម្ភារបរិក្ខារពេទ្យចំនួន៣៤មុខ និងបរិក្ខារផ្សេងៗមួយចំនួនទៀត។ ភាគីវៀតណាមប្រើប្រាស់ រថយន្តសង្គ្រោះបន្ទាន់ចំនួន១គ្រឿង, រថយន្តវិស្វកម្មចំនួន១គ្រឿង និងរថយន្ត១២កៅអី ចំនួន១គ្រឿង និងសម្ភារៈបរិក្ខារមួយចំនួន ភាគីឡាវប្រើប្រាស់បរិក្ខារបាក់រលំអគារមួយ ចំនួនផងដែរ៕