(សៀមរាប)៖ សម័យប្រជុំពេញអង្គ លើកទី១១ នៃសភាអន្តរជាតិសម្រាប់ការអត់ឱន និងសន្តិភាព (IPTP) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោមប្រធានបទ «ដំណើរស្វែងរកសន្តិភាព ការផ្សះផ្សា និងការអត់ឱន» សម្រេចបាននូវសមិទ្ធផល២ធំៗ នោះគឺសេចក្តីប្រកាសទីក្រុងភ្នំពេញ និងធម្មនុញ្ញសន្តិភាពសកល។
បើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបញ្ជាក់ថា លទ្ធផលសំខាន់ៗ នៃសម័យប្រជុំពេញអង្គលើកទី១១ នៃ IPTP រួមមាន៖ ១៖ សេចក្តីប្រកាសទីក្រុងភ្នំពេញ និង ២៖ ធម្មនុញ្ញសន្តិភាពសកល៖ សម្រាប់មនុស្សជាតិនិងភពផែនដី។
ចំណុចសំខាន់ៗ នៃសេចក្តីប្រកាសភ្នំពេញ នៃសម័យប្រជុំពេញអង្គលើកទី១១ នៃ IPTP គឺ៖
* ការលើកកម្ពស់ការទូតសភា និងភាពជាដៃគូជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីកសាង សហគមន៍ សកលលោកប្រកបដោយសន្តិភាពនិងវិបុលភាព ដែលជំរុញឱ្យពិភពលោកមានសេរីភាព សន្តិភាព សាមគ្គីភាព និងសុភមង្គល ដោយផ្តោតលើសេចក្តីស្រឡាញ់ មេត្តាករុណា និងការអត់ឱន។
* ជំរុញកិច្ចសហប្រតិបត្តិការ ជាមួយគណៈកម្មការកសាងសន្តិភាពនៃអង្គការសហប្រជាជាតិ ដើម្បី បង្រួបបង្រួមសាមគ្គីភាពក្នុងចំណោមបណ្តាញសភា ដើម្បីផ្តួចផ្តើមកម្មវិធីសន្តិភាព រួមទាំងការបង្កើត មូលនិធិកសាងសន្តិភាព ដើម្បីប្រមូលផ្តុំ និងបែងចែកហិរញ្ញប្បទានបានគ្រប់គ្រាន់និងមាននិរន្តរភាព និងយន្តការគាំទ្រនានា។
សេចក្ដីប្រកាសព័ត៌មាន បានបន្ថែមទៀតថា ក្នុងសម័យប្រជុំពេញអង្គលើកទី១១ នៃ IPTP, IPTP/GCTP បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ជាមួយស្ថាប័ន អន្តរសភាអាស៊ាន (AIPA) សហភាពអន្តរសភា (IPU) និងមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) និងជាមួយស្ថាប័នផ្សេងទៀត ដូចជា៖
* សភាអារ៉ាប់, សភាអាម៉េរិកឡាទីន (Parlartino), សភា Mercosur (Parlasur), សភា Andean (Parladino) ដែលចូលរួម លើកកម្ពស់បន្ថែមទៀត ដល់សន្តិភាព និងការអត់ឱន សហត្ថិភាព និងសហវិបុលភាព តាមរយៈការពង្រីក បណ្តាញសភានៅទូទាំងពិភពលោក។
សម័យប្រជុំពេញអង្គលើកទី១១ នៃ IPTP បានបញ្ចប់ជាមួយនឹងលទ្ធផលប្រកបដោយផ្លែផ្កា ដែល នឹងត្រួសត្រាយផ្លូវសម្រាប់អនាគតដ៏ត្រចះត្រចង់ និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលចាក់ឫសដោយ សន្តិភាព។
លទ្ធផលដែលទទួលបាន ពីសម័យប្រជុំពេញអង្គលើកទី១១ នៃ IPTP នេះ បានឆ្លុះបញ្ចាំងអំពីការ ខិតខំប្រឹងប្រែង និងសេចក្តីប្រាថ្នារួមរបស់ IPTP និងភាគីពាក់ព័ន្ធទាំងអស់ ក្នុងការ ដោះស្រាយបញ្ហាប្រឈម សកល តាមរយៈការសន្ទនា កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក និងជំរុញបេសកកម្មរួមគ្នា ដើម្បីសន្តិភាព ការផ្សះផ្សា ការអត់ឱន សហត្ថិភាព និងវិបុលភាព៕