(បន្ទាយមានជ័យ)៖ គ្រួសារកងទ័ព និងប្រជាពលរដ្ឋចំនួន២,៨៥១នាក់ បានមកពិនិត្យព្យាបាលជំងឺទូទៅរបស់ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនរបស់សម្ដេចតេ នៅមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧តេជោភ្នំឆ័ត្រ ជូនដោយឥតគិតថ្លៃ១ថ្ងៃពេញ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ មានការចូលរួមលោកលី សុវណ្ណ រិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ រដ្ឋបាលស្រុកស្វាយចេក វេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនរបស់សម្ដេចតេជា និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់។
លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា ប្រធានប្រតិបត្តិសមាគមនេះបានឲ្យដឹងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនរបស់សម្ដេចតេជោ បានចុះមក ពិនិត្យព្យាបាលជំងឺទូទៅដល់គ្រួសារកងទ័ព និងប្រជាពលរដ្ឋរស់នៅមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧តេជោភ្នំឆ័ត្រ ដោយឥតគិតថ្លៃនេះជាលើក១៣ឆ្នាំ ព្រោះកន្លងមកសម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត លោកតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងសុខភាពរបស់ប្រជាពលរដ្ឋតាមរយៈការបង្ខិតសេវាព្យាបាលជូនប្រជាពលរដ្ឋ ហើយឥតគិតថ្លៃថែមទៀត។
ជាក់ស្ដែងថ្ងៃនេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ បានចុះពិនិត្យ និងព្យាបាលជំងឺជូនរួមមាន ជំងឺទូទៅ, ជំងឺមាត់ធ្មេញ, ពិនិត្យអេកូ និងរោគស្រ្តី, ជំងឺបេះដូង, ពិនិត្យជំងឺភ្នែក, វះកាត់តូច, ជំងឺឫសដូងបាត, ជំងឺសន្លាក់, ជំងឺសើរស្បែក, ជំងឺត្រចៀក ច្រមុះ បំពងក, ថតកាំរស្មី, ពិនិត្យឈាម, និងបញ្ជូនទៅព្យាបាលបន្តក្នុងករណីមានជំងឺធ្ងន់ធ្ងរ ប្រកបដោយបេះដូង ទឹកចិត្តមនុស្សធម៌ និងស្នាមញញឹម។
សកម្មភាពនេះ បានបង្កើតឡើងអស់រយៈពេល១២ឆ្នាំមកហើយលោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា បានបន្តទៀតថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ក្នុងការចុះមកពិនិត្យនិងព្យាបាលដល់គ្រួសារកងទ័ព និងប្រជាពលរដ្ឋ
បានបញ្ជូនអ្នកជំងឺធ្ងន់ទៅព្យាបាលបន្តមានចំនួន២៤នាក់ នៅភ្នំពេញ ហើយរាល់ការចំណាយទាំងអស់ក្នុងសកម្មភាពនេះ គឺឧបត្ថម្ភដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដោយផ្ទាល់ នេះគឺជាទឹកចិត្តមិនអាចកាត់ថ្លៃបានរបស់ថ្នាក់ដឹកនាំចំពោះប្រជាពលរដ្ឋ។
សកម្មភាពមនុស្សធម៌នៅពេលនេះ ក៏មានការចូលរួមសហការយ៉ាងសស្រាក់សស្រាំពីសំណាក់ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់យុវជន កាកបាទក្រហមកម្ពុជា, យុវជន ស.ស.យ.ក, យុវជន អ.ម.ត, ក្រុមហ៊ុន LG ក្រុមហ៊ុន ABA Bank និងផ្នែកពាក់ព័ន្ធដទៃទៀត។
លោកឧត្ដមសេនីយ៍ត្រី ជា ព្រឿង នាយកមណ្ឌល លោកនាយឧត្ដមសេនីយ៍ឯក ព្រហ្ម មរណៈ មេបញ្ជាការរង កងទ័ពជើងគោក និងជាប្រធានគណ:កម្មការគ្រប់គ្រង់ កសាងមណ្ឌលអភិវឌ្ឍន៍យោធិពិការ ៣១៧តេជោភ្នំឆ័ត្រ គោរពថ្លែងអំណរគុណដល់គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដោយផ្ទាល់ដែលតែងតែគិតគូនឹកនាដល់សុខទុក្ខយោធិនពិការ និងប្រជាពលរដ្ឋនៅតាមព្រំដែនកម្ពុជា។
លោកបន្ដថា មិនត្រឹមតែផ្ដល់ទីជំរក ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ទឹកភ្លើងនោះទេ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់នូវការពិនិត្យព្យាបាលដោយឥតគិតថ្លៃ ជូនយោធិនពិការពីគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោថែមទៀត។
ប្រជាពលរដ្ឋដែលបានអញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលសុខភាពទាំងអស់ បានសម្តែងក្តីសប្បាយរីករាយ និងថ្លែងអំណរគុណជាអនេកចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែលបានដឹកនាំក្រុមគ្រូពេទ្យជំនាញ ចុះមកពិនិត្យ និងព្យាបាលសុខភាពរបស់ពួកគាត់ស្ទើរតែដល់ខ្នងផ្ទះ និងមិនមានការបង់ថ្លៃអ្វីទាំងអស់៕