(ត្បូងឃ្មុំ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពក្នុងពីធីប្រកាសទទួលស្គាល់ខេត្តត្បូងឃ្មុំ ជាខេត្តទី១១ដែលទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ដែលមានសមាសភាពចូលរួមសរុបប្រមាណ២៣០០នាក់ នៅបរិវេណរង្វង់មូលទល់មុខសាលាខេត្តត្បូងឃ្មុំ។
លោក ឆាយ ឫទ្ធិសែន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះអង្គពិធីទាំងមូល និងបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានាដែលខេត្តត្បូងឃ្មុំសម្រេចបាននាពេលកន្លងមកលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាក់ស្ដែងការសម្រេចនូវការបញ្ចប់បន្ទោបង់ពាសវាលពាសកាលនៅទូទាំងខេត្តពេលនេះ។
លោករដ្ឋមន្រ្ដីបានបន្តថា បច្ចុប្បន្ន ក្រសួងបាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទ ដែលសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៨៨,៨០% ក្នុងនោះអត្រាគ្របដណ្តប់ទឹក ៨៦,០៩% និងអនាម័យ ៩១,៤៧% ហើយនឹងសម្រេចឱ្យបាន ១០០% នៅឆ្នាំ២០៣០។
ដោយឡែក ចំពោះការសម្រេចបានខេត្ត ODF គិតត្រឹមថ្ងៃនេះ មានខេត្តចំនួន ១១ ដែលសម្រេចបានជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) រួមមាន៖ ខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ កំពង់ចាម រតនគីរី ខេត្តសៀមរាប និងខេត្តត្បូខឃ្មុំ ជាខេត្តទី១១ ដែលទទួលបានជ័យលាភី ODF។
សូមជម្រាបថា នៅក្នុងដំណាច់ឆ្នាំ២០២៤នេះ ក្រសួងមានផែនការសម្រេចឱ្យបានខេត្តជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលចំនួន២ទៀត គឺខេត្តតាកែវ និងខេត្តស្ទឹងត្រែង ហើយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ រាជធានីភ្នំពេញ នឹងទទួលពានជារាជធានីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF PLUS) ដំបូងគេ៕