(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារ សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំក្នុងពិធីសម្ភោធសមិទ្ធិផលនានា នៅក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ នៅឃុំទួលពង្រ ស្រុកម៉ាឡៃ នៅថ្ងៃទី២៩ ខែវិច្ឆិការ ឆ្នាំ២០២៤ខាងមុខ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក លោកស្រី នាយការិយាល័យជំនាញទាំង៣១ លោកអធិការនគរបាលក្រុងស្រុកទាំង៩ លោកមេបញ្ជាការវរសេនាតូច នគរបាលការពារព្រំដែនគោកទាំង៤។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញផែនការយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងនគរបាលគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវមានភារកិច្ចធ្វើយ៉ាងណាត្រូវធានាឲ្យបាននូវការពារ សន្តិសុខ រក្សាសុវត្ថិភាពជូនថ្នាក់ដឹកនាំ ប្រតិភូអមដំណើរភ្ញៀវជាតិ អន្តរជាតិ ដែលអញ្ជើញមកចូលរួមប្រកបដោយប្រសិទ្ធភាព។

ក្រៅពីនេះកម្លាំងនគរបាលចរាចរណ៍ ត្រូវរៀបចំសណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ ជូនក្បួនរថយន្តថ្នាក់ដឹកនាំ ប្រតិភូអមដំណើរ មន្ត្រីរាជការ ប្រជាពលរដ្ឋឲ្យបានល្អ និងកុំឲ្យមានការកកស្ទះដល់ដំណើរការប្រារព្ធពិធី៕