(សៀមរាប)៖ លោកស្រី Armida Salsiah Alisjahbana អគ្គលេខាធិការរងអង្គការសហប្រជាជាតិ (UN) និងលេខាធិការប្រតិបត្តិ នៃ UN-ESCAP ក្នុងឱកាសចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាប បានអបអរសាទរ ដល់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងប្រជាជនកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នេះ និងអបអរសម្រាប់វឌ្ឍនភាពរបស់កម្ពុជា ក្នុងការលុបបំបាត់ការគំរាមកំហែងដ៏រីករាលដាលនេះ។
ក្នុងឱកាសនោះ លោកស្រីលើកឡើងថា តាមរយៈការចែករំលែកបទពិសោធន៍របស់កម្ពុជា និងការចូលរួមចំណែកអ្នកជំនាញដោះមីន ក្នុងបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ កម្ពុជាកំពុងបង្ហាញពីរបៀបដែលសកម្មភាពមីន អាចកសាងសន្តិភាពយូរអង្វែងបាន។
លោកស្រីបន្ថែមថា «គ្រាប់មីនប្រឆាំងមនុស្សជាតិ តំណាងឱ្យគ្រោះថ្នាក់យ៉ាងពិតប្រាកដនាពេលបច្ចុប្បន្ន សម្រាប់ប្រជាជន។ ទោះបីជាសង្គ្រាមបានបញ្ចប់ក៏ដោយ អាវុធដ៏គួរឱ្យរន្ធត់ និងមិនរើសអើងទាំងនោះ នៅតែបង្កភាពភ័យខ្លាចដល់មនុស្សជំនាន់ក្រោយ។ អនុសញ្ញាត្រួសត្រាយផ្លូវ ដែលកំពុងពិភាក្សាក្នុងកិច្ចប្រជុំនេះ តំណាងឱ្យការប្តេជ្ញាចិត្តដ៏ឧឡារិករបស់យើង ក្នុងការបញ្ចប់ការបន្សល់ទុក នៃការបំផ្លិចបំផ្លាញពីគ្រាប់មីន»។
លោកស្រីបន្តទៀតថា អស់រយៈពេល ២៥ឆ្នាំនេះ អនុសញ្ញានេះ បានជំរុញឱ្យមានការរីកចម្រើនដ៏សំខាន់ ដោយឧបករណ៍ប្រឆាំងមនុស្សជាង ៥៥លានគ្រឿង ត្រូវបានបំផ្លាញលើផ្ទៃដី ១៣,០០០ គីឡូម៉ែត្រការ៉េក្នុងប្រទេសជាង ៦០ ហើយមនុស្សរាប់ពាន់នាក់ បានទទួលការអប់រំអំពីការសង្គ្រោះជីវិត និងសេវាកម្មជួយជនរងគ្រោះ។ ប៉ុន្តែការគំរាមកំហែងនៅតែមាន។ នេះរួមបញ្ចូលទាំងការប្រើប្រាស់ជាថ្មី នៃគ្រាប់មីនប្រឆាំងមនុស្ស ដោយភាគីមួយចំនួននៃអនុសញ្ញានេះ ក៏ដូចជាភាគីមួយចំនួន ដែលនៅពីក្រោយការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការបំផ្លាញអាវុធទាំងនេះ។ យើងត្រូវតែបញ្ចប់ការងារនេះ និងប្រែការប្តេជ្ញាចិត្តឱ្យក្លាយជាការពិត។
ជាមួយគ្នានេះ អគ្គលេខាធិការរង UN រូបនេះ បានអំពាវនាវឱ្យភាគីប្រទេសទាំងអស់ បំពេញកាតព្វកិច្ចរបស់ខ្លួន និងធានាឱ្យមានការអនុលោមតាមអនុសញ្ញា ខណៈពេល UN ដោះស្រាយផលប៉ះពាល់ដល់មនុស្សធម៌ និងការអភិវឌ្ឍន៍តាមរយៈជំនួយផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស។
លោកស្រីលើកទឹកចិត្តប្រទេសទាំងអស់ ដែលមិនទាន់បានចូលអនុសញ្ញាឱ្យចូលរួមជាមួយប្រទេស ១៦៤ សូមចូលរួមសម្រេចឱ្យបាន នូវពិភពលោកដែលគ្មានគ្រាប់មីនប្រឆាំងមនុស្ស។
លោកស្រីសង្ឃឹមថា កិច្ចប្រជុំ និងផែនការសកម្មភាពសៀមរាប តំណាងឱ្យជំហានដ៏សំខាន់មួយ ក្នុងការសម្រេចបាននូវចក្ខុវិស័យពិភពលោកដែលគ្មានគ្រាប់មីនប្រឆាំងមនុស្ស និងធានាឱ្យប្រជាជនទាំងអស់ អាចរស់នៅប្រកបដោយសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងក្តីសង្ឃឹម។
លោកស្រីអគ្គលេខាធិការរង បានថ្លែងទៀតថា តម្រូវការសម្រាប់ការផ្តល់ហិរញ្ញប្បទានរយៈពេលវែង និងជាប់លាប់ គឺជារឿងសំខាន់ ហើយយើងមិនអាចព្រងើយកន្តើយ ចំពោះគម្លាតខ្វះខាតនៃមូលនិធិនោះទេ។ យើងត្រូវចូលរួមជាកម្លាំង ដើម្បីកំណត់ និងកៀរគរមូលនិធិបន្ថែម នៅគ្រប់កម្រិតទាំងអស់ កម្រិតសកល តំបន់ និងថ្នាក់ជាតិ ដើម្បីរក្សា និងពង្រីកការងារសង្គ្រោះជីវិតនេះ។
នៅពេលប្រឈមមុខនឹងជម្លោះថ្មី និងជម្លោះដែលកំពុងកើតឡើង យើងត្រូវធានាថា ការប្តេជ្ញាចិត្តរបស់យើង អាចប្រែទៅជាការគាំទ្រជាក់ស្តែង និងប្រកបដោយនិរន្តរភាព សម្រាប់ប្រទេសដែលត្រូវការជំនួយ។ ខ្ញុំអំពាវនាវឱ្យប្រទេសសមាជិក ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធនានា ពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើតភាពជាដៃគូថ្មី ដើម្បីគោរពតាមអនុសញ្ញាអូតាវ៉ា។
លោកស្រីសង្កត់ធ្ងន់ថា «អង្គការសហប្រជាជាតិ បានត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រឹង និងពង្រីកការគាំទ្ររបស់ខ្លួនដល់ប្រទេស ដែលរងផលប៉ះពាល់ដោយសារមីន។ យើងរួមគ្នាអាចសម្រេចបានពិភពលោកមួយ ដែលគ្មានគ្រាប់មីន និងអនាគតដ៏រុងរឿងសម្រាប់មនុស្សជំនាន់ក្រោយ»។
លោកស្រីបន្ថែមថា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) នឹងនៅតែមិនអាចទៅដល់គោលដៅបាន សម្រាប់សហគមន៍ដែលរងផលប៉ះពាល់ ប្រសិនបើការគំរាមកំហែងពីគ្រាប់មីន មិនត្រូវបានដោះស្រាយពេញលេញ៕