(ភ្នំពេញ)៖ ប្រៃសណីយ៍កម្ពុជា បានទទួលពានរង្វាន់កិត្យានុភាពចំនួន២ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិការប្រៃសណីយ៍ នៃសហភាពប្រៃសណីយ៍សកល (UPU POC) នៅទីក្រុងប៊ែន ប្រទេសស្វីស កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។

ប្រៃសណីយ៍កម្ពុជា បានទទួលវិញ្ញាបនបត្រសុវត្ថិភាពប្រៃសណីយ៍កម្រិតមាស (Postal Security Gold Certification) និងពានរង្វាន់ពាណិជ្ជកម្មប្រៃសណីយ៍ ២០២៤ (TRADEPOST AWARDS 2024) សម្រាប់ស្នាដៃការងារក្នុងការធ្វើកិច្ចសហការជាមួយសម្ព័ន្ធភាពសាកល UPU សម្រាប់ការសម្របសម្រួលពាណិជ្ជកម្ម (UPU-Global Alliance for Trade Facilitation (GATF) ដើម្បីជួយគាំទ្រគម្រោងលើកកម្ពស់ការសម្របសម្រួលពាណិជ្ជកម្មប្រកបដោយនវានុវត្ដន៍តាមរយៈបណ្តាញប្រព័ន្ធប្រៃសណីយ៍។

វិញ្ញាបនបត្រសុវត្ថិភាពប្រៃសណីយ៍កម្រិតមាស បង្ហាញពីការប្តេជ្ញាចិត្ដរបស់ប្រៃសណីយ៍កម្ពុជាក្នុងការធានាសន្ដិសុខចំពោះរាល់សំបុត្រ និងកញ្ចប់បញ្ញើនៅក្នុងបណ្តាញសេវាកម្មរបស់ខ្លួន ព្រមទាំងការអនុវត្តស្តង់ដាសុវត្ថិភាព និងឧត្តមានុវត្តន៍អន្តរជាតិ ដើម្បីធ្វើឱ្យបញ្ញើប្រៃសណីយ៍មានសុវត្ថិភាព និងការបញ្ជូនបញ្ញើនៅកាន់ប្រទេសនានាក្នុងពិភពលោកប្រកបដោយទំនុកចិត្ត និងប្រសិទ្ធភាពខ្ពស់។

ពានរង្វាន់ពាណិជ្ជកម្មប្រៃសណីយ៍ ២០២៤ ដែលត្រូវបានរៀបចំដោយសហភាពប្រៃសណីយ៍សកល(UPU) ដោយសហការជាមួយសម្ព័ន្ធភាពសាកល UPU សម្រាប់ការសម្របសម្រួលពាណិជ្ជកម្ម (GATF) និងមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (ITC) គឺជាពានរង្វាន់ដែលទទួលស្គាល់សេវាប្រៃសណីយ៍ជាចលករជំរុញឱ្យមានពាណិជ្ជកម្មប្រៃសណីយ៍ប្រកបដោយបរិយាបន្ន។ ការទទួលបានពានរង្វាន់នេះ គឺជាការទទួលស្គាល់ចំពោះការខិតខំប្រឹងប្រែងរបស់ប្រៃសណីយ៍កម្ពុជាក្នុងការជំរុញបរិយាបន្នពាណិជ្ជកម្មប្រៃសណីយ៍ តាមរយៈការជួយគាំទ្រដល់ការអភិវឌ្ឍសហគ្រិនជាលក្ខណៈគ្រួសារ ខ្នាតតូច និងមធ្យម (MSMEs)។

លទ្ធផលដែលប្រៃសណីយ៍កម្ពុជាសម្រេចបាននេះ គឺកើតចេញពីការធ្វើកំណែទម្រង់របស់ប្រៃសណីយ៍កម្ពុជា ដោយស្របតាមគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការចង្អុលបង្ហាញណែនាំ និងគាំទ្រយ៉ាងខ្លាំងដោយលោកបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

លោក ថេន សំវិសុទ្ធ អគ្គនាយកនៃប្រៃសណីយ៍កម្ពុជា បានបន្ថែមទៀតថា៖ «ពានរង្វាន់ទាំងនេះ គឺជាភស្តុតាងមួយនៃការប្តេជ្ញាចិត្ដឥតងាករេរបស់ថ្នាក់ដឹកនាំប្រៃសណីយ៍កម្ពុជា ក្នុងការធានាមានឱ្យសុវត្ដិភាពនិងនវានុវត្តន៍ក្នុងសេវាប្រៃសណីយ៍។ ជាងនេះទៅទៀត នេះក៏ជាការទទួលស្គាល់នូវការប្តេជ្ញាចិត្ដរបស់និយោជិតប្រៃសណីយ៍កម្ពុជា ដែលបានខិតខំធ្វើការដោយឥតនឿយហត់ដើម្បីរក្សាទំនុកចិត្ត និងសុវត្ថិភាពបញ្ញើរបស់អតិថិជន។ សមិទ្ធផលទាំងនេះ មិនត្រឹមតែជារបត់ដ៏សំខាន់មួយនោះទេ ប៉ុន្តែក៏ជាការលើកទឹកចិត្តផងដែរ ដើម្បីជំរុញការផ្តល់សេវាប្រៃសណីយ៍ឱ្យកាន់តែប្រសើរឡើងសម្រាប់អតិថិជន និងសហគមន៍ពាណិជ្ជកម្មសកល»

លោកបានបន្តថា ពានរង្វាន់ទាំងនេះ បានជួយពង្រឹងប្រៃសណីយ៍កម្ពុជាឱ្យក្លាយជាប្រតិបត្តិករប្រៃសណីយ៍នាំមុខគេមួយក្នុងតំបន់ និងបង្ហាញពីការតាំងចិត្ដខ្ពស់របស់យើងក្នុងការផ្តល់សេវាប្រៃសណីយ៍ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងនវានុវត្ដន៍សម្រាប់អតិថិជន។

ប្រៃសណីយ៍កម្ពុជា ជាប្រតិបត្តិករប្រៃសណីយ៍ជាតិ ដែលជាសហគ្រាសសាធារណៈ មានស្វ័យភាពហិរញ្ញវត្ថុ និងប្រតិបត្តិការរបស់ខ្លួន។ បេសកកម្មរបស់យើង៖ «ផ្តល់សេវាដល់ប្រជាពលរដ្ឋទាំងអស់ដោយមិនរើសអើងពីជាតិសាសន៍ ពណ៌សម្បុរ ទស្សនៈនយោបាយ និងសាសនា»។ ចក្ខុវិស័យរបស់យើង៖ «លើសពីសេវាប្រៃសណីយ៍ប្រពៃណី ប្រៃសណីយ៍កម្ពុជានឹងក្លាយជាក្រុមហ៊ុនជាតិនាំមុខគេក្នុងការដឹកជញ្ជូន និងចែកចាយបញ្ញើ ជូនអតិថិជនទូទៅ អាជីវករ ក្រុមហ៊ុន និងស្ថាប័នរបស់រាជរដ្ឋាភិបាល»។ គុណតម្លៃរបស់យើង៖ «គុណភាពមនុស្ស នវានុវត្តន៍ ទំនុកចិត្តសេវាកម្ម តម្លាភាព»