(ព្រះសីហនុ)៖ រដូវរំហើយបានចាប់ផ្តើមធ្លាក់ក្នុងខែវិច្ឆិការនេះ ការប្រមូលផលស្រូវក៏បានមកដល់ ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានចាប់ផ្តើមច្រូតកាត់ស្រូវជាបន្តបន្ទាប់ជាមួយស្នាមញញឹម ដោយសង្ឃឹមខ្ពស់ថា នឹងបានទិន្នផលល្អជាងរាល់ឆ្នាំ ដោយសារកសិករភាគច្រើនទទួលការបង្ហាត់បង្រៀន និងណែនាំពីមន្ត្រីកសិកម្ម នូវការថែទាំដាំដុះ ការប្រើប្រាស់ជីត្រូវនឹងប្រភេទដី និងផ្តល់ថ្នាំសម្លាប់សត្វល្អិតជាដើម។

ជាក់ស្តែងនាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញ ក្រុមកាងារបច្ចេកទេស អង្កេតស្ទង់ផលស្រូវ រួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះទៅស្ទង់បរិមាណ ផលស្រូវរបស់ប្រជាពលរដ្ឋដែលកំពុងប្រមូលផល។

ប្រធានមន្ទីរកសិកម្ម បានប្រាប់ថា ការចុះមកវាស់ស្ទង់ផលស្រូវនេះ គឺចង់ដឹងថា តើក្នុង១ហិចតាដីស្រែរទទួលបានទិន្នផលស្រូវប៉ុន្មានតោន ពោលគឺក្រុមបច្ចេកទេសបានធ្វើការវាស់១ម៉ែត្រការ៉េគុម្ពស្រូវ ហើយយកមកបែនយកតែគ្រាប់ស្រូវរួចថ្លឹង បន្ទាប់មកយកទម្ងន់ជាក់ស្តែងគុណហ្នឹងផ្ទៃដី។ លោកបន្តថា សម្រាប់ទិន្នផលឆ្នាំនេះតាមការសន្និដ្ឋាន គឺប្រហាក់ប្រហែលហ្នឹងឆ្នាំចាស់។

លោក នេន ចំរើន បានឲ្យដឹងបន្ថែមថា ខេត្តព្រះសីហនុ មានតែស្រុកចំនួន២តែប៉ុណ្ណោះដែលធ្វើស្រែ គឺស្រុកព្រៃនប់ និងស្រុកកំពង់សីលា ហើយបើគិតត្រឹមថ្ងៃទី២២ ខែវិច្ឆិកា ទើបតែប្រមូលផលបានជាង១ពាន់ហិចតា ក្នុងផ្ទៃដីដាំដុះសរុប១២១៦៩ ហិចតា។

ក្នុងពេលវេលានោះ ប្រជាពលរដ្ឋអរគុណប្រធានមន្ទីរ មន្ត្រីជំនាញដែលកន្លងមកបានយកចិត្តទុកដាក់ក្នុងការណែនាំពីការថែទាំដាំដុះ ការប្រើប្រាស់ជីត្រូវនឹងប្រភេទដី ផ្តល់ថ្នាំសម្លាប់សត្វល្អិត ដែលធ្វើឲ្យពួកគាត់មានសង្ឃឹមថានឹងកើនផលជាងឆ្នាំទៅ៕